អ្នកជំនាញ​​ប្រាប់​ពលរដ្ឋ​​កុំឱ្យ​បារម្ភ​​ពី​ការខ្វះខាត​ស្បៀង​ ខណៈ​កម្ពុជា​​រក​ឃើញកូ​វីដ​​១៩​មួយ​ករណី​​ដំបូង​​

08-03-2020 3:55 pm 385

​លោក​យ៉ង សាំង​កុមារ ដ្បិតថា​បច្ចុប្បន្ន​លោក​ជា​អ្នកនយោបាយ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន តែ​លោក​ក៏​ជា​អ្នករកស៊ី​លើ​វិស័យ​ស្រូវ​អង្ករ និង​កសិកម្ម និង​នៅតែមាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អង្គការ​សេ​ដាក់ ដែលជា​អង្គការ​ឈានមុខ​គេ​ក្នុង​ការផលិត​អង្ករ និង​បន្លែ​សរីរាង្គ បានធ្វើ​ការអំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ សូម​កុំអាល​នាំគ្នា​ផ្អើល​ទិញ​អង្ករ​ស្តុក​ទុក​ច្រើនពេក​។ លោក​មើលឃើញថា មួយរយៈ​ចុងក្រោយ​នេះ ពលរដ្ឋ​ជាច្រើ​បានសម្រុក​ទិញ​អង្ករ​ស្តុក​ទុក​ខុសពី​សព្វដង រហូតដល់​ក្រុមការងារ​សហគមន៍​កសិផល​ធម្មជាតិពិបាក​នឹងឆ្លើ​យ​ជាមួយ​តម្រូវការ .....

​សំឡេង​លោក​យ៉ង សាំង​កុមារ​៖

​បញ្ជាក់បន្ថែម​នៅលើ​បណ្តាញ​សង្គម​Facebook​ផងដែរ លោក​យ៉ង សាំង​កុមារ ប្រាប់​ពលរដ្ឋ​ថា កុំឱ្យ​បារម្ភ​ពេក​ពី​ការ​អត់​អង្ករ និង​ថា បើ​ត្រូវការ​អង្ករ​សរីរាង្គ​ល្អ​ស្តុក​ទុក​រយៈពេល​៣​ខែ​ លោក​អាចជួយ​សម្រួល​ជាមួយ​កសិករ ​ដើម្បី​ស្តុក​ស្រូវ​ទុក​កិន​ជា​អង្ករ​ជូន​ជា​បណ្តើរៗ​ទៅតាម​តម្រូវការ​ជាក់ស្តែង​ដោយ​គ្រាន់តែ​កក់​ប្រាក់​៧០​ភាគរយ​នៅ​ខែ​នេះ​។ លោក​ថា ការធ្វើ​របៀបនេះ អ្នកទិញ​ទទួលបាន​អង្ករ​តាម​សម្រួល និង​ថោក​ជាង​តម្លៃ​ធម្មតា​១០​ភាគរយ​។ 

​ដោយឡែក​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ក្រុមហ៊ុនហ្គ្រី​ន​ត្រេដ​នៃ​ក្រសួង​ពាណិជ្ជកម្ម បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​រួមគ្នា​មួយ បញ្ជាក់ថា បរិមាណ​សន្និធិ​អង្ករ និង​ស្រូវ​មិនទាន់​កិន របស់​សមាជិក សមាជិកា​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​នៅ​ទូទាំងប្រទេស​លើ​ទីតាំង​ចំនួន​ជាង​៤០០​រោង​ម៉ាស៊ីនកិនស្រូវ គឺមាន​បរិមាណ​គ្រប់គ្រាន់​សម្រាប់ ផ្គត់ផ្គង់​ជូន​តាម​តម្រូវការ​ក្នុងស្រុក និង​សម្រាប់​នាំចេញ រហូតដល់​រដូវ​ប្រមូល​ផល​ខាងមុខ​។​ដូច្នេះ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ក្រុមហ៊ុនហ្គ្រី​ន​ត្រេ​ដ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា កុំ​មាន​ការភ័យព្រួយ​បារម្ភ​លើ​បញ្ហា​ខ្វះ​អង្ករ ដែល​ជាហេតុ​នាំឱ្យមាន​ជន​ឆ្លៀត​ឱកាសនិយម​មួយចំនួន​ឆ្លៀត​ដំឡើងថ្លៃ​អង្ករ​បាន​។​

​ការបញ្ជាក់​របស់​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ក្រុមហ៊ុនហ្គ្រី​ន​ត្រេដ​នៃ​ក្រសួង​ពាណិជ្ជកម្ម ធ្វើឡើង​ដោយសារតែ​ព័ត៌មាន​នៃ​ការរីក​រាលដាល​នៃ​ជម្ងឺឆ្លង កូវី​ដ​១៩ (COVID-19) រហូត​ធ្វើឱ្យមាន​ក្តីបារម្ភ ដែល​ជះឥទ្ធិពល​លើ​តម្លៃ​ស្បៀងអាហារ ជាពិសេស​អង្ករ​នេះឯង​។​

