ករណី​ឆ្លង​វីរុស​កូរ៉ូ​ណានៅ​កូរ៉េខាងត្បូង កើន​ដល់​ជាង​៦​ពាន់​និង​ស្លាប់​ជាង​៤០​នាក់​

06-03-2020 9:58 am 377

​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៥​ខែ​មីនា កូរ៉េខាងត្បូង​មាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ចំនួន​១៩៦​នាក់ ដូច្នេះ​បាន​ទាញ​តួលេខ​អ្នក​ឆ្លង​ហក់​ឡើងដល់​៦,២៨៤​នាក់ ចំណែក​ករណី​ស្លាប់​ថ្មី មាន​ចំនួន​៧​នាក់ បានធ្វើឲ្យ​អ្នកស្លាប់​កើន​ដល់​៤២​នាក់ គិត​ត្រឹម​ថ្ងៃទី​៥​ខែ​មីនា​។ នេះ​បើតាម​ការ​ឲ្យដឹងពី​មជ្ឈមណ្ឌល​កូរ៉េ សម្រាប់​ជំងឺ​និង​ការត្រួតពិនិត្យ​និង​ការការពារ​។ កូរ៉េខាងត្បូង​ជា​ប្រទេស​ទី​ពីរ​បន្ទាប់ពី​ចិន ដែលមាន​មនុស្ស​ឆ្លង​វីរុស​កូរ៉ូណា​ច្រើនជាងគេ​។ ចិន​ដែល​ឈរ​នៅ​លំដាប់​ទីមួយ​លើ​លោក មាន​អ្នក​ឆ្លង​កើន​ដល់​៨០,៥៥២ និង​ទី​បី​គឺ​អ៊ីតាលី​មាន​អ្នក​ឆ្លង​កើន​ដល់​៣,៨៥៨​នាក់ ហើយ​ទី​បួន គឺ​អ៊ីរ៉ង់​ដែលមាន​អ្នក​ឆ្លង​កើន​ដល់ ៣,៥១៣​នាក់​។​

​ចិន​ជា​ប្រទេស​មាន​អ្នកស្លាប់​ច្រើនជាងគេ​ចំនួន​៣,០៤២​នាក់ បន្ទាប់មក​គឺ​អ៊ីតាលី​ចំនួន​១៤៣​នាក់ ហើយ​តាម​ពីក្រោយ​អ៊ីតាលី គឺ​អ៊ីរ៉ង់​ដែលមាន​១០៧​នាក់ បន្ទាប់មក​គឺ​កូរ៉េខាងត្បូង​៤២​នាក់​។ ប្រទេស​ផ្សេងៗ​ទៀត មាន​អ្នក​ឆ្លង​ក្រោម​៧០០​នាក់ និង​ប្រទេស​ខ្លះ​ទើប​មាន​ករណី​ឆ្លង​ដំបូង​១​ករណី និង​បើ​ករណី​ស្លាប់​វិញ ក្រៅពី​ប្រទេស​ចិន អ៊ីតាលី អ៊ីរ៉ង់​និង​កូរ៉េខាងត្បូង ប្រទេស​ផ្សេងទៀត​មាន​អ្នកស្លាប់​ដោយសារតែ​វីរុស​កូរ៉ូ​ណាក្រោម​១០​នាក់ និង​ប្រទេស​ខ្លះ​ពុំមាន​អ្នកស្លាប់​នោះទេ​។ សរុប​អ្នកស្លាប់​ដោយសារតែ​វីរុស​កូរ៉ូណា នៅ​ទូទាំង​ពិភពលោក​កើន​ដល់​៣,៣៨១​នាក់​និង​ឆ្លង​៩៧,៧៣៥​នាក់ និង​ព្យាបាល​ជាសះស្បើយ​ចំនួន ៥៥,១៨៧​នាក់​។ នេះ​បើ​យោងទៅតាម​ការចុះផ្សាយ ដោយ​កាសែត south china morning post នៅ​ព្រឹក​ថ្ងៃទី​៦​ខែ​មីនាឆ្នាំ​២០២០​នេះ​៕

ព័ត៌មានផ្សេងទៀត