លោក​ហ៊ុន សែន នឹង​ទៅ​សៀមរាប ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​ភ័យខ្លាច​ហួសហេតុ​ពេក​

09-03-2020 5:32 pm 440

​ប្រមុខ​រដ្ឋាភិបាល បាន​ប្រាប់​ទៅ​ប្រជាពលរដ្ឋ សូម​កុំ​មាន​ការភ័យខ្លាច​ហួសហេតុ​ពេក ជុំវិញ​រឿង​ជំងឺ​កូវី​ដ​១៩ បន្ទាប់ពី​មាន​១​ករណី​នៅ​ខេត្តសៀមរាប​។ លោកនាយក​រដ្ឋមន្ត្រី​ថា លោក​មិន​លុបចោល​ដាច់ខាត​ចំពោះ​ពិធីបុណ្យ​ទន្លេ នៅ​ខេត្ត​បាត់ដំបង ហើយ​លោក​ក៏​នឹង​អញ្ជើញ​ទៅ​ខេត្ត​សៀ​បរាប​ដោយ​ផ្ទាល់ ដើម្បី​ទប់ស្កាត់​ការភ័យខ្លាច ហួសហេតុ​របស់​ប្រជាពលរដ្ឋ​។ ដោយៈ​សៅ វិសាល​

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​មានប្រសាសន៍ថា គ្មាន​ឡើយ​ការរំសាយ​ពិធីបុណ្យ​ទន្លេ ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ខេត្ត​បាត់ដំបង នៅ​ចុង​សប្តាហ៍​នេះ​។ ការអះអាង​ពី​លោកនាយក​រដ្ឋមន្ត្រី​នេះ ធ្វើឡើង​បន្ទាប់​ពី​មានការ​សំណូមពរ ជាច្រើន​ឲ្យ​រដ្ឋាភិបាល​ពន្យា​ពេល​ប្រារព្ធ​ពិធី​មួយ​នេះ ដោយ​ខ្លាច​មេ​រោគកូ​វីដ​១៩ ដែល​កំពុង​កើតមាន​១​ករណី នៅ​ខេត្ត​សៀមរាប​។​
​ថ្លែង​ចេញ​ពី​ខេត្ត​ពោធិ៍សាត់ ក្នុង​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ផ្លូវជាតិលេខ​៥៥ និង​បើក​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ​១០ នៅ​ថ្ងៃ​ទី​០៩ ខែ​មីនា​នេះ ប្រមុខ​រដ្ឋាភិបាល បានបញ្ជាក់​ថា ក្រៅ​តែ​អញ្ជើញ​ក្នុង​ពិធី​បើក​បុណ្យ​ទន្លេ​ហើយ​នោះ លោក​ក៏​គ្រោង​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ នៅ​ខេត្ត​បាត់ដំបង​ថែមទៀត​ផង​។ លោក​ថា គ្មាន​អ្វី​ដែល​ត្រូវ​ភ័យខ្លាច​ហួសហេតុ​ពេក​នោះ​ទេ​។​

​ជាមួយគ្នា​នេះ​ដែល លោកនាយក​រដ្ឋមន្ត្រី បានប្រកាសថា លោក​នឹង​អញ្ជើញ​ទៅ​ខេត្ត​សៀមរាប​ដោយ​ផ្ទាល់ ដើម្បី​ទប់ស្កាត់​ការភ័យខ្លាច ហួសហេតុ​របស់​ប្រជាពលរដ្ឋ លើ​ករណី​ឆ្លង​ជំងឺ​រលាក​សួត ដែល​បង្កឡើង​ដោយ​មេរោគ Covid-19​។ ការភ័យខ្លាច​ហួសហេតុ នាំឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន បាន​សម្រុក​ទិញ​ចំណីអាហារ ត្រៀម​ទុក​នៅ​ក្នុងផ្ទះ ដែល​ប្រការ​នេះ ធ្វើឲ្យ​ទំនិញ​ឡើងថ្លៃ ដែល​ជា​ផល​លំបាក​សម្រាប់​ប្រជាពលរដ្ឋ​ខ្លួនឯង​ទៅ​វិញ​ទេ​។​

