កីឡាសាកលវិទ្យាល័យថ្នាក់ជាតិ ជាឱកាសដល់និស្សិតក្លាយជាកីឡាករតំណាងជាតិ

03-03-2020 2:51 pm 238
  ស្តាប់
ស្តាប់ជាសំឡេង

ការរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យថ្នាក់ជាតិនេះ គឺដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្ស និងនិស្សិតចូលរួមលេងកីឡា ទទួលបានភាពសប្បាយរីករាយ សុខភាព សាមគ្គីភាព មិត្តភាព ជំរុញការសិក្សា បណ្តុះវប្បធម៌អប់រំកាយ កាត់បន្ថយភាពអសកម្មក្នុងសង្គម ជាពិសេសកីឡាករ កីឡាការិនីដែលមានទេពកោសល្យក្លាយជាកីឡាករតំណាងជាតិ និងចូលរួមការប្រកួតកីឡានិស្សិតអាស៊ាន ព្រមទាំងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។នេះបើតាមការលើកឡើងរបសស់ លោកសុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ក្នុងកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យថ្នាក់ជាតិលើកទី១ ឆ្នាំ២០២០។

តាមការគ្រោងទុកការប្រកួតនឹងចាប់ផ្ដើមធ្វើពីថ្ងៃទី០២ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ទាំងការបើកការប្រកួត និងបិទការប្រកួតនឹងធ្វើទីលានពហុកីឡដ្ឋានជាតិ។សម្រាប់ការប្រកួតលើកទី១ នេះដោយមានការឯកភាពពី សម្រេចដាក់កីឡាចំនួន ១២ប្រភេទ កីឡា ដូចជា៖ កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយកូនឃ្លីលើកតុ វាយសី ប៉េតង់ ហែលទឹក ការ៉ាតេ តេក្វាន់ដូ-ITF តេក្វាន់ដូ-WT និងសីប៉ាក់តាក្រ ដែលមានចំនួន ៩៥វិញ្ញាសាឲ្យប្រកួត ។

លោកបានបន្តទៀតថា នេះក៏ជាឱកាសដែលសហព័ន្ធកីឡាជាតិអាចពង្រីកក្លឹបកីឡារបស់ខ្លួនបន្ថែមនៅតាមសកលវិទ្យាល័យ ហើយកីឡាករ កីឡាការិនីដែលអាចចូលរួមការប្រកួតបានដាក់ខាតត្រូវតែជានិស្សិតដែលសិក្សាពេញម៉ោងនៅក្នុងសាកលវិទ្យាល័យនោះ។

គួរបញ្ជាក់ថានាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិត នឹងរៀបចំទីកន្លែងប្រកួតចំនួន ៥កន្លែងគឺ ពហុកីឡដ្ឋានជាតិ, វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា, វិទ្យាល័យបឹងត្របែក, វិទ្យាល័យជាស៊ីមបឹងកេងកង និងវិទ្យាល័យច្បារអំពៅ៕ 

 ពាក្យគន្លឹះ  ក្រសួងអប់រំកីឡា

ព័ត៌មានផ្សេងទៀត