សមាជិកសភា​អ៊ីរ៉ង់​២៣​រូប​ធ្វើតេស្ត​រកឃើញ​វីរុស​កូរ៉ូ​ណាក្នុង​ខ្លួន​

04-03-2020 9:31 am 4219

បើតាម​ការចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​BBC ឲ្យដឹងថា សមាជិកសភា​អ៊ីរ៉ង់​ចំនួន​២៣​រូប ក្នុងចំណោម​២៩០​រូប បាន​ធ្វើតេស្ត​រកឃើញថា​មាន​ផ្ទុក​វីរុស​កូរ៉ូណា ដែល​បង្ក​ជា​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​។ ក្នុងចំណោម​មន្ត្រីជាន់ខ្ពស់​អ៊ីរ៉ង់ មាន​សមាជិក​ក្រុមប្រឹក្សា​មួយរូប គឺ​លោក Mohammad Mirmohammadi ដែល​ផ្តល់យោបល់​ដោយផ្ទាល់ ដល់​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​ក្នុងប្រទេស​អ៊ីរ៉ង់ លោក​Ayatollah Ali Khamenei បាន​ស្លាប់ ខណៈ​លទ្ធផល​ធ្វើតេស្ត​បង្ហាញថា​មាន​ផ្ទុក​វីរុស​កូរ៉ូណា​។ ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​Mohammad Mirmohammadi វ័យ​៧១​ឆ្នាំ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក Ayatollah Ali Khamenei​។ ក្រៅពីនោះ ប្រធាន​ផ្នែក​សេវា​វេជ្ជសាស្ត្រ​បន្ទាន់ គឺ​លោក Pirhossein Kolivand ក៏​រកឃើញថា​មាន​ផ្ទុក​វីរុស​កូរ៉ូណា​ផងដែរ បន្ទាប់ពី​ធ្វើតេស្ត​រួច​។​

​អ៊ីរ៉ង់​ក៏​មិន​ខុសពី​ប្រទេស​ផ្សេងទៀត​ដែរ កំពុង​ស្ទុះស្ទារ​ទប់ស្កាត់​ការ​រាលដាល ដោយមាន​ការចូលរួម​ពី​អ្នកជំនាញ​ជាតិ​និង​អង្គការ​សុខភាព​ពិភពលោក​ហៅ​កាត់​ថា WHO​ផងដែរ​។ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល Saeed Namaki បាន​និយាយថា​យុទ្ធនាការ​ត្រួតពិនិត្យ ទូទាំងប្រទេស​ចាប់ផ្តើម​នៅ​ថ្ងៃ​ពុធ​នេះ​។ ក្រុម​ត្រួតពិនិត្យ​នឹង​ទៅ​ជួប​អ្នក​ដែល​ត្រូវគេ​សង្ស័យថា បាន​ឆ្លង​មេរោគ​កូរ៉ូ​ណាឬកូវី​ដ​-១៩( Covid-19) និង​អ្នក​ដែល​មិនមាន​លទ្ធភាព​ទទួលបាន​សេវា​វេជ្ជសាស្ត្រ​។ រីឯ​ក្រុម​អ្នកជំនាញ​មកពី​អង្គការ​សុខភាព​ពិភពលោក ដែល​បាន​ធ្វើដំណើរ​ទៅដល់​ប្រទេស​អ៊ីរ៉ង់​កាលពី​ថ្ងៃ​ចន្ទ កំពុង​គាំទ្រ​អាជ្ញាធរ​សុខាភិបាល​ក្នុង​តំបន់​។ អ្នកជំនាញ​អន្តរជាតិ​នឹង​ពិនិត្យឡើងវិញ លើ​ការត្រៀមខ្លួន​និង​កិច្ចខិតខំ​ប្រឹងប្រែង​ឆ្លើយតប​, ពិនិត្យ​គ្រឿង​បរិក្ខារ​ពេទ្យ មន្ទីរពេទ្យ មន្ទីរពិសោធន៍ ព្រមទាំង​ផ្តល់​ការណែនាំ​ផ្នែក​បច្ចេកទេស​ផងដែរ​។ យន្ដហោះ​ដឹក​អ្នកជំនាញ​មកពី​អង្គការ​សុខភាព​ពិភពលោក ទៅកាន់​ប្រទេស​អ៊ីរ៉ង់ ក៏មាន​ផ្ទុក​នូវ​គ្រឿង​ផ្គត់ផ្គង់ ផ្នែក​វេជ្ជសាស្ត្រ​និង​ឧបករណ៍​ការពារ ដើម្បី​ទ្រទ្រង់​បុគ្គលិក​សុខាភិបាល​ជាង ១៥,០០០ នាក់ ក៏ដូចជា​ឧបករណ៍​សម្រាប់​មន្ទីរ​ពិសោធន៍ ដើម្បី​ធ្វើតេស្ត​និង​ធ្វើ​រោគវិនិច្ឆ័យ​មនុស្ស​ជិត ១០០,០០០ នាក់​។​