​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ក្រុមហ៊ុនហ្គ្រី​ន​ត្រេដ​នៃ​ក្រសួង​ពាណិជ្ជកម្ម ប្រកាសថា ខ្លួន​នឹង​បើក​លក់​អង្ករ​តាម​កាលបរិច្ឆេទ និង​ទីកន្លែង ចាប់ពី​ថ្ងៃ​ចន្ទ ទី​០៩ មីនា ឆ្នាំ​២០២០ នេះ​នៅតាម​ទីតាំង​ដូចខាងក្រោម​៖

• ស្នាក់ការ​ក្រុមហ៊ុនហ្គ្រី​ន​ត្រេ​ដ អាគារ​លេខ​៦៥-៦៧-៦៩ ផ្លូវ​លេខ ១៣៦ សង្កាត់​ផ្សារកណ្តាល​១ រាជធានី​ភ្នំពេញ លេខ​ទូរស័ព្ទ ០១២ ៥៩៥ ៨៥៦
• មណ្ឌល​ឃ្លាំង​ក្រុមហ៊ុនហ្គ្រី​ន​ត្រេ​ដ ផ្លូវជាតិ​លេខ​៥ ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ក្នុងតម្លៃ​លក់​ដូចខាងក្រោម​៖

​អង្ករ​សែន​ក្រអូប ១​បេ ៥០​គីឡូក្រាម តម្លៃ ១៥២,០០០​រៀល (​តម្លៃ​លក់​នៅ​ទីតាំង​ផ្ទាល់​)

ក្រៅពីនេះ​បងប្អូន​អាច​ស្វែងរក​ទិញ​ផ្ទាល់​ពី​សមាជិក សមាជិកា​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ដូចជា​៖ 

​ក្រុមហ៊ុន​មេគង្គ​អូ​រី​ហ្សា លេខ​ទូរស័ព្ទ ០៦៩ ២២៨ ២៩២​។ ក្រុម​ហ៊ុម​អេម​រ៉ូ​រាយស៍ (​ខេ​ម​បូឌា​) លេខ​ទូរស័ព្ទ ០១១ ៦២៦ ៣០៦​។ ក្រុមហ៊ុន​បៃតង​កម្ពុជា  លេខ​ទូរស័ព្ទ ០៩៥ ៧១៧ ១៧១ / ០៦៩ ៣៤៣ ៤៣៤​។ ក្រុមហ៊ុន​ខ្មែរ​ហ្វ៊ូត​គ្រុប លេខ​ទូរស័ព្ទ ០៨៩ ២២២ ០២៨ / ០៨៩ ២២២ ០៣២​។ រោង​ម៉ាស៊ីនកិនស្រូវ​វង្ស​ប៊ុនហេង  លេខ​ទូរស័ព្ទ ០៨៥ ៥៤៥ ៨៨៨​។ រោង​ម៉ាស៊ីនកិនស្រូវ​អៀង​ហ៊ាង  លេខ​ទូរស័ព្ទ ០៨៥ ២៤២ ៦៤៥ / ០៨៩ ៤៥៩ ៩៩៨​។ រោង​ម៉ាស៊ីនកិនស្រូវ​ហាក់ សែ  លេខ​ទូរស័ព្ទ ០១២ ៥០០ ៤០០ / ០១០ ៦៥០ ៦៥១​។ ឯ​សេវា​ដឹកជញ្ជូន​ដល់​ទីតាំង មាន​ក្រុមហ៊ុន​នែ​ត​ជ្រល អ​ហ្គ្រោ​ត្រេ​ត ឯ​.​ក លេខ​ទូរស័ព្ទ ០១២ ៨៦៣ ០១២ / ០១៥ ៨៦៣ ០១២ / ០៨៦ ២១១ ៦១៦​។​

​លោក​យ៉ង សាំង​កុមារ ក៏​សាទរ​ផងដែរ ចំពោះ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ក្រុមហ៊ុនហ្គ្រី​ន​ត្រេដ​នៃ​ក្រសួង​ពាណិជ្ជកម្ម ដែល​បានចេញ​សេចក្តីប្រកាស បញ្ជាក់​ពីការ ដាក់​អង្ករ​លក់​ដើម្បី​ជួយ​ទប់​កុំឲ្យ​អង្ករ​ឡើងថ្លៃ​ដែលជា​វិធានកា​រ​នយោបាយ​សន្តិសុខ​ស្បៀង ​ដែល​លោក​តែងតែ​ជំរុញ​កន្លងមក​.....

​សំឡេង​លោក​យ៉ង សាំង​កុមារ​៖

​គួរ​រំលឹក​ផងដែ​រថា ការអំពាវនាវ​យ៉ាង​ដូច្នេះ ធ្វើឡើង​បន្ទាប់ពី រកឃើញថា ពលរដ្ឋ​កម្ពុជា​ម្នាក់​មាន​ផ្ទុក​វីរុស​កូរ៉ូណា ឬ​កូវី​ដ​-១៩ ដែល​សង្ស័យថា បាន​ឆ្លង​ពី​ជនជាតិ​ជប៉ុន​ថ្មីៗ​នេះ  ដែល​ការណ៍​នេះ​ហាក់​កាន់តែ​ធ្វើឱ្យ​ពលរដ្ឋ​ខ្មែរ មាន​ការបារម្ភ​ជាខ្លាំង រហូត​មានការ​សម្រុក​ទិញ​អង្ករ និង​បន្លែបង្ការ​ផ្សេងៗ បម្រុង​ទុក យ៉ាងគំហុក​៕

ព័ត៌មានផ្សេងទៀត