លោក​ស៊ី​បំពេញ​ទស្សនកិច្ច​ទៅ​តំបន់​ដែល​ផ្ទុះ​វីរុស​កូរ៉ូណា​លើកដំបូង​

10-03-2020 2:52 pm 195
លោកស៊ី ជីនពីងអំឡុងពេលទស្សនកិច្ចក្នុងមន្ទីរពេទ្យមួយនៅវូហាន

​នៅ​ព្រឹក​ថ្ងៃទី​១០​ខែមីនា​នេះ លោក​ស៊ី ជីន​ពីង​ប្រធានាធិបតី​ចិន បាន​ធ្វើដំណើរ​ទៅកាន់​ក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី​ជា​លើកដំបូង ចាប់តាំងពី​វីរុស​កូរ៉ូណា​ផ្ទុះឡើង​នៅ​អំឡុង​ខែធ្នូ​ឆ្នាំ​២០១៩​។ កាសែត​ប្រជាជន​ផ្លូវការ​របស់​បក្ស​កុំម្មុយនិស្ត​បាន​និយាយថា ក្នុង​ដំណើរ​ទស្សនកិច្ច​លើកដំបូង ទៅកាន់​រដ្ឋធានី​នៃ​ខេត្ត​ហ៊ូ​ប៉ី ដែល​កំពុង​រងគ្រោះ​យ៉ាងដំណំ ដោយសារតែ​វីរុស​កូរ៉ូណា លោក​ស៊ី​ចុះ​ត្រួតពិនិត្យ​មើល​ការងារ​បង្ការ និង​ត្រួតពិនិត្យ​នៅក្នុង​ទីក្រុង និង​ទៅ​ជួប​បុគ្គលិក​ពេទ្យ​, មេបញ្ជាការ​យោធា​,​បុគ្គលិក​សហគមន៍​,​មន្ត្រី​សន្តិសុខ​សាធារណៈ ក្រុមការងារ​ស្ថិតនៅ​ជួរមុខ ក៏ដូចជា​អ្នកស្ម័គ្រចិត្ត​, អ្នកជំងឺ​និង​ប្រជាជន​ក្នុង​តំបន់​។ 

​លោក​ស៊ី​បាន​ចុះ​ត្រួតពិនិត្យ​មន្ទីរពេទ្យ Huoshenshan ជា​មន្ទីរពេទ្យ​១​ក្នុងចំណោម​មន្ទីរពេទ្យ​២ ដែល​សាងសង់ឡើង​យ៉ាង​បន្ទាន់ អំឡុងពេល​ផ្ទុះ​រាលដាល​វីរុស​កូរ៉ូណា ដើម្បី​បម្រើ​ដល់​ការ​ទប់​ទល់នឹង​វីរុស​កូរ៉ូណា​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីនហួ​បានឲ្យដឹងថា លោក​ស៊ី​បាន​លើកទឹកចិត្ត​ដល់​បុគ្គលិក​ពេទ្យ​និង​អ្នកជំងឺ​ឲ្យមាន​ទំនុកចិត្ត​ថា នឹង​អាច​យកឈ្នះ​លើ​រោគរាតត្បាត​កូរ៉ូ​ណា​នេះបាន​។​

​ដំណើរ​ស្សន​កិច្ច​របស់​ប្រធានាធិបតី​ចិន ទៅកាន់​ប្រភព​ដំបូង​នៃ​ការផ្ទុះ​វីរុស​កូរ៉ូណា ធ្វើឡើង​ខណៈ​ករណី​ឆ្លង​វីរុស​កូរ៉ូ​ណានៅ​ក្នុងប្រទេ​សចិន បាន​ធ្លាក់ចុះ​មានតែ​១៩​ករណី​ប៉ុណ្ណោះ​កាលពី​ថ្ងៃ​ចន្ទ​។ ត្បិតតែ​ករណី​នៅ​ចិន​ធ្លាក់ចុះ ប៉ុន្តែ​ប្រទេស​ផ្សេងៗ​ទៀត​ដូចជា​អ៊ីតាលី កូរ៉េខាងត្បូង អ៊ីរ៉ង់​និង​ជប៉ុន​ជាដើម បាន​កើនឡើង​ទាំង​ករណី​ឆ្លង​និង​ស្លាប់​។ ប្រទេស​ចិន​មាន​អ្នកស្លាប់​ច្រើនជាងគេ ចំនួន​ជាង​៣​ពាន់​នាក់ និង​ករណី​ឆ្លង​វិញ ចិន​នៅតែ​ឈរ​នៅ​លំដាប់​ទីមួយ ដែលមាន​អ្នក​ឆ្លង​ច្រើនជាងគេ ចំនួន​ជាង​៨​ម៉ឺន​នាក់​។ នេះ​បើតាម​ការចុះផ្សាយ ដោយ​កាសែត South China Morning Post នៅ​ថ្ងៃទី​១០​ខែមីនា​នេះ​៕

ព័ត៌មានផ្សេងទៀត