លោក​ហ៊ុនសែន​​ផ្ដល់​អនុសាសន៍​៨​ចំណុច​​ដើម្បី​អភិរក្ស​និង​អភិវឌ្ឍ​វប្បធម៌​ជាតិ​​រូបី​និង​អរូបី​​

04-03-2020 11:06 am 111

នៅក្នុង​ពិធី​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ ក្រោម​ប្រធានបទ «​យុវជន​ដើម្បី​វប្បធម៌​ជាតិ​» កាលពី​ថ្ងៃទី​០៣ ខែ​មីនា ឆ្នាំ​២០២០ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក​ហ៊ុន សែន បានផ្តល់​អនុសាសន៍​សំ​ខាន់ៗ​ចំនួន​៨​ចំណុច​ដល់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​បន្តការងារ​អភិរក្ស និង​អភិវឌ្ឍ​វប្បធម៌​ជាតិ​រូបី និង​អរូបី ប្រកបដោយ​តម្លាភាព​។ ​អនុសាសន៍​ណែនាំ​របស់​លោក​នាយករដ្ឋមន្ដ្រីហ៊ុន​សែន ដែល​ដាក់ឲ្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បន្ត​ការងារ​អភិរក្ស និង​អភិវឌ្ឍ​វប្បធម៌​ជាតិ​រូបី និង​អរូបី​នោះ​រួមមាន​៖

​ទី​១. ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ រួមជាមួយ​ក្រសួង  ស្ថាប័ន​ពាក់ព័ន្ធ និងឤ​ជ្ញាធរ​ដែនដី គ្រប់​ជាន់ថ្នាក់​ត្រូវ​បន្ត​យកចិត្តទុកដាក់​ថែរក្សា​ការពារ និង​បង្ក្រាប​រាល់​បទល្មើស​ឱ្យបាន​ទាន់ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព​នៅតាម​ទីតាំង​តំបន់​ប្រាសាទ រមណីយដ្ឋាន​ប្រវត្តិ​ស្រាស្ត វត្តឤ​រាម សំណង់​ប្រវត្តិសាស្ត្រ និង​សំណង់ ដែលមានឤ​យុកាល​រាប់រយឆ្នាំ​នៅតា​មមូលដ្ឋាន​នៅ​ទូទាំងប្រទេស​។ ទន្ទឹមនេះ ត្រូវ​បន្ត​រួមគ្នា​ធ្វើបញ្ជី​សារពើ​ភណ្ឌ​គ្រប់​ទីតាំង​នៃ​បេតិកភណ្ឌ​រូបី ទាំងនោះ​ឱ្យបាន​សព្វគ្រប់ ដើម្បី​ចៀសវាង​ការ រំលោភបំពាន ហើយ​ត្រូវ​បន្ត​ទាមទារ​យក​មកវិញ នូវ​បដិមា​នានា​របស់​ជាតិ​ដែល​បាន​បាត់បង់​កន្លងមក​ក្នុងអំឡុង​សម័យ​សង្គ្រាម​។

​ទី​២. ត្រូវ​រួមគ្នា​បន្តការងារ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​អរូបី ទាំងឡាយ​របស់​ជាតិ​ដែល​បាន​បាត់បង់ និង​ត្រូវ​យកចិត្តទុកដាក់ ស្វែងរក​មរតក​មនុ​ស្សរស់​បន្ថែមទៀត ដែល​ជាឃ្លាំង ចំណេះដឹង ក្នុងការ​បន្តវេន​ទៅ​យុវជន​ជំនាន់​ក្រោយ​។​

ទី​៣. ត្រូវ​បន្ត​កិច្ចសហការ​ជាមួយ​ក្រសួង​ទេសចរណ៍ ធ្វើ​ការផ្សព្វផ្សាយ​នូវ​សក្តានុពល ទេសចរណ៍​វប្បធម៌​ជាតិ ឱ្យបាន កាន់តែ​ទូលំទូលាយ​ក្នុង​គ្រប់​រូបភាព​សម្រាប់​ទេស​ចរ​ជាតិ និង​អន្តរជាតិ ដើម្បី​លើក​តម្លៃ​វប្បធម៌​ជាតិ រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​កាត់បន្ថយ​ភាពក្រីក្រ​។​

​ទី​៤. ប្រមុខ​រដ្ឋាភិបាល គាំទ្រ​ចំពោះ​កិច្ចសហការ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ក្រសួង​ព័ត៌មាន ដែល​បានធ្វើឱ្យ​វិស័យ​ភាពយន្ត​ភាគ​ខ្មែរ​បាននិងកំពុង​មាន​ភាព​រីកចម្រើន​គួរឱ្យកត់សម្គាល់ តាមរយៈ​ការកំណត់​ម៉ោង​មាស សម្រាប់ធ្វើ​ការចាក់ផ្សាយ​ភាពយន្ត​ភាគ​ខ្មែរ​នា​ពេលកន្លងមក​។ ជាមួយគ្នា នេះ  ឤ​ជ្ញាធរ​ដែនដី គ្រប់​ជាន់ថ្នាក់​ត្រូវ​សហការ​ជួយ​សម្រួល​ផ្តល់​ទីតាំង​ក្នុង​ដែនដី​របស់ខ្លួន ដើម្បី​សម្រួល​ដំណើរការ​នៃ​ការថត និង​ផលិត​ខ្សែភាពយន្ត​គ្រប់​ប្រភេទ​។​

