ហេតុអ្វីព្យាយាមហាត់ប្រាណហើយ ទម្ងន់នៅតែមិនស្រក?

04-03-2020 5:00 pm 141
  ស្តាប់
ស្តាប់ជាសំឡេង

រាងកាយធាត់ មានខ្លាញ់ ដុះក្បាលពោះកំប៉ោង ពិតជាធ្វើឲ្យមនុស្សជាច្រើន ជាពិសេសមនុស្សស្រីមិនសូវមានភាពជឿជាក់ចំពោះខ្លួនឯងរាល់ពេលចេញទៅណាមកណានោះទេ។ ដូចច្នេះ គឺមានតែជ្រើសរើសវិធីហាត់ប្រាណ ដើម្បីទទួលបានរាងស្វែលស្រស់ស្អាតត្រឡប់មកវិញ។ ទន្ទឹមនិងការហាត់ប្រាណនេះដែរ ក៏មានអ្នកខ្លះទទួលបានជោគជ័យ ចំណែកអ្នកខ្លះទៀតក៏បរាជ័យ ព្រោះទោះបីពួកគេព្យាយាមហាត់ប្រាណយ៉ាងណាក៏នៅតែមិនស្រកគីឡូ ហើយនេះក៏ជាបញ្ហាមួយដែលតែងតែចោទឡើង ចំពោះមនុស្សជាច្រើន និងធ្វើឲ្យគោលដៅនៃការសម្រកទម្ងន់របស់ពួកគេត្រូវបរាជ័យ រហូតក្លាយជារឿងដ៏គួរឲ្យធុញទ្រាន់ និងឈានដល់ដំណាក់កាលសម្រេចបោះបង់ចោល។ 

យ៉ាងណាមិញ មុននិងសម្រេចចិត្តបោះបង់ អ្នកក៏គួរពិនិត្យឡើងវិញពីកត្តាផ្សេងៗ ថាតើមានការខ្វះចន្លោះអ្វីខ្លះ បានជាព្យាយាមហាត់យ៉ាងណា គីឡូនៅតែមិនស្រក?

១ ទទួលទានអារហារមិនត្រឹមត្រូវ

មនុស្សមួយចំនួនបានផ្តោតតែលើការដុតបំផ្លាញជាតិកាឡូរី ហើយមិនបានគិតគូរទៅលើចំណីដែលញ៉ាំចូលទៅនោះទេ។ អ្នកគួរតែជៀសវាងអាហារមួយចំនួន ប្រភេទដូចជានំប៉័ង ពពួកស្ករ និងអាហារកែច្នៃជាដើម និងគប្បីទទួលទានអារហារដែលមានជាតិម្សៅ ដូចជា ដំឡូង អង្ករសំរ៉ូប គ្រាប់ធញ្ញជាតិជំនួសវិញទើបជាការប្រសើរ។ សម្រាប់ថ្ងៃសម្រាកឬពេលដែលអ្នកហាត់ប្រាណ គួរព្យាយាមទទួលទានបន្លែឲ្យបានច្រើន និងចេញឲ្យឆ្ងាយពីអាហារដែលមានជាតិខ្លាញ់។

២ ញ៉ាំអាហារយប់ពេក

អាហារដែលអ្នកញ៉ាំគឺបង្កើតជាកាឡូរីសម្រាប់ទ្រទ្រង់រាងកាយ។ ជាធម្មតាមនុស្សប្រុសត្រូវការកាឡូរីច្រើនជាងមនុស្សស្រី។ សាកល្បងគិតបន្តិចទៅមើល៍ បើអ្នកញ៉ាំអាហារពេលយប់ ហើយអាហារទាំងនោះបម្លែងជាកាឡូរី ហើយស្រាប់តែមិនបានប្រើប្រាស់ តើកាឡូរីដែលនៅសល់ នឹងយកទៅទុកឯណាក្នុងរាងកាយរបស់យើង? ទាំងនេះហើយ ជាមូលហេតុបណ្ដាលឲ្យឡើងទម្ងន់ ហាត់ប្រាណយ៉ាងណាក៏មិនស្រក។

៣ ទទួលទានស្រាបៀរ

ការទទួលទានស្រាគ្រប់ប្រភេទ វាអាចបង្កឱ្យឡើងទម្ងន់បាន។ ប្រសិនបើអ្នកមិនចង់ឡើងទម្ងន់ សូមគិតពិចារណាមុននឹងផឹកគ្រឿងស្រវឹងគ្រប់ប្រភេទ ព្រោះថាវាអាចបង្កឱ្យអ្នកឡើងគីឡូបាន។