​យ៉ាងណាមិញ លោក ហ៊ុន សែន បាន​ថ្លែង​ការកោតសរសើរ ដល់​គ្រូពេទ្យ​ដែល​បាន​ប្រឹងប្រែង​យក​សំណាករ​បស់​អ្នកពាក់ព័ន្ធ និង​ក្រុមគ្រួសារ​របស់​បុរស ដែល​បាន​ឆ្លង Covid-19 នៅ​ខេត្ត​សៀមរាប​ទៅពិនិត្យ​។ ប្រមុខ​រដ្ឋាភិបាល ក៏​បាន​ចាត់ទុក​ភរិយា និង​សាច់ញាតិ​របស់​បុរស​វ័យ​៣៨​ឆ្នាំ​រូប​នេះ មាន​ភាពក្លាហាន ដែល​បាន​ចេញ​មក​បកស្រាយ​លើ​បញ្ហា Covid-19 ផងដែរ​។​

​ស្ត្រី​ជា​ភរិយា និង​សាច់ញាតិ បុរស​វ័យ​៣៨​ឆ្នាំ ដែល​មាន​ផ្ទុក​មេ​រោគកូ​វីដ​១៩ បាន​ចេញ​វីដេអូ​ក្លឹប​ខ្លី​មួយ ដើម្បី​បង្ហាញ​ពី​លទ្ធផល​អវិជ្ជមាន ចំពោះ​ការឆ្លង​មេរោគ​ពី​ប្តី និង​បាន​សំណូមពរ ដល់​ប្រជាពលរដ្ឋ កុំ​មាន​ការព្រួយបារម្ភ​ខ្លាំង ពី​បញ្ហា​កូវី​ដ​១៩​នេះ​។​

​ជាមួយគ្នានេះ សាច់ញាតិ​បុរស​ដែល​មាន​ផ្ទុក​មេ​រោគកូ​វីដ​១៩ ទាំង​៣​នាក់ បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល តាមរយៈ​ក្រសួង​សុខាភិបាល ដែល​បាន​ប្រឹងប្រែង​យកចិត្តទុកដាក់ ចំពោះ​ការ​មើលថែ និង​ព្យាបាល​យ៉ាង​ដិតដល់​ជាទីបំផុត​។ 

​សូមបញ្ជាក់​ថា កម្ពុជា​បាន​រកឃើញ​មេរោគ Covid-19 មួយ​ករណី​ទៀត កាលពី​ថ្ងៃ​ទី​០៧ ខែ​មីនា ឆ្នាំ​២០២០ នៅលើ​ខ្លួន​បុរស​ជនជាតិ​ខ្មែរ​ម្នាក់ ក្នុងចំណោម​៤​នាក់ ដែល​ធ្វើការ​ស្និទ្ធ​ជាមួយ​ជនជាតិ​ជប៉ុន​ម្នាក់ មាន​ផ្ទុក​មេរោគ Covid-19 ហើយ​បាន​ចាកចេញ​ពី​ខេត្ត​សៀមរាប ទៅកាន់​ប្រទេស​ជប៉ុន កាលពី​ថ្ងៃ​ទី​០៣ ខែ​មីនា ដោយ​ឆ្លងកាត់​ប្រទេស​វៀតណាម​។​

​ការរកឃើញ​ជំងឺ Covid-19 ថ្មី​នៅ​កម្ពុជា​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​ក្រសួង​សុខាភិបាល បាន​យក​កំហាក​មនុស្ស​សង្ស័យ​៤​នាក់ នៅ​ខេត្ត​សៀមរាប ដែល​ធ្វើ​ការងារ​ស្និទ្ធ​ជាមួយ​ជនជាតិ​ជប៉ុន​រូបនោះ​។ ប៉ុន្តែ​ទោះ​យ៉ាងនេះ​ក្តីមនុស្ស​៣​នាក់ ក្នុងចំណោម​៤​នាក់​នោះ ពុំ​មាន​ការឆ្លង​នោះ​ទេ ខណៈ​ដែល​ក្រសួង​សុខាភិបាល កំពុង​តាមដាន​រយៈពេល​១៤​ថ្ងៃ​បន្តទៀត ដោយ​ទុក​ពួកគេ​នៅ​ស្ថិតនៅ​ដាច់​ដោយឡែក​៕

ព័ត៌មានផ្សេងទៀត