កូរ៉េខាងជើង​​បន្ទោស​អឺរ៉ុប​ថា​​តែងតែ​យល់​ខុស​​ជុំវិញ​​ការ​ធ្វើតេស្ដ​មី​ស៊ី​ល​​របស់ខ្លួន​

08-03-2020 3:46 pm 426
  ស្តាប់
រូបភាពនៃការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង
ស្តាប់ជាសំឡេង

​ប្រទេស​កូរ៉េខាងជើង​បាន​ចោទប្រកាន់​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប ថា​គិត​មិន​សម​ហេតុផល​ជុំវិញ​ការធ្វើ​តេស្ដ​មីស៊ីល​របស់ខ្លួន​កាលពី​ថ្ងៃទី​០២​មីនា​។ ក្រោយ​កូរ៉េខាងជើង​បាន​ធ្វើតេស្ដ​មី​ស៊ី​ល​ថ្មីៗ​នេះ បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​បាន​កោះហៅ​ឲ្យមាន​កិច្ចប្រជុំ​បិទទ្វារ នៅ​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​។ ក្នុងនោះ​អង់គ្លេស អាល្លឺម៉ង់ បារាំង អេ​ស្ដូ​នី និង​បែលហ្ស៊ិក បានលើកឡើង​ពី​ការ​ធ្វើតេស្ដ​មី​ស៊ី​ល​ជាថ្មី​របស់​កូរ៉េខាងជើង ជា​ទង្វើ​រំលោភ​លើ​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​កូរ៉េខាងជើង​KCNA​បាន​ចេញផ្សាយ ដោយ​ដកស្រង់​សម្ដី​អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងជើង​ថា ការគិត​មិន​ច្បាស់លាស់​នៃ​បណ្ដា​ប្រទេស​ទាំងនេះ ប្រហាក់ប្រហែល​បន្ដិច​ម្ដងៗ​ទៅនឹង​សហរដ្ឋអាមេរិក ដែល​កំពុង​បង្ក​អរិភាព​ជាមួយ​កូរ៉េខាងជើង​។ អ្នកនាំពាក្យ​បន្ថែមថា​សកម្មភាព​របស់​អឺរ៉ុប​ជា​ឥរិយាបថ​មិនចេះ​ពិចារណា ដែល​ត្រូវបាន​លើក​ទឹកចិត្ដ​ដោយ​សហរដ្ឋ​អាមេរិក​។​

​ជុំវិញ​ការធ្វើ​តេស្ដ​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​កាលពី​ថ្ងៃ​០២​មីនា​ក្រោយពេល​ផ្អាក​អស់​រយៈពេល​បី​ខែ ប្អូនស្រី​បង្កើត​លោក​គីម ជុង​អ៊ុន និង​ជា​មន្ដ្រីជាន់ខ្ពស់​របស់​កូរ៉េខាងជើង​មួយរូប​ផង​អ្នកនាង​គីម យ៉ូ​ចុង បាន​ចេញមុខ​ការពារ​ថា​គ្រាន់​ជា​សមយុទ្ធ​យោធា​ប៉ុណ្ណោះ កូរ៉េខាងជើង​គ្មាន​ចេតនា​បាញ់​គំរាម​ប្រទេស​ណាមួយ​ឡើយ​។ 

​គួរ​បញ្ជាក់ថា កូរ៉េខាងជើង​ត្រូវបាន​អង្គការសហប្រជាជាតិ ហាមឃាត់​មិនឲ្យ​ធ្វើតេស្ដ​មី​ស៊ីលឬ​អាវុធ​នុយក្លេអ៊ែរ​គ្រប់​ប្រភេទ​។ អង្គការសហប្រជាជាតិ​បានដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​កូរ៉េខាងជើង ក្នុងន័យ​ដាក់​សម្ពាធ​ឲ្យ​រដ្ឋ​មួយ​នេះ​បោះបង់ចោល​កម្មវិធី​មី​ស៊ី​ល​និង​នុយក្លេអ៊ែរ​។ ការ​ធ្វើតេស្ដ​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​មិន​ថា​ប្រភេទ​អ្វី​ក៏ដោយ គឺ​ស្មើនឹង​ការរំលោភ​លើ​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ ហើយ​កូរ៉េខាងជើង​នឹងរង​ទណ្ឌកម្ម​កាន់តែខ្លាំង​ជាង​មុន​បើ​នៅ​រឹងទទឹង​។​

​យ៉ាងណាមិញ​មេដឹកនាំ​វ័យក្មេង​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន ក៏មាន​ឥរិយាបថ​ទន់ភ្លន់​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ដែរ រហូត​មាន​ជំនួប​ជាមួយគ្នា​ជា​ប្រវត្ដិសាស្ដ្រ​កាលពី​ឆ្នាំ​២០១៨​នៅ​ប្រទេស​សិង្ហ​បុរី​។ កាលនោះ​កូរ៉េខាងជើង​បាន​ព្រមព្រៀង​នឹង​រំលាយ​កម្មវិធី​នុយក្លេអ៊ែរ ជា​ថ្នូរ​នឹង​ការដក​ទណ្ឌកម្មសេដ្ឋកិច្ច​។ ប៉ុន្ដែ​ដោយសារ​ភាពមិន​ចុះសម្រុង​លើ​ការដក​ទណ្ឌកម្មសេដ្ឋកិច្ច ធ្វើឲ្យ​ការរំលាយ​នុយក្លេអ៊ែ​រ​កូរ៉េខាងជើង​ត្រូវ​ជាប់គាំង​។ កូរ៉េខាងជើង​ក៏​ចាប់ផ្ដើម​ធ្វើតេស្ដ​មី​ស៊ី​ល​ឡើងវិញ ប៉ុន្ដែ​អះអាងថា​ជា​ការហ្វឹកហាត់​សមត្ថភាព​ប៉ុណ្ណោះ​ពុំមែន​ជា​ការគំរាមកំហែង​ឡើយ​៕

ព័ត៌មានផ្សេងទៀត