រុស្ស៊ី​និង​តួ​ក​គី​ចុះហត្ថលេខា​យល់ព្រម​ឈប់​បាញ់​គ្នា​នៅ​ខេត្ត​Idlib​ប្រទេស​ស៊ី​រី​

06-03-2020 9:33 am 364
លោក​វ្លា​ឌឺ​មៀ ពូ​ទីន(ស្ដាំ) និង​លោកតា​យី​ប អឺ​ដូ​ហ្កាន​(ឆ្វេង)

​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្លា​ឌឺ​មៀ ពូ​ទីន​(Vladimir Putin) និង​ប្រធានាធិបតី​តួ​ក​គី​លោកតា​យី​ប អឺ​ដូ​ហ្កាន​(Tayyip Erdogan) កាលពី​ថ្ងៃ​ទី​០៥ ខែ​មីនា ឆ្នាំ​២០២០ បានសម្រេច​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពី​បទ​ឈប់​បាញ់​គ្នា​នៅ​តំបន់​អី​ដ​លី​ប ប្រទេស​ស៊ី​រី​។ នេះ​បើ​តាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​Reuters នៅ​ព្រឹក​ថ្ងៃទី​០៦ ខែ​មីនា ឆ្នាំ​២០២០​។​

​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​នេះ ធ្វើឡើង​នៅក្នុង​ទីក្រុង​មូ​ស្គូ ប្រទេស​រុស្ស៊ី និង​កើតឡើង​បន្ទាប់​ពី​ភាគី​រុស្ស៊ី និង​តួ​ក​គី​បាន​បើក​ការវាយប្រហារ​លើ​គ្នា​ទៅវិញទៅមក​លើ​ទឹកដី​ប្រទេស​ស៊ី​រី និង​បណ្ដាល​មនុស្ស​ជាច្រើន​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ដែល​ជា​ការគំរាមកំហែង​ដល់​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​។​

​លោកពូ​ទីន ប្រធានាធិបតី​រុស្ស៊ី​បាន​ថ្លែងឲ្យដឹងថា “​លោក​សង្ឃឹម​ថា​កិច្ចព្រមព្រៀង​នេះ​នឹង​បញ្ឈប់​នូវ​ការផ្ទុះអាវុធ ក៏ដូចជា​ការប្រឈមមុខ​ដាក់គ្នា​រវាង​យោធា​ទាំងសងខាង ពិសេស​ប្រជាពលរដ្ឋ​អាច​រស់នៅ​ដោយ​សន្តិភាព​វិញ​”​។​

​គួររម្លឹកថា កាលពីពេល​កន្លង​ទៅ​ទាហាន​តួ​ក​គី​ប្រមាណ ៣៤​នាក់​ត្រូវបាន​សម្លាប់​ដោយ​ការវាយប្រហារ​ពី​សំណាក់​រុស្ស៊ី​។ លើស​ពី​ក៏មាន​ជន​ស៊ីវិល​ដែល​ជា​ជនភៀសខ្លួន​ចំនួន ១៥​នាក់​ត្រូវ​សម្លាប់​ផងដែរ ដោយ​ការវាយប្រហារ​របស់​រុស្ស៊ី​លើ​ប្រទេស​ស៊ី​រី​។ ទោះបីជា​យ៉ាងណា​ក៏ដោយ​រុស្ស៊ី​បាន​អះអាង​ថា​ខ្លួន​ពុំ​មាន​គោលបំណង​ចង់​វាយប្រហារ​លើ​ជន​ស៊ីវិល​ទាំង​នោះ​ឡើយ រីឯ​មូលហេតុ ដោយសារ​រុស្ស៊ី​ចង់​ដណ្ដើម​យក​ខេត្ត​អី​ដ​លី​ប​ពី​ក្រុម​សកម្មប្រយុទ្ធ​ជី​ហា​ដដែល​គាំទ្រ​ដោយ​តួក​គី​ឲ្យ​ស៊ី​រី​វិញ​៕

ព័ត៌មានផ្សេងទៀត