វីរុស​កូវី​ដ​-១៩​​និង​ផលប៉ះពាល់​​សេដ្ឋកិច្ច​

10-03-2020 4:27 pm 787

បច្ចុប្បន្ន ពិភពលោក​កំពុងតែជួបប្រទះ​នូវ​វិបត្ដិ​ដ៏​ធំ​មួយ នោះ​គឺ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩ ដែល​កំពុង​រីក​រាលដាល​យ៉ាង​គឃ្លើន​។ បណ្ដា​ប្រទេស​និង​តំបន់​ជាង​១០០​កំពុង​រងគ្រោះ​ដោយសារ​វីរុស​កូរ៉ូណា ព្រោះ​វីរុស​នេះ​បានសម្លាប់​និង​ឆ្លង​រាលដាល​ដល់​មនុស្ស​រាប់​ម៉ឺន​នាក់ គិត​តាំងពី​ផ្ទុះ​ដំបូង​ក្នុង​ទីក្រុង​វូ​ហាន​ខេត្ដ​ហ៊ួ​ប៉ី​ប្រទេស​ចិន កាលពី​ខែធ្នូ​ចុងឆ្នាំ​២០១៩​។ វត្ដ​មាន​វីរុស​កូរ៉ូណា​ធ្វើឲ្យ​គេ​នឹកឃើញ​ដល់​វត្ដមាន​ជំងឺ​SARS​ក្នុងអំឡុង​ឆ្នាំ​២០០២-២០០៣ ដែល​កាលនោះ​ក៏បង្ក​ព្យុះភ្លៀង​យ៉ាង​សន្ធឹក ប៉ុន្ដែ​មិន​ប៉ះពាល់​ខ្លាំង​ដូច​វិបត្ដិ​កូរ៉ូណា​នៅពេល​នេះឡើយ​។ ការផ្ទុះ​ឡើង​នូវ​វីរុស​កូរ៉ូណា កំពុង​ជះឥទ្ធិពល​ដ៏​អាក្រក់​ដល់​វិស័យ​ជាច្រើន​ទូទាំង​ពិភពលោក តែ​អ្វីដែល​គេ​ចាប់អារម្មណ៍​ខ្លាំង​បំផុត​ក្រៅពី​ករណី​ស្លាប់​និង​ឆ្លង គឺ​ការជះឥទ្ធិពល​លើ​វិស័យសេដ្ឋកិច្ច​។ ក្នុងនោះ​ក៏​ជំពាក់ជំពិន​នឹង​ទីផ្សារ​ប្រេង រួម​នឹង​ទីផ្សារ​ភាគហ៊ុន​ផងដែរ​។ តើ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩ ពិតជា​ដើមចម​ធំ​បង្កឲ្យមាន​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច​សកលលោក​? 

​ពិត​ជាក់ស្ដែង​ណាស់​ដែលថា វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​បាន​ជះឥទ្ធិពល​ខ្លាំង​ដល់​វិស័យសេដ្ឋកិច្ច ក្រៅតែពី​បង្ក​អស្ថិរភាព​សង្គម និង​ប៉ះពាល់​ដល់​វិស័យ​សុខមាលភាព​សាធារណៈ ដោយ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​និង​ឆ្លង​រាប់ម៉ឺន​នាក់​។ អ្នកជំនាញ​វេជ្ជសាស្ដ្រ​បាន​បញ្ជាក់ថា មាន​ហា​នី​ភ័យ​ខ្ពស់​សម្រាប់តែ​មនុស្ស​វ័យ​ចំណាស់ អ្នកមាន​ប្រព័ន្ធ​ការពារ​រាងកាយ​ចុះខ្សោយ ឬ​មាន​ជំងឺ​ប្រចាំកាយ​ប៉ុណ្ណោះ ចំពោះ​មនុស្ស​មាន​សុខភាព​មាំទាំ​ប្រាកដជា​អាច​ព្យាបាល​ជាសះស្បើយ ជាក់ស្ដែង​ពេលនេះ​មាន​មនុស្ស​ជាង​៦​ម៉ឺន​នាក់​ហើយ​បាន​ជាសះស្បើយ​។ តែ​យ៉ាងណាមិញ​ការភ័យខ្លាច​នៅតែមាន​សម្រាប់​ប្រជាជន​ទូទាំង​ពិភពលោក ព្រោះ​វីរុស​នេះ​ពុំទាន់​មាន​វ៉ាក់សាំង​ការពារ ឬ​ថ្នាំ​អាច​ព្យាបាល​ជា​គ្រប់គ្នា​ឡើយ​។ មាន​ប្រទេស​និង​តំបន់​ប្រមាណ​ជាង​១០០​ទូទាំង​ពិភពលោក កំពុង​រងគ្រោះ​ដោយសារ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​១៩​។ 

