កូរ៉េខាងត្បូង​​មាន​មនុស្ស​​ឆ្លង​វីរុស​​កូរ៉ូណា​​ដល់​ជាង​២​ពាន់​​នាក់​​និង​ស្លាប់​១៣​នាក់​

28-02-2020 8:40 am 277
រូបភាព​បុគ្គលិក​សុខាភិបាល​កូរ៉េខាងត្បូង​​កំពុង​បាញ់ឧស្ម័ន​ស​ម្លាប់មេរោគ

​កូរ៉េខាងត្បូង​បាន​រាយការណ៍​នៅ​ថ្ងៃទី​២៨​កុម្ភៈ​នេះ​ថា ចំនួន​មនុស្ស​ឆ្លង​វីរុស​កូរ៉ូ​ណាមាន​២៥៦​នាក់​បន្ថែម ធ្វើឲ្យ​ចំនួនមនុស្ស​ឆ្លង​សរុប​កើន​ដល់​ជាង​២​ពាន់​នាក់​ហើយ ស្របពេល​ប្រទេសមួយ​នេះ​កំពុង​ព្យាយាម​ទប់ស្កាត់​ការឆ្លង​ដែល​កើនឡើង​ខ្លាំង​ក្នុង​រយៈពេល​ដ៏​ខ្លី​។ អ្នកស្លាប់​ដោយសារ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩ បាន​កើនឡើង​ដល់​១៣​នាក់​។ ជាង​ពាក់កណ្ដាល​នៃ​ករណី​កើតឡើង​ថ្មី គឺ​រកឃើញ​នៅក្នុង​ទីក្រុង​ដែ​ហ្គូ​(Daegu)​ចំនួន​១៨២​ករណី និង​៤០​ករណី​ទៀត​រកឃើញ​នៅក្នុង​ខេត្ដ​ខ្យឹង​សាំង​ខាងជើង​(Gyeongsang)​ជា​ខេត្ដ​មាន​ព្រំប្រទល់​ជាប់​គ្នា​។ នៅតាម​បណ្ដា​ទីក្រុង​និង​ខេត្ដ​ធំៗ​មួយចំនួនទៀត ក៏មាន​សេចក្ដីរាយការណ៍​ថា​បាន​ឆ្លង​វីរុស​នេះដែរ​។ នេះ​បើតាម​ការបញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​កូរ៉េខាងត្បូង​។​

​ចាប់តាំងពី​វីរុស​កូរ៉ូ​ណាបាន​ផ្ទុះឡើង​ខ្លាំងដ​ល់ក​ម្រិត​ប្រកាស​ភ្លើង​ក្រហម កាលពី​ថ្ងៃអាទិត្យ​សប្ដាហ៍​មុន អាជ្ញាធរ​សុខាភិបាល​កូរ៉េខាងត្បូង​បាន​ផ្ដោត​សំខាន់បំផុត លើ​ការទប់ស្កាត់​ការឆ្លង​រាលដាល​នៅក្នុង​ទីក្រុង​ដែ​ហ្គូ ជា​ចំណុចកណ្ដាល​នៃ​ការផ្ទុះ​វីរុស​នេះ និង​នៅក្នុង​ខេត្ដ​ខ្យឹង​សាំង​ខាងជើង​។ អ្នកជំនាញ​និយាយថា ចំនួន​ករណី​ឆ្លង​ដែល​បាន​រាយការណ៍ អាច​នឹង​កើនឡើង​បន្ថែមទៀត​ក្នុងពេល​ឆាប់ៗ នៅពេល​អាជ្ញាធរ​សុខាភិបាល​ចាប់ផ្ដើម​ធ្វើតេស្ដ​លើ​មនុស្ស​ជាង​២១​ម៉ឺន​នាក់ ជា​សមាជិក​នៃ​ព្រះវិហារ​គ្រិស្ដសាសនា​ស៊ីន​ឈុន​ជី​(Shincheonji Church) ដែលជា​ចំណុចកណ្ដាល​នៃ​ការឆ្លង​រាលដាល​ទៅកាន់​ខេត្ដដ​ទៃទៀត​របស់​កូរ៉េខាងត្បូង​៕

ព័ត៌មានផ្សេងទៀត