សាលាក្រុង​៖ ជនជាតិ​ចិន​៣​នាក់​នៅ​ខណ្ឌ​សែន​សុខ ពុំមែន​ជា​ករណី​ជំងឺ​Covid19​ទេ​

06-03-2020 4:10 pm 198

​លោក ម៉េត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ចំពោះ​ករណី​មាន​ការភ្ញាក់ផ្អើល ពី​សំណាក់​ប្រជាពលរដ្ឋ​កាល លើ​បុរស​ជនជាតិ​ចិន​៣​នាក់ រស់នៅ​បុរី​មួយកន្លែង ក្នុង​ខណ្ឌ​សែន​សុខ គឺ​ពុំមែន​ជា​ករណី​ផ្ទុកមេរោគ Covid-19 នោះទេ គឺ​ដោយសារ​បុរស​ជនជាតិ​ចិន​៣​រូបនោះ មាន​ការភ័យខ្លាច​បារម្ភ​ដោយ​ខ្លួនឯង​តែ​ប៉ុណ្ណោះ ពួកគាត់​ពុំ​មាន​ជំងឺ​អ្វី​នោះទេ​។​

​ជនជាតិ​ចិន​៣​នាក់​ខាងលើ បាន​និយាយថា ថៅកែ​ពួកគេ​បាន​ហៅ​ទូរស័ព្ទ ហៅ​គ្រូពេទ្យ​ឯកជន នៅ​ម្ដុំ​រតន​ផ្លា​ហ្សា (​សង្កាត់​ទឹកថ្លា​) មក​ពិនិត្យ​មុន​ចូលធ្វើ​ការងារ​រត់​តុ នៅ​ភោជនីយដ្ឋាន​តែប៉ុណ្ណោះ​។​

​លោក ម៉េត មាស​ភក្តី បានបញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ ខាង​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ នឹង​បន្ត​តាមដាន​លើ​ជនជាតិ​ចំនួន​៣​នាក់​ខាងលើ​ទៀត​។ ជាង​នោះ​ទៅទៀត​ពាក់ព័ន្ធ​នឹង​ស្ថានភាព​សុខភាព​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ ជា​ពិសេស​ពាក់ព័ន្ធ​ជំងឹ Covid-19 គឺ​លោក​ឃួន ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​តាមដាន​យ៉ាង​យកចិត្ត​ដាក់​បំផុត និង​ត្រៀម​ចាត់វិធានការ​ជានិច្ច​លើ​បញ្ហា​នេះ​។​

​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​ជឿ​លើ​ព័ត៌មាន ដែល​មិន​មាន​ប្រភព​ច្បាស់​លាស់ ដែល​អាច​នាំឲ្យ យល់ច្រឡំ​ដូច​ករណី​ខាងលើនេះ និង​ដូច​ករណី​ផ្សេងៗ​កន្លងមក និង កុំ​បន្ត​ចែកចាយ​នូវ​ព័ត៌មាន ដែល​មិន​មាន​ប្រភព​ប្រាកដប្រជា ដែល​ទង្វើ​នេះ​កាន់តែ​ធ្វើឲ្យ​មាន​ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ​៕

ព័ត៌មានផ្សេងទៀត