ជប៉ុន​និងវៀតណាម​កំពុង​ស្រាវជ្រាវ​ករណី​ជនជាតិ​ជប៉ុនម្នាក់​មាន​ផ្ទុកវីរុសកូរ៉ូណា​បន្ទាប់ពីធ្វើដំណើរ​ចេញ​ពីខេត្តសៀមរាប

05-03-2020 11:43 am 1602

បុរសជនជាតិជប៉ុន​ម្នាក់​ត្រូវបានធ្វើតេស្ដ​រកឃើញថា​មាន​ផ្ទុកវីរុស​កូរ៉ូណា​ឬកូវីដ​-១៩(COVID-19)​ពេលទៅដល់ជប៉ុន  បន្ទាប់ពីបានធ្វើដំណើរចេញពីខេត្តសៀមរាប ប្រទេសកម្ពុជា ឆ្លងកាត់ប្រទេសវៀតណាម និងបន្តដំណើរទៅកាន់ទីក្រុងណាហ្គូយ៉ា របស់​ជប៉ុន កាលពីថ្ងៃទី០៣ ខែមីនា កន្លងទៅនេះ។ នេះបើតាម​​ការចុះផ្សាយ​​​របស់​សារព័ត៌មាន​​វៀតណាម​​​Vietnam Times។

​ភ្លាមៗ​ក្រោយពី​ការប្រកាស បែបនេះ អាជ្ញាធរ​ជប៉ុន និង​វៀតណាម បាន​សហការ​គ្នា ដើម្បី​ស្វែងរក​អ្នកដំណើរ ដែល​ជិះ​នៅលើ​យន្តហោះ ជាមួយ​ជនជាតិ​ជប៉ុន ដែល​ឆ្លង​វីរុស​កូរ៉ូណា ឬ​កូវី​ដ​១៩ រួម​នឹង​អ្នក​ដែល​ធ្លាប់ មាន​ការប្រាស្រ័យ​ទាក់ទង នឹង​ជនជាតិ​ជប៉ុន​រូបនេះ​។ នេះ​បើ​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាមដដែល កាលពី​យប់​ថ្ងៃ​ទី​០៤ ខែ​មីនា​។​ 

​វិទ្យុ​វាយោ បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ថា តើ​មាន​វិធានការ ឬ​កិច្ចសហការ​ណាមួយ ជាមួយ​អាជ្ញាធរ​វៀតណាម និង​ជប៉ុន​ដែរ​ទេ ចំពោះ​បញ្ហា​នេះ តែ​មិន​មាន​ការឆ្លើយតប ដោយ​ទូរស័ព្ទ​ចូល​ពុំមាន​អ្នកទទួល​។​

​យ៉ាងណាមិញ បើ​តាម​ការ​បង្ហោះ​របស់​លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដោយ​ស្រង់​សម្តី​លោក​អភិបាលខេត្ត​សៀមរាប លោក​ទៀ សីហា បានឲ្យដឹងថា ជនជាតិ​ជប៉ុន​រូបនេះ គឺជា​អ្នករស់នៅ​និង​ប្រកប​អាជីវកម្ម នៅក្នុង​ខេត្ត​សៀមរាប មិនមែន​មក​ដំណើរ​កំសាន្ត​លក្ខណៈ​ទេសចរណ៍​នោះ​ទេ​។ តាម​ការបញ្ជាក់​របស់​មន្ត្រី​សុខាភិបាល​ខេត្ត និង​ភាគី​កុងស៊ុល​ជប៉ុន​ប្រចាំខេត្ត បានបញ្ជាក់​ថា មុន​ចេញដំណើរ ការពិនិត្យ​សុខភាព​ជនជាតិ​ជប៉ុន​រូបនេះ ពុំ​មាន​រោគសញ្ញា​កើត​ជំងឺ COVID-19​នោះឡើយ​។​

ប៉ុន្ដែទោះបីជា​មានព័ត៌មានបែបនេះក្ដី ក្រសួង​សុខាភិបាល​ជប៉ុន ពុំទាន់​បាន​ជូនដំណឹង​ជា​ផ្លូវការ ថា​ជនជាតិ​ជប៉ុន​រូបនេះ មាន​ឆ្លង​នឹង​កើត​ជំងឺ COVID-19 នៅឡើយទេ​។ ទន្ទឹមគ្នានេះ លោក​អភិបាលខេត្ត​សៀមរាប បាន​ណែនាំ​ឲ្យ​មន្ត្រី​សុខាភិបាល និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដាក់ចេញ​នូវ​វិធានការ​នានា​ដើម្បី​ត្រៀម​បង្ការ​និង​ស្រាវជ្រាវ​ករណី​នេះ បើទោះបីជា​មិនទាន់​មាន​ការបញ្ជាក់​ជា​ផ្លូវការ​ក៏ដោយ​៕

ព័ត៌មានផ្សេងទៀត