៤ មិនបានគ្រប់គ្រងស្រេ្តស

ពិតណាស់លំហាត់ប្រាណជារឿងល្អ តែទាមទារឲ្យមានការអត់ធ្មត់ខ្ពស់ ដែលវាអាចជាកត្តាបង្កភាពស្រេ្តសទៅលើរាងកាយរបស់អ្នកទៅវិញ។ ប្រសិនការហាត់ប្រាណត្រូវបានចាត់ទុកជាបន្ទុកបន្ថែមពីលើការបំពេញការងារប្រចាំថ្ងៃរបស់អ្នក នោះប្រាកដណាស់អ្នកនឹងមិនអាចស្រកទម្ងន់ ទៅតាមការរំពឹងទុកនោះទេ ដោយវាអាចធ្វើឲ្យអ្នកផ្លាស់ប្តូរមិនត្រឹមតែការញ៉ាំ ថែមទាំងបាត់បង់គុណភាពនៃការគេងផងដែរ។ 

៥ គេងមិនបានគ្រប់គ្រាន់

ការគេងមិនគ្រប់គ្រាន់ ពិតជាមានផលប៉ះពាល់ទៅដល់ការឡើងទម្ងន់របស់អ្នកយ៉ាងខ្លាំង ព្រោះតែអាហារដែលយើងបានញ៉ាំចូលទៅ វាមិនទាន់បានរលាយអស់ ធ្វើឱ្យការរំលាយអាហារមានការយឺតយ៉ាវដូច្នេះ សូមអ្នកព្យាយាមគេងឱ្យបានយ៉ាងហោចណាស់៧ម៉ោងជារាល់ថ្ងៃ។ ជាទូទៅការគេងមិនបានគ្រប់គ្រាន់ និងនាំឲ្យអ្នកញ៉ាំកាន់តែច្រើន ជាពិសេសចំពោះអាហារដែលមានកម្រិតជាតិស្ករខ្ពស់ ដែលវាអាចប៉ះពាល់ដល់ការសម្រកទម្ងន់របស់អ្នក។

៦ ហាត់ប្រាណមិនបានគ្រប់គ្រាន់

ការចំណាយពេលច្រើននៅកន្លែងហាត់ប្រាណ តែមិនហាត់ឲ្យបានខ្ជាប់ខ្ជួន នោះវាមិនបានជួយអ្វីនោះទេ។ ជាមធ្យមអ្នកមិនគួរនៅលើសពីមួយម៉ោងក្នុងមួយថ្ងៃទេ។ អ្នកគួរតែពឹងផ្អែកលើសកម្មភាពនៃការហាត់ ជាជាងពឹងផ្អែកលើពេលវេលា។ គួរចងចាំថា អ្នកហាត់កាន់តែខ្លាំង នោះអ្នកត្រូវការពេលវេលាកាន់តែខ្លី នោះនិងធ្វើឲ្យការរំលាយអាហាររបស់អ្នកពន្យារពេលរហូត២៤-៤៨ម៉ោងបន្ទាប់។

៧ ហាត់ប្រាណខុសពេលវេលា

ភាគច្រើនបំផុតនៃការធ្វើលំហាត់ប្រាណ គឺនៅពេលព្រឹក និងពេលល្ងាច។ ប៉ុន្តែសម្រាប់ស្រ្តីដែលចង់សម្រកទម្ងន់ពិតនោះ នៅថ្ងៃដំបូងអ្នកគួរតែហាត់ប្រាណនៅពេលព្រឹក។ ការហាត់ប្រាណនាពេលល្ងាច គឺជាម៉ោង ដែលជិតដល់ពេលញ៉ាំអាហារ ដូចនេះវាធ្វើឲ្យអ្នកកាន់តែឃ្លានខ្លាំងជាងមុន។ 

៨ មិនគ្រប់គ្រងរបបអាហារឲ្យច្បាស់លាស់

ទោះជាហាត់ប្រាណហើយក៏ដោយ ប៉ុន្តែរបបអាហារអ្នកនៅតែតមនិងមានរបៀបញ៉ាំឲ្យបានត្រឹមត្រូវ ទើបអាចឃើញប្រសិទ្ធភាព។ ការបញ្ចុះទម្ងន់មិនអាចពឹងផ្អែកលើការតមអាហារ ឬហាត់ប្រាណមួយមុខឡើយ តែទាំងពីរនេះត្រូវរួមបញ្ចូលគ្នា។ ជាមួយគ្នានេះ ការទទួលទានសារាយ គឺមានអត្ថប្រយោជន៍ដល់រាងកាយអ្នកប្រាណសម្រកទម្ងន់ណាស់ ព្រោះប្រភេទសារាយអាចគ្រប់គ្រងកាឡូរីក្នុងរាងកាយមិនឲ្យកើនឡើង។ 

ព័ត៌មានផ្សេងទៀត