​សួរថា​តើ​វីរុស​កូរ៉ូណា​ប៉ះពាល់​សេដ្ឋកិច្ចតាមរ​បៀបយ៉ាង​ម៉េច​? បណ្ដា​ប្រទេស​នានា​ទូទាំង​ពិភពលោក បាន​ចាត់វិធានការ​ជា​បន្ដបន្ទាប់​ទប់ស្កាត់​ការឆ្លង​រាលដាល​។ វិធានការ​ទាំងនោះ​មានដូចជា បិទ​ជើងហោះហើរ​ឬ​ការឆ្លងកាត់​ព្រំដែន​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ​បណ្ដោះអាសន្ន ហើយ​បើ​មិន​បិទ​ទាំងស្រុង​ក៏ត្រូវ​រឹតបន្ដឹង​ខ្លាំង​បំផុត​។ ប្រទេស​មួយចំនួន​បានដាក់​មនុស្ស​ឲ្យនៅ​ដាច់ដោយឡែក ពោលគឺ​បិទ​ទីក្រុង​និង​តំបន់​នានា តួយ៉ាង​មាន​អ៊ីតាលី មាន​ចិន​ជាដើម​។ សម្រាប់​បណ្ដា​ក្រុមហ៊ុន​ធំៗ​បាន​បិទទ្វារ​បណ្ដោះអាសន្ន និង​អនុញ្ញាតឲ្យ​បុគ្គលិកធ្វើការ​ពី​ផ្ទះ​មកវិញ​។ ករណីនេះ​មាន​រួចហើយ​នៅ​ក្នុងប្រទេស​ចិន​ដែល​ផ្ទុះ​វីរុស​កូរ៉ូណា​ដំបូង​គេ នៅ​សហរដ្ឋអាមេរិក​ក៏មាន​ក្រុមហ៊ុន​ជាច្រើនលើក​ទឹកចិត្ដ​ឲ្យ​បុគ្គលិកធ្វើការ​ពី​ផ្ទះ​។ កត្ដា​នេះ​ពិតណាស់ថា​ល្បឿន​ឬ​ប្រសិទ្ធភាព​ការងារ​ត្រូវ​ធ្លាក់ចុះ ហើយ​ការផ្គត់ផ្គង់​របស់​ក្រុមហ៊ុន​ទៅដល់​អតិថិជន​ក៏​ធ្លាក់ចុះ ជាហេតុ​ធ្វើឲ្យប៉ះពាល់​ដល់​ស្ថានភាព​ហិរញ្ញវត្ថុ​ក្រុម​ហ៊ុន​។​

