លោក​Bloomberg​ធ្លាក់​ចេញពី​ការបោះឆ្នោត​គណបក្ស​ប្រជាធិបតេយ្យ​

05-03-2020 10:59 am 448

អតីត​អភិបាលក្រុង​ញូវយ៉ក​លោក​ម៉ៃ​ឃើ​ល ប្លូម​បឺគ​(Michael Bloomberg) បាន​ធ្លាក់​ចេញពី​ការបោះឆ្នោត​ជ្រើសរើស​តំណាង​គណបក្ស​ប្រជាធិបតេយ្យ​អាមេរិក​ហើយ បន្ទាប់​ពី​លទ្ធផល​នៃ​ការបោះឆ្នោត ដែល​ហៅថា “Super Tuesday” បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​០៤ ខែ​មីនា ឆ្នាំ​២០២០​។ នេះ​បើ​តាម​ការចេញផ្សាយ​ដោយ​បណ្ដាញសារព័ត៌មាន​BBC នៅ​ថ្ងៃ​ទី​០៥ ខែ​មីនា ឆ្នាំ​២០២០​។​

​មហាសេដ្ឋី​លោក​ប្លូម​បឺគ បាន​ជះ​លុយ​រហូតដល់​ទៅ ៥០០​លាន​ដុល្លារ​សម្រាប់​បម្រើការ​ដល់​យុទ្ធនាការ​ឃោសនា​ការបោះ​ឆ្នោត​របស់ខ្លួន តែ​មិន​បាន​ហុច​ជា​លទ្ធផលផ្លែផ្កា​ល្អ​ដល់​រូប​លោក​ឡើយ​។ តែ​យ៉ាងណាក៏ដោយ អតីត​អភិបាលក្រុង​ញូវយ៉ក​រូបនេះ លោក​បាន​ចូលរួម​អបអរសាទរ​ដល់​លោកចូ បៃ​ដិន​(Joe Biden) ដែល​បាន​ឈ្នះ​សម្រាប់​ការបោះឆ្នោត និង​ក្លាយជា​បេក្ខភាព​ដែល​អាច​ចូលរួម​ជា​តំណាង​ឲ្យ​គណបក្ស​ប្រជា​ធិបតេយ្យ ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​អាណត្តិ​ថ្មី​នា​ខែ​វិច្ឆិកា ខាងមុខ​។ ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ទៀតសោត  លោកបៃ​ដិន នឹង​ត្រូវ​ប្រកួតប្រជែង​ជាមួយ​លោក​ដូណាល់ ត្រាំ ជា​ប្រធានាធិបតី​ក្នុង​អាណត្តិ​បច្ចុប្បន្ន ហើយ​លោក​ជា​សមាជិក​មកពី​គណបក្ស​សាធារណរដ្ឋ​អាមេរិក​៕

​គួរ​ជម្រាប​ថា លោក​ប្លូម​បឺគ ពុំ​ទទួលបាន​សម្លេង​គាំទ្រ​លេចធ្លោ​លើ​បេក្ខភាព​ដទៃ​សូម្បីតែ​មួយ​រដ្ឋ ជាក់ស្ដែង​លោក​ហាក់​មាន​ការ​នាំមុខ​គេ​ពី​កោះ​តូច​មួយ​ប៉ុណ្ណោះ​គឺ​កោះ​Samoa​។ ដោយឡែក​លោកចូ បៃ​ដិន បាន​ក្លាយ​ជា​បេក្ខភាព​ទី​១​សម្រាប់​ការបោះឆ្នោត​ដ៏​សំខាន់​នេះ ចំណែកឯ​លោក​បឺនី សាន់​ឌឺ ជា​បេក្ខភាព​ទី​២ បន្ទាប់ពី​លោកបៃ​ដិន​។ ទន្ទឹមនឹងនេះ​លោក​ដូណាល់​ត្រាំ​បាន​បង្ហោះ​សារ​នៅលើ​បណ្ដាញ​សង្គម​Twiiter អបអរសាទរ​ដល់​ការ​ត្រឡប់មកវិញ​ជា​ថ្មី​របស់​អតីត​អនុ​ប្រធានាធិបតី​លោកបៃ​ដិន ដែល​បាន​ក្លាយជា​ដៃគូ​ប្រកួតប្រជែង​នឹង​លោក​សម្រាប់​ការបោះឆ្នោត​នា​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០​ខាងមុខ​។​

​សូមរម្លឹកថា លទ្ធផល​នៃ​ការបោះឆ្នោត​ដែល​ឲ្យឈ្មោះ​ថា “Super Tuesday” បានបង្ហាញ​ថា​លោកចូ បៃ​ដិន បាន​នាំមុខ​លើ​បេក្ខភាព​ដទៃៗ​ទៀត រួមទាំង​លោក​សាន់​ឌឺ​ដែល​ឈរ​នៅ​លំដាប់​លេខ​២ រហូតដល់​ទៅ​៨​រដ្ឋ ក្នុងនោះ​មាន រដ្ឋ​Massachusetts, Minnesota, Oklahoma, Arkansas, Alabama, Tennessee, North Carolina និង​រដ្ឋ​Virginia​។ រីឯ​លោក​បឺនី សាន់​ឌឺ​(Bernie Sanders) ជា​បេក្ខភាព​ទី​២ ដែល​ទទួល​សម្លេង​គាំទ្រ​លើសគេ​បន្ទាប់ពី​លោកបៃ​ដិន នៅក្នុង​រដ្ឋ​ចំនួន​៣​វិញ មាន រដ្ឋ​Colorado រដ្ឋ​Utah និង​រដ្ឋ​Vermont ៕

ព័ត៌មានផ្សេងទៀត