លោក​Biden​នាំមុខ​គេ​ក្នុង​ការបោះឆ្នោត​ជ្រើស​តំណាង​គណបក្ស​ប្រជាធិបតេយ្យ​

04-03-2020 4:18 pm 460

​លោកចូ បៃ​ដិន​(Joe Biden) បាន​ក្លាយ​ជា​បេក្ខភាព​នាំមុខ​គេ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​តំណាង​គណបក្ស​ប្រជាធិបតេយ្យ​អាមេរិក ហៅថា “Super Tuesday”​។ ការបោះ​ឆ្នោត​ដ៏​សំខាន់​នេះ ដើម្បី​កំណត់​ថា​បេក្ខភាព​ដែល​ជា​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​អាមេរិក​រូប​ណា​នឹង​ត្រូវ​ឈរ​ជា​តំណាង​ដើម្បី​ឈាន​ទៅ​ប្រកួតប្រជែង​ជាមួយនឹង​លោក​ដូណាល់ ត្រាំ ដែល​ជា​សមាជិក​របស់​គណបក្ស​សាធារណរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​០៣ ខែ​វិច្ឆិកា​ខាង​មុខ​។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​ដោយ​បណ្ដាញសារព័ត៌មាន​BBC នៅ​ថ្ងៃ​ទី​០៤ ខែ​មីនា ឆ្នាំ​២០២០​។​

​គួរ​ជម្រាប​ថា អតីត​អនុ​ប្រធានាធិបតី​លោកបៃ​ដិន បាន​នាំមុខ​លើ​បេក្ខភាព​ដទៃៗ​ទៀត រួមទាំង​លោក​សាន់​ឌឺ​ដែល​ឈរ​នៅ​លំដាប់​លេខ​២ រហូតដល់​ទៅ​៨​រដ្ឋ ក្នុងនោះ​មាន រដ្ឋ​Massachusetts, Minnesota, Oklahoma, Arkansas, Alabama, Tennessee, North Carolina និង​រដ្ឋ​Virginia​។ រីឯ​លោក​បឺនី សាន់​ឌឺ​(Bernie Sanders) ទទួល​សម្លេង​គាំទ្រ​លើសគេ​នៅក្នុង​រដ្ឋ​ចំនួន​៣​វិញ មាន រដ្ឋ​Colorado រដ្ឋ​Utah និង​រដ្ឋ​Vermont ដែលជា​ស្រុកកំណើត​របស់​លោក​ផ្ទាល់​។​

​ដោយឡែក​បេក្ខភាព​លេចធ្លោ​មួយ​រូប​ទៀត​គឺ​លោក​មហាសេដ្ឋី​Michael Bloomberg មិន​បាន​ទទួល​សម្លេង​គាំទ្រ​នាំមុខ​គេ​សូម្បីតែ​មួយ​រដ្ឋ ខណៈ​ដែល​លោក​បាន​ជះ​លុយ​រហូតដល់​ទៅ ៥០០​លាន​ដុល្លារ​ក្នុង​យុទ្ធនាការ​ឃោសនា​របស់​ខ្លួន តែ​បើ​លោក​ទទួល​ការគាំទ្រ​ពី​កោះ​តូច​មួ​របស់​អាមេរិក​គឺ​កោះ​American Samoa​។ ចំណែក​អ្នកស្រី​អេ​លីហ្សា​បែ​ត វ៉ារិន​(Elizabeth Warren) ជា​សមាជិក​ព្រឹទ្ធសភា​ម្នាក់ ក៏​ពុំ​ទទួលបាន​ការគាំទ្រ​នាំមុខ​គេ​ក្នុង​រដ្ឋ​ណាមួយ​ឡើយ សូម្បី​តែ​រដ្ឋ​ជា​ស្រុកកំណើត​របស់​លោកស្រី​ផង​។​

​សូមជម្រាបថា ក្នុងចំណោម​បេក្ខភាព​លេចធ្លោ​ទាំង​៤​នាក់​នេះ មានតែ​លោកចូ បៃ​ដិន និង​លោក​បឺនី សាន់​ឌឺ ប៉ុណ្ណោះ​ដែល​នឹង​មាន​លទ្ធភាព​ខ្ពស់​ក្លាយជា​តំណាង​គណបក្ស​ប្រជាធិបត្យេ ដើម្បី​ចូលរួម​ប្រកួតប្រជែង​តទល់​ជាមួយ​លោក​ត្រាំ ក្នុង​ការបោះឆ្នោត​នៅ​ចុងឆ្នាំ​២០២០​ខាងមុខ​៕

ព័ត៌មានផ្សេងទៀត