លោក​គីម ជុង​អ៊ុន​​លើកឡើង​​ពី​ហានិភ័យ​​បើ​កូរ៉េខាងជើង​​ឆ្លង​វីរុស​កូរ៉ូណា​

29-02-2020 10:57 am 439

​លោក​គីម ជុង​អ៊ុន​បាន​ព្រមាន​ទៅដល់​មន្ដ្រីជាន់ខ្ពស់​រប​ស់លោ​កថា កូរ៉េខាងជើង​នឹង​ជួប​ផលវិបាក​ធ្ងន់ធ្ងរ ប្រសិនបើ​មិន​យកចិត្ដទុកដាក់​ទប់​ស្កាត់ការ​ផ្ទុះឡើង​នៃ​វីរុ​ស​កូរ៉ូណា​ទេ​។ ប្រទេស​ដែល​គេ​ចាត់ទុកថា​មាន​ប្រព័ន្ធ​សុខាភិបាល​ទន់ខ្សោយ​មួយ​នេះ បាន​បិទ​ព្រំដែន​រួចទៅហើយ​ការពារ​កុំឲ្យ​វីរុស​កូរ៉ូណា​ឆ្លង​ចូល​ប្រទេស​របស់ខ្លួន​។ 

​ថ្លែង​ក្នុង​កិច្ចប្រជុំ​ជាមួយ​មន្ដ្រី​ក្នុង​បក្ស​ពលករ​លោក​គីម​បាន​លើកឡើងថា ការប្រយុទ្ធប្រឆាំង​វីរុស​កូរ៉ូណា​គឺជា​កិច្ចការ​សំខាន់បំ​ផុត​មួយ​របស់​រដ្ឋ ដែល​ត្រូវ​យកចិត្ដទុកដាក់​ការពារ​ប្រជាជន ហេតុនេះ​ទាមទារ​ឲ្យមាន​ការអនុវត្ដ​យ៉ាងម៉ឺង​ម៉ាត់​តាម​ការណែនាំ​និង​បទបញ្ជា​។ ករណី​ដែល​វីរុស​កូរ៉ូណា​ឆ្លង​រាលដាល​ហួស​ពី​សមត្ថភាព​គ្រប់គ្រង នោះ​នឹង​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ​បំផុត​។ នេះ​ជា​ការគូសបញ្ជាក់​របស់​លោក​គីម ជុង​អ៊ុន​ក្នុង​កិច្ចប្រជុំ ដែល​ត្រូវបាន​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​កូរ៉េខាងជើង​KCNA​។​

​តាម​របាយការណ៍​ឲ្យដឹងថា មន្ដ្រីជាន់ខ្ពស់​ពីររូប​ដែលជា​អនុប្រធាន​គណបក្ស​ត្រូវបាន​បណ្ដេញចេញ​ពី​តំណែង ក្រោយ​មានការ​បង្ហាញថា​ពួកគេ​អាច​ច​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ក្នុង​វិធានការ​ទប់ស្កាត់​ការឆ្លង​វីរុស​កូរ៉ូណា​។ លោក​គីម ជុង​អ៊ុន​សង្កត់ធ្ងន់ថា គ្មាន​ករណី​ពិសេស​ណាមួយ​ត្រូវបាន​អនុញ្ញាត​ឡើយ ហើយ​លោក​បញ្ជា​ឲ្យ​បិទ​ទាំងអស់​រាល់​បណ្ដាញ​និង​ចន្លោះប្រហោង​ដែល​វីរុស​កូរ៉ូណា​អាច​ឆ្លង​បាន​។ 

​គួរ​បញ្ជាក់ថា នៅ​មិនទាន់មាន​សេចក្ដីរាយការណ៍​ពី​ករណី​ឆ្លង​វីរុស​កូរ៉ូ​ណានៅ​កូរ៉េខាងជើង​ទេ ស្របពេល​បច្ចុប្បន្ន​មាន​ប្រទេស​និង​តំបន់​ប្រមាណ​ជិត​៦០​ហើយ​បាន​រងគ្រោះ​។ កូរ៉េខាងជើង​បាន​ហាមឃាត់​ភ្ញៀវទេសចរ ផ្អាក​ខ្សែ​រថភ្លើង​និង​ជើងហោះហើរ​អន្ដរជាតិ ព្រមទាំង​យក​ជនបរទេស​នៅក្នុង​ប្រទេស​រាប់រយ​នាក់ ដាក់​នៅ​ដាច់ដោយឡែក​ការពារ​ការឆ្លង​វីរុស​កូរ៉ូណា​។ សាលារៀន​នៅ​កូរ៉េខាងជើង​ក៏ត្រូវ​ពន្យារពេល​វគ្គ​សិក្សា​បណ្ដោះអាសន្ន​ដែរ​។ 

​អគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​អង្គការសហប្រជាជាតិ​បាន​និយាយថា ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​នឹង​លើកលែង​ទណ្ឌកម្ម​ផ្នែក​កិច្ចការ​មនុស្សធម៌ ដែល​ដាក់​លើ​កូរ៉េខាងជើង​ជុំវិញ​កម្មវិធី​នុយក្លេអ៊ែ​រ ហើយ​បើកផ្លូវ​ឲ្យ​បញ្ជូន​ឧបករណ៍​ទៅ​ជួយ​កូរ៉េខាងជើង​ប្រឆាំងនឹង​ការឆ្លង​វីរុស​កូរ៉ូណា​។ ប៉ុន្ដែ​បញ្ហា​ត្រង់​ថា​ពេលនេះ​កូរ៉េខាងជើង​បាន​បិទ​ព្រំដែន​រួចទៅហើយ​។ សមាជិក​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ បាន​អំពាវនាវ​ទៅ​កូរ៉េខាងជើង​ឲ្យ​បើក​ព្រំដែន​ទទួលយក​ឧបករណ៍​ទាំងនោះ​ចូល ដូច្នេះ​ប្រជាជន​នៅក្នុង​ប្រទេស​អាច​នឹងត្រូវ​ការពារ​បាន​៕

ព័ត៌មានផ្សេងទៀត