លោក​ហ៊ុន សែន​​៖៣​ចំណុច​ដើម្បីឱ្យ​វប្បធម៌​ជាតិ​កាន់តែ​រីកចម្រើន​​និង​មាន​ភាពល្បីល្បាញ​​

04-03-2020 10:51 am 97

​នៅក្នុង​ពិធី​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ ក្រោម​ប្រធានបទ «​យុវជន​ដើម្បី​វប្បធម៌​ជាតិ​» កាលពី​ថ្ងៃទី​០៣ ខែ​មីនា ឆ្នាំ​២០២០ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក​ហ៊ុន សែន បាន​ណែនាំ​៣​ចំណុច ដល់​ក្រសួង​វប្បធម៌ និង​ភាគី​ពាក់ព័ន្ធ ដើម្បីឱ្យ​វប្បធម៌​ជាតិ​ដែលជា​ដួងព្រលឹង និង​ជា​អត្តសញ្ញាណ​ជាតិ និង​ជា​ឧបករណ៍​សម្រាប់​កិច្ចសន្ទនា ការផ្សះផ្សារ​សង្គម និង​ជា​ស្ពាន​នៃ​ការតភ្ជាប់ រវាង​ប្រជាជាតិ​មួយ​ទៅ​ប្រជាជាតិ​មួយទៀត កាន់តែ​មាន​ការរីកចម្រើន និង​មាន​ភាពល្បីល្បាញ​នៅ​បណ្តា​ឆ្នាំក្រោយៗ​ទៀត​។ ការណែនាំ​របស់​ប្រមុខ​រដ្ឋាភិបាល​នោះ​រួមមាន​៖

១. ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ត្រូវ​បន្ត​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​- ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី អង្គការ​ជាតិ​-​អន្តរជាតិ និង​វិស័យ​ឯកជន ព្រមទាំង​អង្គការ​មហាជន​និង​សមាគម​សិល្បៈ​នានា ដើម្បី​រៀបចំ​មហោស្រព​សិល្បៈ​យុវជន​ទូទាំងប្រទេស និង​បំផុសស្មារតី «​ទិវា​វប្បធម៌​ជាតិ​» ឱ្យបាន​កាន់តែ​សកម្ម​ទាំង​ក្នុង និង​ក្រៅប្រទេស​ក្នុង​បុព្វហេតុ​រួម គឺ​ការអភិរក្ស និង​អភិវឌ្ឍ​សម្បត្តិ​វប្បធម៌​ជាតិ អនុលោម​តាម​គោលនយោបាយ​ជាតិ ស្តីពី​វិស័យ​វប្បធម៌​ដោយ​រដ្ឋ​ជា​អ្នកគាំទ្រ​គាំពារ​ដៃគូ​ឯកជន​ជា​អ្នកអនុវត្ត ។​

​ទី​២. ត្រូវ​បន្ត​បង្កើត​នូវ​យន្តការ​ថ្មីៗ ដើម្បីឱ្យ​កូន​ខ្មែរឤ​ចមាន​លទ្ធភាព​បង្កើត​ស្នាដៃ​សិល្បៈ វប្បធម៌​ថ្មីៗ​របស់ខ្លួន តាមរយៈ​ការបើក​វគ្គ​បណ្តុះបណ្តាល​ដល់​យុវជន​នៅតាម​វិទ្យាល័យ សកល​វិទ្យាល័យ និង​អង្គការ សមាគម​សិល្បៈ ដើម្បី​ពង្រឹងគុណភាព​អ្នកបង្កើត​ស្នាដៃ​ថ្មីៗ តាម​ទម្រង់​ក្បួនខ្នាត​នៃ​វប្បធម៌​ជាតិ ចៀសវាង​ការលួចចម្លង នូវ​ស្នាដៃ​សិល្បៈ​អ្នកដទៃ​និង​បរទេស​។ ជាមួយគ្នានេះ ត្រូវ​បន្ត​រៀបចំ​ព្រឹត្តិការណ៍​វប្បធម៌​ឱ្យបាន​ច្រើន នៅតាម​បណ្តា​ខេត្ត​នៅ​ទូទាំងប្រទេស ជាពិសេស​នៅ​ខេត្តសៀមរាប​។​

និង​ទី​៣. ត្រូវបង្កើត​ភាពជា​ដៃគូ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ប្រព័ន្ធ​សារព័ត៌មាន​ឯកជន​តាមរយៈ​ទំព័រ​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​ក្រសួង​-​ស្ថាប័នរដ្ឋ និង​គណនី​យ​ហ្វេ​សប៊ុក​ផ្ទាល់ខ្លួន របស់​អ្នក​វប្បធម៌​គ្រប់រូប ហើយ ត្រូវ​បន្ត​ផ្សព្វផ្សាយ​ចែករំលែក​នូវ​ខ្លឹមសារ រូបភាព និង​វីដេអូ​នានា​ដើម្បី​រំលឹក​និង​អបអរ «​ទិវា​វប្បធម៌​ជាតិ​» និង​ព្រឹត្តិការណ៍​វប្បធម៌​ដែលមាន​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត ជាមួយ​ស្មារតី​ស្រឡាញ់​វប្បធម៌​ជាតិ ឱ្យបាន​ទូលំទូលាយ​ដល់​ពលរដ្ឋ​កម្ពុជា ពិសេស​ស្រទាប់​យុវជន​ដែលជា​អ្នក​បន្តវេន និង​ជា​សរស​ទ្រូង​នៃ​ប្រទេសជាតិ​៕

ព័ត៌មានផ្សេងទៀត