​និយាយ​ពី​ការកាត់បន្ថយ ការបិទ​បណ្ដោះអាសន្ន ឬ​រឹត​ដ្បិត​លើ​ជើង​ហោះ ការធ្វើដំណើរ ការដឹកជញ្ជូន ពិតជា​ប៉ះពាល់​ខ្លាំង​ដល់​ប្រាក់ចំណូល​ដែល​បាន​ពី​វិស័យ​ទាំងនេះ​។ នៅ​មិនទាន់​រាប់បញ្ចូល​ផង​ដែល​ប្រទេស​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​វីរុស​កូរ៉ូណា មាន​ចិន មាន​កូរ៉េខាងត្បូង​-​ល​- បាន​ហាមឃាត់​មិនឲ្យ​ប្រជាជន​ធ្វើដំណើ​រចេញ​ក្រៅ​ប្រទេសឡើយ​បើ​គ្មាន​កិច្ចការ​ចាំបាច់​។ ការណ៍​នេះ​បានធ្វើឲ្យ​ជះឥទ្ធិពល​ដល់​វិស័យ​ទេសចរណ៍​បន្ថែមទៀត​។ ប្រទេស​ដែល​ធ្លាប់​រកចំណូលបាន​យ៉ាង​សន្ធឹកសន្ធាប់​ពី​ភ្ញៀវទេសចរ​ចិន ត្រូវ​បាត់បង់​ប្រាក់ចំណូល​ស្ទើរ​ទាំងស្រុង ព្រោះ​អ​វត្ដ​មាន​ភ្ញៀវ​ដែល​ហ៊ាន​ចំណាយ​ខ្ពស់​ក្នុង​ការដើរ​កម្សាន្ដ​។ សណ្ឋាគារ ផ្ទះសំណាក់ ឬ​មុខរបរ​ពឹងផ្អែក​លើ​វិស័យ​ទេសចរ ត្រូវ​ប្រឈម​ការខាតបង់​។​

​មួយផ្នែក​ទៀត​មើល​ទៅលើ​ការផ្គត់ផ្គង់​វត្ថុធាតុដើម​។ ចិន​ជា​ប្រទេស​រួមចំណែក​យ៉ាងសកម្ម​ក្នុង​ការផ្គត់ផ្គង់​វត្ថុធាតុដើម​ទៅកាន់​បណ្ដា​ប្រទេស​នានា​ទូទាំង​ពិភពលោក​។ ប៉ុន្ដែ​ដោយសារ​រោងចក្រ​និង​ក្រុមហ៊ុន​ផលិត​វត្ថុ​ធាតិ​ដើម​នៅក្នុង​ប្រទេ​សចិន​ត្រូវ​បិទទ្វារ​មួយ​រយៈពេល​ខ្លី​បន្ទាប់ពី​ផ្ទុះ​វីរុស​កូរ៉ូណា ធ្វើឲ្យ​វត្ថុធាតុដើម​សម្រាប់​នាំចេញ​ត្រូវខ្វះខាត​។ ប្រទេស​ពឹងផ្អែក​វត្ថុធាតុដើម​ចិន​ក៏ត្រូវ​ផ្អាក​ប្រតិ​បត្ដិកា​រ​ក្នុងប​ណ្ដា​រោច​ក្រ​ឬ​ក្រុមហ៊ុន​មួយចំនួន​បណ្ដោះអាសន្ន​ដែរ​។ ចិន​ក្នុងនាម​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​ពីរ​នៅក្នុង​លោក កំពុង​ប្រឈម​ខ្លាំង​នឹង​បញ្ហា​សេដ្ឋកិច្ច​ចន្លោះ​ពេលនេះ​។ តាម​ទិន្នន័យ​បង្ហាញ​កាលពី​សប្ដាហ៍​មុន ការនាំចេញ​របស់​ចិន​បាន​ធ្លាក់ចុះ​ដល់​១៧​ភាគរយ​ពី​ខែមករា​ដល់​ខែ​កុម្ភៈ ហើយ​ការ​នាំចូល​វិញ​ធ្លាក់ចុះ​៤​ភាគរយ​។ ចំណែក​ទំនិញ​តាម​ទីផ្សារ​ក៏​ពុំ​សូវ​លក់ដាច់​ដូច​មុន ព្រោះ​មនុស្ស​ភ័យខ្លាច​ពេក​លែង​ហ៊ាន​ដើរ​ទិញ​អីវ៉ាន់​។ ជារួម​អ្វីដែល​បាន​រៀបរាប់​នៅ​មិនទាន់​អស់​នោះទេ ប៉ុន្ដែ​អាច​ស​បញ្ជាក់បាន​ថា​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​ពិតជា​បាន​ជះឥទ្ធិពល​អាក្រក់​ដល់​វិស័យសេដ្ឋកិច្ច​។​

