អត្រា​ភាពក្រីក្រ​នៅ​ថៃ​កើនឡើង​​ ខណៈ​ប្រាក់ចំណូល​កសិកម្ម​ធ្លាក់ចុះ​

06-03-2020 1:41 pm 207

​ធនាគារពិភពលោក​បាន​បញ្ជាក់​ក្នុង​របាយការណ៍​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេស​ថៃ​ចាំបាច់​ត្រូវ​វិនិយោគ​លើ​ការអប់រំ​និង​បង្កើត​ការ​នៅក្នុង​វិស័យ​ដែលមាន​ប្រាក់ចំណូល​ច្រើន ស្របពេល​អត្រា​នៃ​ភាពក្រីក្រ​កើនឡើង និង​សេដ្ឋកិច្ច​បាន​ធ្លាក់ចុះ​។ ថៃ​គឺជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំជាងគេ​នៅ​អាស៊ីអាគ្នេយ៍​បន្ទាប់ពី​ប្រទេស​ឥណ្ឌូនេស៊ី ប៉ុន្ដែ​បាន​ដើរ​យឺត​ជាង​ដៃគូ​ក្នុង​តំបន់ និង​បាន​កើនឡើង​ក្នុង​ល្បឿនខ្សោយ​បំផុត​រយៈពេល​៥​ឆ្នាំ កាលពី​ឆ្នាំ​២០១៩​។​

​ទិន្នន័យ​ក្នុង​របាយការណ៍​ធនាគា​រ​ពិភពលោក​បានបង្ហាញ​ថា ប្រទេស​ដែលមាន​ប្រជាជន​៦៩​លាន​នាក់​មួយ​នេះ បាន​កាត់បន្ថយ​ភាពក្រីក្រ​ក្នុង​រយៈពេល​បី​ទសវត្ស​មកហើយ គឺ​នៅក្រោម​១០​ភាគរយ​ក្នុង​ឆ្នាំ​២០១៨ ខណៈ​ឆ្នាំ​១៩៨៨​មាន​ជាង​៦៥​ភាគរយ​។ ប៉ុន្ដែ​មាន​ការប្រែប្រួល​ក្នុង​ឆ្នាំ​២០១៦​។ ការកើនឡើង​នៃ​ចំនួន​ប្រាក់ចំណូល​ក្រោម​បន្ទាត់​នៃ​ភាពក្រីក្រ គឺ​៩០​បាត​ស្មើនឹង​២.៨៥​ដុល្លារ​ក្នុង​មួយ បាន​កើតឡើង​នៅ​ចន្លោះ​ឆ្នាំ​២០១៥​ដល់​ឆ្នាំ​២០១៧ ដោយសារតែ​ការធ្លាក់ចុះ​ប្រាក់ចំនូល​ដល់​៤០​ភាគរយ ហើយ​ភាគច្រើន​គឺជា​កម្មករ​នៅក្នុង​ទីក្រុង​និង​គ្រួសារ​ធ្វើ​កសិកម្ម​នៅ​ជនបទ​។​

​លោក​Birgit Hansl​អ្នកគ្រប់គ្រង​ធនាគារពិភពលោក ប្រចាំ​ប្រទេស​ថៃ​បានបញ្ជាក់​ក្នុង​សន្និសីទកាសែត​ថា ប្រាក់ខែ​សម្រាប់​ប្រជាជន​នៅក្នុង​វិស័យ​កសិកម្ម​និង​ផលិតកម្ម មិនបាន​កើនឡើង​ច្រើន​ដូចដែល​ត្រូវការ​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​នោះទេ​។ លោក​បាន​បន្ទោស​ទៅលើ​តម្លៃ​វត្ថុធាតុដើម​ធ្លាក់ចុះ​និង​មាន​គ្រោះរាំងស្ងួត​។ ជិត​មួយ​ភាគបី​នៃ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​របស់​ថៃ ទទួលបាន​ប្រាក់ចំណូល​ទាប​ដែល​ពួកគេ​ទាំងនោះ​ជា​អ្នក​ផលិត​ស្រូវ កៅស៊ូ​ធម្មជាតិ និង​ស្ករ​សម្រាប់​ទីផ្សារ​ពិភពលោក​។​

​កសិករ​ថៃ​ច្រើនតែ​ពឹងផ្អែក​លើ​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​ប្រាក់កម្ចី និង​ការផ្ដល់ឲ្យ​ពី​រដ្ឋាភិបាល ដើម្បី​ជួយ​ទូទាត់​ការធ្លាក់ចុះ​តម្លៃ​កសិផល​។ មាន​ការដាក់ចេញ​នូវ​វិធានការ​មុនៗ​រួមមាន​គម្រោង​ឧបត្ថម្ភ​ដល់​វិស័យ​ស្រូវ​អង្ករ​របស់​រដ្ឋាភិបាល ដែល​បាន​ទិញ​កសិផល​រាប់លាន​តោន​ពី​ប្រជាជន​ក្នុងតម្លៃ​លើ​តម្លៃ​ទីផ្សារ គឺ​នៅ​ចន្លោះ​ពី​ឆ្នាំ​២០១១​ដល់​២០១៤​។ ការធ្វើ​ដូច្នេះ​អាចជួយ​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ការប្រែប្រួល​សេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ​ក្នុង​រយៈពេល​ខ្លី​។ នេះ​បើតាម​ការបញ្ជាក់​ពី​ធនាគារពិភពលោក​។​

​ប៉ុន្ដែ​ធនាគារ​បាន​ព្រមាន​ដែរថា​គួរតែអាច​ការពារផ​លិត​ភាព​រយៈពេល​វែង ដោយ​ពន្យារពេល​ការផ្លាស់ប្ដូរ​របស់​ប្រជាកសិករ កុំ​ទាន់​ឲ្យ​ពួកគេ​ងាក​ទៅរក​ការងារ​ដែល​ទទួលបាន​ប្រាក់ខែ​ខ្ពស់​នៅក្នុង​វិស័យ​ផលិតកម្ម​ឬ​សេវាកម្ម​នានា​ឆាប់រហ័ស​ពេក​។ ក្រៅពីនេះ​ត្រូវ​រារាំង​ពួកគេ​កុំ​ទាន់​ផ្លាស់ប្ដូរ​ទៅ​ដាំ​ដំណាំ​ដែល​ទទួលបាន​ផលចំណេញ​ច្រើន ឬ​ងាយ​រងគ្រោះ​ដោយសារ​គ្រោះរាំងស្ងួត ព្រោះ​បើ​មិន​អ៊ីចឹង​ទេ​មិនអាច​ការពារ​ផលិតភាព​រយៈពេល​វែង​បានឡើយ​។​

​ធនាគារពិភពលោក​បាន​បញ្ជាក់​ផងដែ​រថា ប្រទេស​ថៃ​ត្រូវ​ធ្វើឲ្យ​ប្រសើរឡើង​នូវ​ការទទួលបាន​ការអប់រំ​សម្រាប់​កុមារ ដែល​រស់នៅក្នុង​គ្រួសារ​មាន​ប្រាក់ចំណូល​ទាប​។ លើសពីនេះទៅទៀត​ត្រូវ​ធ្វើឲ្យ​ប្រសើរឡើង​នូវ​គោលនយោបាយ​បណ្ដាញ​សុវត្ថិភាព និង​បង្កើត​ការងារ​ល្អប្រសើរ​ដើម្បី​ដោះស្រាយ​វិសម​ភាព​៕

 ពាក្យគន្លឹះ  ថៃភាពក្រីក្រ

ព័ត៌មានផ្សេងទៀត