ទីក្រុង​ស៊ិន​ជិន​រៀបចំ​ដាក់​បម្រាម​បរិភោគ​សាច់សត្វ​ឆ្កែ​និង​ឆ្មាក្រោយ​ផ្ទុះ​វីរុស​កូរ៉ូណា​

27-02-2020 5:51 pm 259

ទីក្រុង ស៊ិន​ជិន ខេត្ត​ហ្គ័ងតុង ប្រទេស​ចិន​បានស្នើ​ដាក់​បម្រាម​ហាមឃាត់ ការចាប់​សត្វ​ឆ្កែ​និង​ឆ្មារ មក​ធ្វើ​ម្ហូប​សម្រាប់​ទទួលទាន ខណៈ​បាន​បិទ​ការធ្វើ​ពាណិជ្ជកម្ម​សត្វព្រៃ ដែល​អ្នកវិទ្យាសាស្ត្រ​សង្ស័យថា ជា​ប្រភព​ដំបូង​នៃ​ការឆ្លង​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​។ ឯកសារ​នេះ​បាន​ទទួលស្គាល់ថា សត្វ​ឆ្កែ​និង​ឆ្មា​ជា​សត្វ​ចិញ្ចឹម ហើយនឹង​ហាមឃាត់​ការយក​ពពួកសត្វ​ទាំងនេះ​មក​បរិភោគ​។ រីឯ​សត្វ​ពស់ អណ្តើក​និង​កង្កែប ត្រូវបាន​គេ​ដក​ចេញពី​បញ្ជី​ដែល​ត្រូវ​បាន​អនុញ្ញាតឲ្យ​បរិភោ​គ​ផងដែរ បើទោះបី​ប្រភេទ​សត្វ​ទាំងនេះ ជា​ម្ហូប​ដ៏​ពេញនិយម​នៅ​ភាគខាងត្បូង​ប្រទេស​ចិន​ក៏ដោយ​។ 

​លិខិត​ដែល​បាន​ស្នើសុំ​ពី​រដ្ឋាភិបាល​ទីក្រុង ក៏បាន​ចុះបញ្ជី​នូវ​សត្វ​ចំនួន ៩ ប្រភេទ ដែល​ត្រូវ​បានអនុញ្ញាត ឲ្យទទួល​ទាន រួមមាន​សាច់ជ្រូក សាច់មាន់ សាច់គោ​និង​ទន្សាយ ក៏ដូចជា​ត្រី​និង​អាហារ​សមុទ្រ​ជាដើម​។ នៅក្នុង​សំណើ​នោះ​ក៏​បង្ហាញ​ដែរថា សត្វព្រៃ​ជាង​២​ពាន់​ប្រភេទ ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​សត្វ​ដែល​ស្ថិតក្រោម​ការការពារ​។ ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ីនហួ បាន​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា កំពុងមាន​ការពង្រីក​វិសាលភាព នៃ​ប្រភេទ​សត្វព្រៃ​ដែល​ត្រូវ​ទទួលបាន​ការការពា​រ ហើយនឹង​ដកហូត​អាជ្ញាប័ណ្ណ​អង្គកា​រណា ដែល​ជ្រក​ក្រោម​ស្លាក អង្គការ​ចិញ្ចឹមសត្វ តែ​លួច​បង្កាត់​ពូជ​សត្វ​សម្រាប់​ជួញដូរ​ដោយ​ខុសច្បាប់​ផងដែរ​។ នៅក្នុង​សេចក្តីព្រាង​មួយ​បង្ហាញថា អ្នក​ដែល​ចាប់​សត្វ​ស្ថិតក្រោម​ការការពា​រម​ក​បរិភោគ​នឹងត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន​២០,០០០ យ័ន ឬ​ស្មើ​២,៨៥០ ដុល្លារ រីឯ​ហាង​ដែល​លក់​សាច់សត្វ​ស្ថិតក្រោម​ការការពា​រវិ​ញ ត្រូវ​ប្រឈម​នឹង​ការពិន័យ​ជា​ប្រាក់​រហូតដល់ ៥០,០០០ យ័ន​ឬ​ប្រហែល​៧,១២៩​ដុល្លារ​។​

​សំណើ​របស់​ទីក្រុង ស៊ិន​ជិន ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាលកណ្តាល​កាលពី​ថ្ងៃ​ចន្ទ បានសម្រេច​ហាមឃាត់​ជាបន្ទាន់ ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​និង​ការប្រើប្រាស់​សត្វព្រៃ បន្ទាប់ពី​ការផ្អាក​ទទួលទាន​សាច់​ទាំងនោះ​លើកដំបូង​នៅក្នុង​ខែ​មករា​។ អ្នកវិទ្យាសាស្ត្រ​សង្ស័យថា វីរុស​កូរ៉ូណា​ថ្មី ឆ្លងទៅ​មនុស្ស​ពី​សត្វ​។ ការឆ្លង​ដំបូង​បំផុត​ត្រូវបាន​គេ​រកឃើញ​លើ​មនុស្ស ដែល​ប៉ះពាល់​នឹង​ទីផ្សារ​លក់​សត្វព្រៃ​នៅ​ទី​រួម​ខេត្ត​ហ៊ូ​ប៉ី ក្រុង​វូ​ហាន​ប្រទេស​ចិន ហើយ​ផ្សារ​នោះ​ត្រូវបាន​គេ​ដឹងថា ជា​កន្លែង​លក់ដូរ​សត្វ​ប្រចៀ​វ ពស់ សំពោច​និង​សត្វ​ដទៃទៀត សម្រាប់​ចម្អិន​ទទួលទាន​។​

​យ៉ាងណាក៏ដោយ រហូត​មកទល់ពេលនេះ នៅតែ​មិនទាន់មាន​ការបញ្ជាក់​ជា​ផ្លូវកា​រថា វីរុស​កូរ៉ូណា​ត្រូវបានច​ម្លងដំបូង​តាមរយៈ​សាច់​សត្វព្រៃ​ទាំងនោះ ឬក៏​ឆ្លង​តាមរយៈ​អ្វី​ឲ្យ​ពិតប្រាកដ​នៅឡើយ​ទេ ដឹង​ត្រឹមតែ​ថា​វា​ផ្ទុះឡើង​ដំបូង​ចេញពី​ប្រទេស​ចិន ហើយ​បច្ចុប្បន្ន​វីរុស​នេះ​កំពុង​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​យ៉ាង​ឆាប់រហ័ស​បំផុត ដោយបាន​រាតត្បាត​ដល់​ប្រទេស​ជាង​៤០​នៅ​ជុំវិញ​ពិភពលោក និង​ផ្តាច់ជីវិត​មនុស្ស​ចំនួន​ជាង​២,៨០០​នាក់ និង​ឆ្លង​ជាង​៨២,០០០​នាក់​នៅក្នុង​ពិភពលោក​។ ទន្ទឹមនឹងនោះ មាន​ករណី​ព្យាបាល​ជាសះស្បើយ​ចំនួន​៣២,០០០​នាក់​ផងដែរ​៕

ព័ត៌មានផ្សេងទៀត