ការធ្លាក់ចុះ​តម្លៃ​ប្រេងនិង​ការធ្លាក់ចុះ​ទីផ្សារ​ភាគហ៊ុន​ធំៗ 

​បន្ទាប់ពី​ផ្ទុះឡើង​នូវ​វីរុស​កូរ៉ូណា ការប្រើប្រាស់​ប្រេង​ក្នុង​ពិភពលោក​បាន​ធ្លាក់ចុះ​ពិសេស​គឺ​ក្នុងប្រទេស​ចិន ដោយសារតែ​ការធ្វើដំណើរ ការដឹកជញ្ជូន និង​សេវាកម្ម​ផ្សេងៗ​ទៀត​ដែល​ត្រូវ​ប្រើប្រាស់​ប្រេង​ត្រូវបាន​កាន់​បន្ថយ​។ ក្នុង​មួយថ្ងៃៗ​ចិន​ត្រូវការ​ប្រេង​រាប់លាន​ធុង ដែល​ស្មើនឹង​ជាង​១០​ភាគរយ​នៃ​តម្រូវការ​របស់​ពិភពលោក​។ នៅពេល​តម្រូវការ​ប្រេង​ធ្លាក់ចុះ​អង្គការ​ប្រេង​ពិភពលោក​(OPEC) បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​រក​វិធីសាស្ដ្រ​ដោះស្រាយ​។ កិច្ចប្រជុំ​ដឹកនាំ​ដោយ​អា​រ៉ាប៊ីសាអូឌីតជា​ស្ដេច​ប្រេង​នៅលើ​ពិភពលោក ដាក់សំណើ​ឲ្យ​ប្រទេស​សមាជិក​អង្គការ​ប្រេង​កាត់បន្ថយ​ការផលិត​ឬ​ការ​បូ​ប​ប្រេង​សិន​។ ប៉ុន្ដែ​ក្នុងនោះ​ប្រទេស​រុស្ស៊ី​បាន​ច្រានចោល​សំណើ​នេះ ធ្វើឲ្យ​អារ៉ាប៊ីសាអូឌីត​ខឹងស​ម្បា​យ៉ាងខ្លាំង​និង​ប្រកាស​ទម្លាក់​តម្លៃ​ប្រេង​ភ្លាមៗ​។ ដូច​ដឹង​ហើយ​ថា​អា​រ៉ាប៊ីសាអូឌីត​ជាប្រទេស​ផលិត​ប្រេងធំ​បំផុ​តមួយ ដូច្នេះ​អាច​ក្រឡុក​តម្លៃ​ប្រេង​ក្នុង​ពិភពលោក​បាន​។ 

​ក្រោយពី​នោះ​ទីផ្សារ​ពិភពលោក​ក៏​ច្របូកច្របល់ ដោយសារ​តម្លៃ​ប្រេង​ធ្លាក់ចុះ​ខ្លាំង​កាលពី​ថ្ងៃទី​០៩​មីនា ជា​ការធ្លាក់ចុះ​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​ជិត​៣០​ឆ្នាំ​។ អា​រ៉ាប៊ីសាអូឌីត​បានបញ្ចុះត​ម្លៃ​ប្រេងចន្លោះ​ពី​៤​ទៅ​៦​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។ កត្ដា​នេះ​បានធ្វើឲ្យ​អាមេរិក​ទម្លាក់​តម្លៃប្រេងរបស់​ខ្លួន​ដែរ គឺ​ធ្លាក់ចុះ​២៣​ភាគរយ​ដោយ​លក់​តែ​ជិត​៣២​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​បារ៉ែល​។ ចំណែក​ប្រេង​ឆៅ​ក្នុង​ពិភពលោក​របស់​ក្រុមហ៊ុន​Brent  ក៏​ធ្លាក់ចុះ​ជិត​២១​ភាគរយ គឺ​លក់​ក្នុងតម្លៃ​ជិត​៣៦​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​បារ៉ែល​។ 

