កូរ៉េខាងត្បូង​​មាន​អ្នក​ឆ្លង​វីរុស​​កូរ៉ូណា​ថ្មី​​៥៩៤​នាក់​​កើនឡើង​​យ៉ាងគំហុក​​សរុប​ជិត​​៣​ពាន់​នាក់​

29-02-2020 9:08 am 391
ករណីឆ្លងនៅកូរ៉េខាងត្បូងពិតជាកើនឡើង​យ៉ាងគំហុក

​កូរ៉េខាងត្បូង​បាន​រាយការណ៍​នៅ​ថ្ងៃទី​២៩​កុម្ភៈ​ថា ចំនួន​មនុស្ស​ឆ្លង​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​ទើប​រកឃើញ​មាន​ចំនួន​៥៩៤​នាក់ ធ្វើឲ្យ​ចំនួន​អ្នក​ឆ្លងស​រុបនៅក្នុង​ប្រទេសមួយ​នេះ​កើនឡើង​យ៉ាងគំហុក​គឺ​ប្រមាណ​ជិត​៣​ពាន់​នាក់​ហើយ​។ កូរ៉េខាងត្បូង​កំពុង​ប្រយុទ្ធប្រឆាំង​ការឆ្លង​រាល​នៃ​វីរុស​កូរ៉ូណា ជាមួយនឹង​កម្មវិធី​ដ៏​ធំ​មួយ​។ គិតពី​ចំនួន​មនុស្ស​ស្លាប់​ត្រឹម​ពេលនេះ​មាន​ចំនួន​១៦​នាក់​ហើយ​។ 

​ក្នុងចំណោម​៥៩៤​ករណី​ថ្មី ៤៧៦​ករណី​រកឃើញ​នៅក្នុង​ទីក្រុង​ដែ​ហ្គូ​(Daegu) ស្ថិតនៅ​ចម្ងាយ​ប្រមាណ​៣០០​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​ពី​ទីក្រុង​សេ​អ៊ួ​ល និង​៦០​ករណី​រកឃើញ​នៅក្នុង​ខេត្ដ​ជាប់​គ្នា​គឺ​ខ្យឹង​សាំង​ខាងជើង​(North Gyeongsang) នេះ​បើតាម​សេចក្ដីរាយការណ៍​ពី​មជ្ឈមណ្ឌល​បង្ការ​និង​គ្រប់គ្រង​ជំងឺ​កូរ៉េខាងត្បូង​។ ចំពោះ​បណ្ដា​ខេត្ដ​និង​ទីក្រុង​ធំៗ​មួយចំនួនទៀត​ក៏​ត្រូវបាន​រាយការណ៍​ថា​មាន​ករណី​ឆ្លង​ថ្មី​ដែរ ខណៈ​ទីក្រុង​សេ​អ៊ួ​ល​វិញ​មាន​ឆ្លង​បន្ថែម​១២​ករណី​។ 

​ចាប់តាំងពី​វីរុស​កូរ៉ូ​ណាបាន​ផ្ទុះឡើង​ស្ថិតក្នុង​កម្រិត​ប្រកាសអាសន្ន​នៅ​កូរ៉ូខាងត្បូង​កាលពី​ថ្ងៃអាទិត្យ​សប្ដាហ៍​មុន អាជ្ញាធរ​សុខាភិបាល​កូរ៉េខាងត្បូង​បាន​ផ្ដោតជាសំខាន់​លើ​ការទប់ស្កាត់​ការឆ្លង​រាលដាល​នៅក្នុង​ទីក្រុង​ដែ​ហ្គូ ជា​ចំណុចកណ្ដាល​នៃ​ការឆ្លង​រាលដាល​វីរុស​កូរ៉ូណា រួមទាំង​នៅក្នុង​ខេត្ដ​ខ្យឹង​សាំង​ខាងជើង​ផងដែរ​។ អ្នកជំនាញ​បញ្ជាក់ថា​ចំនួន​មនុស្ស​ឆ្លង​អាច​នឹង​កើនឡើង​ច្រើន​ទៀត​ប៉ុន្មាន​ថ្ងៃ​ខាងមុខ នៅពេល​អាជ្ញាធរ​នឹង​ធ្វើតេស្ដ​លើ​មនុស្ស​ប្រមាណ​ជាង​២១​ម៉ឺន​នាក់ ជា​សមាជិក​នៃ​ព្រះវិហារ​សាសនា​គ្រិស្ដ​ស៊ីន​ឈុន​ជី ដែលជា​ចំណុចកណ្ដាល​នៃ​ការឆ្លង​យ៉ាង​ឆាប់រហ័ស​ទៅកាន់​បណ្ដា​ខេត្ដដ​ទៃ​៕

ព័ត៌មានផ្សេងទៀត