Smart Farm Assistance ឧបករណ៍​ឆ្លាត​វៃ​ បញ្ជា​ប្រព័ន្ធ​ទឹក​តាម​ទូរស័ព្ទដៃ​

03-03-2020 5:54 pm 125

​ពីមួយថ្ងៃ​ទៅមួយថ្ងៃ បច្ចេកវិទ្យា​កាន់តែ​ជឿនលឿន ខណៈ​ការ​ស្រោច​ទឹក លើ​ផល​ដំណាំ​ផ្សេងៗ ក៏​កាន់​ងាយស្រួល និង​កាន់តែ​វិវត្តន៍​ថ្មី​ផងដែរ​។ ផ្តើម​តាំងពី​ការស្រោចស្រព តាមរយៈ​ការ​រែក​ធុង​ទឹក ដើរ​ស្រោច រហូត​ដល់​ការប្រើ​ម៉ូទ័​រទឹក ហើយ​នៅ​ដំណាក់​ថ្មី​នេះ គឺ​ការ​ប្រើប្រាស់​ទូរស័ព្ទ ដើម្បី​បញ្ជា​ឲ្យ​ដំណើរការ​ស្រោច​ទឹក ដោយ​ស្វ័យប្រវត្តិ​។ ចង់ដឹងថា ឧបករណ៍​បញ្ជា​ប្រព័ន្ធ​ទឹក តាម​ទូរស័ព្ទ​ដៃ​នេះ មាន​លក្ខណៈ​ពិសេស​យ៉ាងណាខ្លះ​នោះ​? សូម​ស្តាប់​សៅ វិសាល

​នេះ​ជា​ឧបករណ៍​ឈ្មោះថា Smart Farm Assistance ដែល​ជា​ឧបករណ៍​ឆ្លាត​វៃ សម្រាប់​បញ្ជា​ប្រព័ន្ធ​ទឹក​តាមរយៈ​ទូរស័ព្ទ​ដៃ​។​
​កញ្ញា ម៉េង ស្រី​លីន ស្ថាបនិក និង​ជា​ប្រធាន​ក្រុម នៃ​ក្រុម Smart Farm Assistance ដែល​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ArrowDot បានបញ្ជាក់​ថា ឧបករណ៍​ឆ្លាត​វៃ​នេះ មាន​២​ប្រភេទ​៖

១. Smart Valve ប្រើ​សម្រាប់​បញ្ជា​វ៉ាល់​ទឹក តាមរយៈ​App ដែល​តម្លើង​នៅក្នុង​ទូរស័ព្ទដៃ​

២. Smart Pump ប្រើ​សម្រាប់​បញ្ជា​ម៉ូទ័​រទឹក តាមរយៈ​ការប្រើប្រាស់​App​ដូចគ្នា​។​

Smart Farm Assistance ឬ​ឧបករណ៍​ឆ្លាត​វៃ សម្រាប់​បញ្ជា​ប្រព័ន្ធ​ទឹក​តាមរយៈ​ទូរស័ព្ទ​ដៃ បង្កើតឡើង​ក្នុង​គោលបំណង ដើម្បី​សម្រួល​ដល់​ប្រជាកសិករ ក្នុង​ការស្រោចស្រព​លើ​ផលដំណាំ ពី​ការចុះ​ទៅ​ផ្ទាល់ មក​ជា​ការបញ្ជា​ពី​ចម្ងាយ ពេល​លោក​អ្នក​នៅ​ផ្ទះ និង​អាច​បញ្ជា ពេល​លោក​អ្នក​នៅ​ខេត្ត​ឆ្ងាយ​បាន​ផង​ដែរ​។ Smart Farm Assistance ក៏​ផ្តល់​ភាពងាយស្រួល ក្នុង​ការកំណត់​រយៈពេល​បិទ​-​បើក និង​បរិមាណ​ទឹក​ដែល​ប្រើប្រាស់​ជា​ប្រចាំ​ថ្ងៃ ធ្វើឲ្យ​ប្រជាកសិករ មាន​ពេលវេលា​ច្រើន អាច​បំពេញ​ការងារ​ក្រៅ​ផ្សេង​បាន​។​

​កញ្ញា ម៉េង ស្រី​លីន បានបញ្ជាក់​ថា សម្រាប់​ការប្រើប្រាស់ Smart Valve និង Smart Pump ដោយ​គ្រាន់តែ​តម្លើង​App​នៅ​លើ​ស្មា​ត​ហ្វូន​ក្នុងការ​ភ្ជាប់​ដើម្បី​បញ្ជា តែ​ប្រសិនបើ​មិន​មាន​ស្មា​ត​ហ្វូន​ទេ គឺ​អាច​បញ្ជា​បាន​តាមរយៈ​SMS នៅ​គ្រប់​ទីកន្លែង​ដែល​មាន​ប្រព័ន្ធ​សេវា​ទូរស័ព្ទ​។​

​បច្ចុប្បន្ន ឧបករណ៍ Smart Farm Assistance ត្រូវបាន​ដាក់​លក់​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​ហើយ ក្នុងនោះ Smart Valve ប្រើ​សម្រាប់​បញ្ជា​លើ​វ៉ាល់​ទឹក មាន​តម្លៃ​ត្រឹមតែ​៩០​ដុល្លារ​ប៉ុណ្ណោះ ខណៈ Smart Pump ប្រើ​សម្រាប់​បញ្ជា​ម៉ូទ័​រទឹក មានតម្លៃ​១០០​ដុល្លារ​។​

​គួរបញ្ជាក់​ថា Smart Farm Assistance ពិត​ជា​ឧបករណ៍ ជាទី​ចាប់អារម្មណ៍ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ប្រកប​របរ​កសិកម្ម​មែន ព្រោះ​វា​អាចជួយ​សម្រួល​បាន​ច្រើន លើ​ការ​ស្រោច​ទឹក​លើ​ផលដំណាំ​។ យ៉ាងណាមិញ សង្ឃឹមថា នៅ​ថ្ងៃ​អនាគត ឧបករណ៍​នេះ នឹង​មាន​ការពេញនិយម សម្រាប់​ប្រជាកសិករ ក៏ដូចជា​ប្រជាពលរដ្ឋ​ទូរ​ទៅ មិន​ថា​តែ​លើ​ផលដំណាំ​នោះទេ មាន​ទាំង​សួនច្បារ នៅតាម​គេហដ្ឋាន​របស់​លោក​អ្នក​បាន​ផង​ដែរ​៕

ព័ត៌មានផ្សេងទៀត