នៅ​ព្រឹក​នេះ​​លោក​ហ៊ុន សែន​​ចូលរួម​​ពិធី​សម្ពោធ​​ដាក់ឲ្យ​ប្រើប្រាស់​​ផ្លូវជាតិលេខ​៥៥

09-03-2020 7:46 am 160
ប្រជាពលរដ្ឋដែលចូលរួម​ក្នុងពិធីសម្ពោធផ្លូវជាតិលេខ៥៥(ប្រភពពីក្រសួងព័ត៌មាន)

​លោក​នាយករដ្ឋមន្ដ្រី​ហ៊ុន សែន​នៅ​ព្រឹក​ថ្ងៃទី​០៩​មីនា​នេះ បាន​ចូលរួម​នៅក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវជាតិលេខ​៥៥ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥​ក្នុង​ទីរួមខេត្ដ​ពោធិ៍សាត់ ឆ្ពោះទៅកាន់​ព្រំដែន​ថ្ម​ដា ជាប់​ជាមួយ​ខេត្ដ​ត្រាត​ប្រទេស​ថៃ​។ ផ្លូវជាតិ​នេះ​មាន​ប្រវែង​ប្រមាណ​១៨២​គីឡូម៉ែត្រ​។ ផ្លូវ​នេះ​ចំណាយ​ថវិកា​សាងសង់​សរុប​ជាង​១៣២​លាន​ដុល្លារ​អាមេរិក ជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​ចិន រួមជាមួយ​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​។ ផ្លូវជាតិ​លេខ​៥៥​ប្រើពេល​សាងសង់​៣៨​ខែ គឺ​ចាប់ផ្ដើម​ពី​ខែ​មីនាឆ្នាំ​២០១៥​ដល់​ខែឧសភា​ឆ្នាំ​២០១៨​។​

​គួរ​បញ្ជាក់ថា ទន្ទឹមនឹង​ការសម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ផ្លូវជាតិលេខ​៥៥ លោក​នាយករដ្ឋមន្ដ្រី​ហ៊ុន សែន​ក៏​ប្រកាស​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​មួយ​ខ្សែ​ទៀត​គឺ​ផ្លូវជាតិ​លេខ​១០​។ ផ្លូវជាតិ​លេខ​១០​ត​ភ្ជាប់​ពី​សំឡូត​ខេត្ដ​បាត់ដំបង​ឆ្លង​វាលវែង អូរ​សោម ខេត្ដ​ពោធិ៍សាត់ រហូតដល់​ខេត្ដ​កោះកុង​មាន​ប្រវែង​ជាង​១៩៨​គីឡូម៉ែត្រ​។ ផ្លូវជាតិ​លេខ​១០​នឹង​ចំណាយ​ថវិកា​សាងសង់​សរុប​ជាង​១៨៨​លាន​ដុល្លារ​អាមេរិក ជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​ចិន ជាមួយនឹង​បដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ​៕

ព័ត៌មានផ្សេងទៀត