​កត្ដា​ធ្លាក់ចុះ​តម្លៃ​ប្រេង​ក៏​ជំពាក់​វា​ក់វិន​ដល់ទី​ផ្សារភាគហ៊ុន​ក្នុង​ពិភពលោក​បន្ថែមទៀត​។  ទីផ្សារ​ភាគហ៊ុន​ធំៗ​ដូចជា​The S&P 500 (SPX)​បាន​ធ្លាក់ចុះ​ប្រមាណ​៦​ភាគរយ Dow (INDU)​ធ្លាក់ចុះ​ជាង​២​ពាន់​ពិន្ទុ​។ ចំណែក​The Nasdaq Composite (COMP)​បាន​ធ្លាក់ចុះ​៥.៤​ភាគរយ រីឯ​ទី​ផ្សារភាគហ៊ុន​ក្រុង​ញូវយ៉ក​បាន​ផ្អាក​ក្នុង​រយៈពេល​១៥​នាទី​បន្ទាប់ពី​បើកទ្វារ​កាលពី​ថ្ងៃ​ចន្ទ ដោយសារតែ​ធ្លាក់ចុះ​រហូតដល់​៧​ភាគរយ​។ នៅ​អូស្ដ្រាលី​ផ្សារ​ភាគហ៊ុន​S&P/ASX 200​បាន​ធ្លាក់ចុះ​៧.៣​ភាគរយ​កាលពី​ថ្ងៃ​ចន្ទ និង​Nikkei 225 (N225)​របស់​ជប៉ុន​ធ្លាក់ចុះ​៥.១​ភាគរយ​។ Hang Seng (HSI)​របស់​ហុងកុង​ធ្លាក់ចុះ​៤.២​ភាគរយ ស្របពេល​China's Shanghai Composite​ធ្លាក់ចុះ​៣​ភាគរយ​។ 

​ការបញ្ជាក់​ពី​អ្នកតាមដាន​ស្ថានការណ៍ ប្រេង​នឹង​ធ្លាក់​ថៃ​បន្ដទៀត​ដោយសារតែ​ការបញ្ចុះ​តម្លៃ​មិន​ធ្លាប់មាន​របស់​អា​រ៉ាប៊ីសាអូឌីត ចំពេល​ដែល​ពិភពលោក​កំពុង​ជួប​វិបត្ដិ​សេដ្ឋកិច្ច​ផង​នោះ​។ ការធ្លាក់​ថ្លៃ​នេះ​នឹង​ជះឥទ្ធិពល​អាច​ធ្ងន់ធ្ងរ​ជាង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ជាមួយ​ចិន ដោយសារតែ​ប្រេង​ត្រូវបាន​ប្រើប្រាស់​ក្នុង​វិស័យ​ទ្រទ្រង់​ជាច្រើន​។ ជារួម​មក​ការធ្លាក់ចុះ​តម្លៃ​ប្រេង ការធ្លាក់ចុះ​ទី​ផ្សារភាគហ៊ុន រហូត​ឈានដល់​ផលប៉ះពាល់​សេដ្ឋកិច្ច​ក្នុង​តំបន់​និង​ពិភពលោក វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​ពិតជា​មិនអាច​គេច​រួច​ពី​ការស្ដីបន្ទោស​ថា​ជា​ដើមចម​ដ៏​ធំ​នោះឡើយ​៕ 

ព័ត៌មានផ្សេងទៀត