​ទន្ទឹមនឹង​ប្រតិបត្តិការ​ក្តៅគគុក​ប្រយុទ្ធប្រឆាំង​វីរុស​កូរ៉ូណា កាលពី​ថ្ងៃ​អង្គារ​មេដឹកនាំ​កំពូល​លោក Ayatollah Ali Khamenei បាន​ជំរុញ​ឲ្យ​សាធារណជន គោរព​គោលការណ៍​ណែនាំ របស់​ក្រសួងសុខាភិបាល និង​បាន​បញ្ជា​ឲ្យ​ស្ថាប័ន​រដ្ឋាភិបាល​ទាំងអស់ ផ្តល់ជំនួយ​ចាំបាច់​ដល់​ក្រសួង​សុខាភិបាល​។ ជាមួយគ្នា​នោះ​លោក Ayatollah Khamenei ក៏បាន​ទទូច​ដល់​អាជ្ញាធរ​អ៊ីរ៉ង់ កុំ​លាក់​ព័ត៌មាន​អំពី​វីរុស​កូរ៉ូ​ណានេះ​។ លោក​បាន​អះអាងថា មន្ត្រី​អ៊ីរ៉ង់​បាន​រាយការណ៍​ដោយ​ភាពស្មោះត្រង់ និង​តម្លាភាព​ចាប់តាំងពី​ថ្ងៃ​ដំបូង ពេល​ដឹងថា​មាន​វីរុស​កូរ៉ូ​ណានៅ​ក្នុងប្រទេស​។​

​អ៊ីរ៉ង់​រង​នូវ​ការវាយលុក​ដោយ​វីរុស​កូរ៉ូណា​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ បើ​ធៀប​ជាមួយ​ប្រទេស​ជាច្រើន​ក្រៅពី​ចិន​។ បើតាម​ក្រសួងសុខាភិបាល​និយាយ​នៅ​ថ្ងៃ​អង្គារ ចំនួន​ករណី​ដែល​បានបញ្ជាក់ បាន​កើនឡើង​ជាង ៥០​ភាគរយ​ក្នុង​រយៈពេល​២​ថ្ងៃ​ជាប់ៗ​គ្នា ដែល​ធ្វើឲ្យ​តួលេខ​ឆ្លងនៅ​ប្រទេស​អ៊ីរ៉ង់ ក្នុង​ពេលនេះ កើនឡើង​ដល់​ជាង​២​ពាន់​នាក់ និង​ស្លាប់​ជិត​៨០​នាក់​។ អ៊ីរ៉ង់​ជា​ប្រទេស​ទី​ពីរ​បន្ទាប់ពី​ចិន ដែលមាន​មនុស្ស​ស្លាប់​ច្រើនជាងគេ​៕

ព័ត៌មានផ្សេងទៀត