​ទី​៥. ត្រូវ​បន្ត​កិច្ចសហការ​ជាមួយ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បំផុសសកម្មភាព​គ្រប់​ស្ថានទូត និង​ស្ថាន​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​បរទេស​រៀបចំ​ព្រឹត្តិការណ៍​វប្បធម៌​ខ្មែរ​ឱ្យបាន​ទៀងទាត់ ជា​រៀងរាល់ឆ្នាំ ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌​ជាតិ ជាមួយនឹង​ការពង្រឹង នយោបាយ​វប្បធម៌​ការ​ទូ​តូ ហើយ​ត្រូវ​បំផុស​ឱ្យ​សហគមន៍​ខ្មែរ​នៅ​បរទេស​ចូលរួម​រៀបចំ​កម្មវិធី​ទិវា​វប្បធម៌​ជាតិ ឱ្យបាន​អធិកអធម និង​ទូលំទូលាយ​។ 

​ទី​៦. ត្រូវ​រួមគ្នា​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយឤ​ជ្ញាធរ​ដែនដី តាម​មូលដ្ឋាន​នានា ថែរក្សា ការពារ​នូវ​ប្រពៃណី​ទំនៀមទម្លាប់ និង​ទីតាំង​គោរពបូជា​របស់​បងប្អូន​ជនជាតិដើម​ភាគតិច ដែលជា​ផ្នែក​មួយ​នៃ​វប្បធម៌​ដ៏​យូរលង់ របស់​ប្រជាជាតិ​យើង​ប្រកបដោយ​ប្រសិទ្ធភាព​។ 

​ទី​៧. ត្រូវ​បន្ត​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ជាពិសេស​ជាមួយ នាយកដ្ឋាន​ប្រឆាំង​បទល្មើស បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ ដើម្បី​ទប់ស្កាត់​ការបំពានច្បាប់​ស្តីពី សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល តាមរយៈ​ការយក​ស្នាដៃ​វប្បធម៌​ចាស់ៗ​យកមក ក្លែងបន្លំ​ជាមួយនឹង​ការបញ្ចូល​រូបភាព​មិន​សមរម្យ​នានា​ដោយ​ពុំ​មានច្បាប់​អនុញ្ញាត​។ 

​ទី​៨. ប្រមុខ​រដ្ឋាភិបាល សូម​អំពាវនាវ​ដល់​ជនរួមជាតិ​ទាំងអស់ ជាពិសេស​បងប្អូន កូន ក្មួយ​សិល្បករ​-​សិល្បការិនី និង​អ្នកនិពន្ធ​ស្នាដៃ​នានា ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​គ្រប់​ទម្រង់​នៃ​ការរំលោភបំពាន​យ៉ាង ធ្ងន់ធ្ងរ​លើ​ច្បាប់​ស្តីពី​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល តាមរយៈ​ការយក​ស្នាដៃ​ចម្រៀង ស្នាដៃ​ភាពយន្ត ស្នាដៃ​រូបភាព ស្នាដៃ​អក្សរសាស្ត្រ ស្នាដៃ​អក្សរសិល្បិ៍ និង​ស្នាដៃ​វប្បធម៌​ដទៃៗ​ទៀត ទាំង​ស្នាដៃ ដែលមាន​មរតក​សាសន៍ និង​គ្មាន​មរតកសាសន៍​មក​ផលិត​ឡើងវិញ ដោយ​ពុំបាន​សុំ​ការអនុញ្ញាត​ពី​ម្ចាស់​សិទ្ធិ ឬ​ពី​ក្រសួង វប្បធម៌ និង​វិចិត្រសិល្បៈ​។​

​ជាមួយគ្នា​នោះ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​ឧទ្ទិស «​ទិវា​វប្បធម៌​ជាតិ ៣​មីនា លើក​ទី​២២» ឱ្យ​ស្ថិតនៅ​ជា​អមតៈ​ក្នុង​ដួងចិត្ត​ប្រជាពលរដ្ឋ​ខ្មែរ គ្រប់ៗ​រូប ជាមួយនឹង​មនសិការ ស្នេហា​ជាតិ និង​ស្មារតី ស្រឡាញ់​សិល្បៈ​វប្បធម៌​ជាតិ ពិសេស​ត្រូវមាន​សាមគ្គី​ផ្ទៃក្នុង​ល្អ និង​កិច្ចសហការ​ជួយ​គ្នា​ទៅវិញទៅមក ក្នុងចំណោម​យុវជន​កម្ពុជា​ដែលជា​អ្នក​បន្តវេន ជាមួយនឹង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ថែរក្សា ការពារ​សម្បត្តិ​វប្បធម៌​ជាតិ​កម្ពុជា​ឱ្យ បាន​ស្ថិតស្ថេរ​គង់វង្ស ជា​រៀងរហូត​៕


ព័ត៌មានផ្សេងទៀត