កូរ៉េខាងត្បូង​ប្រកាសសង្គ្រាម​ប្រឆាំង​កូរ៉ូណា ខណៈ​ករណី​ឆ្លង​កើន​ដល់​ជាង​៥​ពាន់​នាក់​

03-03-2020 4:28 pm 462

​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ជេ​អ៊ីន​បានប្រកាស​ធ្វើសង្គ្រាម ប្រឆាំងនឹង​វីរុស​កូរ៉ូណា នៅ​ថ្ងៃ​អង្គារ​ទី ៣ ខែ​មីនា ដោយ​បញ្ជា​ឲ្យ​ភ្នាក់ងា​ររដ្ឋាភិបាល​ទាំងអស់ ត្រូវ​បំពេញបេសកកម្ម ២៤ ម៉ោង ដើម្បី​ទប់ទល់​វីរុស​កូរ៉ូណា ដែល​បាន​ឆ្លង​លើ​មនុស្ស​ជាង​៥​ពាន់​នាក់​នៅ​ក្នុងប្រទេស​នេះ​។ ជា​ករណី​ឆ្លង​ខ្ពស់បំផុត​បើ​ធៀប​នឹង​ប្រទេស​និង​តំបន់​ផ្សេងទៀត ក្រៅពី​ប្រទេស​ចិន​។ 

​នៅ​ថ្ងៃ​អង្គារ​នេះ កូរ៉េខាងត្បូង​បានបញ្ជាក់​ករណី​ឆ្លង​ថ្មី​ចំនួន​៦០០ នាក់​និង​ករណី​ស្លាប់​ថ្មី​ចំនួន​៣​នាក់​ទៀត ដែល​ធ្វើឲ្យ​ចំនួន​ឆ្លង​សរុប នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ហក់​ឡើងដល់​៥,១៨៦​នាក់​និង​ស្លាប់​៣១​នាក់​។ នៅ​ក្នុងនោះ ករណី​ពាក់កណ្តាល​រកឃើញ​លើ​មនុស្ស ដែល​ចូលរួម​ក្នុង​ពិធី​សាសនា​ក្នុង​ព្រះវិហារ Shincheonji និង​ជិត ៩០ ភាគរយ​រកឃើញ​លើ​មនុស្ស​នៅក្នុង​ទីក្រុង Daegu និង​ខេត្ត​ជិតខាង North Gyeongsang​។ ករណី​ឆ្លង​អាច​នឹង​បន្ត​កើនឡើង ត្បិត​មាន​មនុស្ស​ជាង​១​សែន​៩​ម៉ឺន​នាក់ បាន​ធ្វើតេស្ត​បន្តកន្ទុយ​គ្នា​នៅ​ថ្ងៃ​អង្គារ​នេះ ប៉ុន្តែ​មិនទាន់​បង្ហាញ​លទ្ធផល​នៅឡើយ​ទេ​។​

​ពាក់ព័ន្ធ​នឹង​ការរកឃើញ​មនុស្ស​ជាច្រើន ដែលមាន​ទំនាក់ទំនង​ជាមួយ​ព្រះវិហារ Shincheonji ផ្ទុក​វីរុស​កូរ៉ូណា រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល បាន​ដាក់ពាក្យ​ប្តឹង​លោក Lee Man-hee ស្ថាបនិក​ព្រះវិហារ​នេះ រួមទាំង​សមាជិក​មួយចំនួន ពីបទ​ឃាតកម្ម និង​ការបំពានច្បាប់ ស្តីពី ការគ្រប់គ្រង​ជំងឺឆ្លង​។ លោក​ត្រូវបាន​គេ​គំរាម​ប្រើប្រាស់​កម្លាំង ដើម្បី​នាំខ្លួន​ទៅ​ធ្វើតេស្ត​រក​វីរុស​កូរ៉ូណា​ផងដែរ ក្រោយ​បដិសេធ​មិន​ព្រម​ធ្វើតេស្ត​។ លទ្ធផល​បង្ហាញថា លោក​ពុំមាន​ផ្ទុក​វីរុស​កូរ៉ូណា​ទេ​។​

​ប្រទេស​កូរ៉េខាងត្បូង​មាន​ការកើនឡើង​យ៉ាង​ឆាប់រហ័ស នៃ​ការឆ្លង​វីរុស​កូរ៉ូណា​នៅក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ហើយ​អាជ្ញាធរ បានសម្រេច​ផ្អាក​ព្រឹត្តិការណ៍​សំខាន់ៗ​ជាច្រើន រួមមាន​ការប្រគំ​តន្ត្រី K-pop​ផង ហើយ​សាលារៀន​មួយចំនួន ត្រូវបាន​ពន្យារពេលរ​ហូ​តដល់ ៣ សប្តាហ៍​នៅ​ទូទាំងប្រទេស​។ ក្រៅតែពី​ប៉ះពាល់​ដល់​ដំណើរការ​ជាធម្មតា​របស់​សាលារៀន ធនាគារកណ្តាល​ឯណេះ​វិញ បាន​ព្រមាន​ពី​កំណើន​អវិជ្ជមាន​នៅក្នុង​ត្រីមាស​ទី ១ សម្រាប់​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ​ទី ១២ នៅលើ​ពិភពលោក​មួយ​នេះ​៕

ព័ត៌មានផ្សេងទៀត