ខែ​មីនា រោងចក្រ​ជិត​២០០​ប្រឈម​កង្វះ​វត្ថុធាតុដើម ប៉ះពាល់​កម្មករ​១៦​ម៉ឺន​នាក់​

27-02-2020 4:53 pm 326
  ស្តាប់
ស្តាប់ជាសំឡេង

​អ្នកនាំពាក្យ​ក្រសួង​ការងារ បានបញ្ជាក់​ថា នៅ​ដើមខែ​មីនា ខាងមុខនេះ មាន​រោងចក្រ​សហគ្រាស​ជិត​២០០ អាច​នឹង​ប្រឈម​នឹង​បញ្ហា​សង្វាក់​ផលិតកម្ម ដោយសារ​ខ្វះ​វត្ថុធាតុដើម ក្នុង​ការផលិត​។ ក្នុងនោះ អាច​នឹង​ប៉ះពាល់​ដល់​កម្មករ​ប្រហែល​១៦​ម៉ឺន​នាក់​។ យ៉ាងណាមិញ ជុំវិញ​បញ្ហា​នេះ រដ្ឋាភិបាល បាន​ត្រៀម​វិធានការ​ដើម្បី​ដោះស្រាយ​ផង​ដែរ​។ ដោយៈ​សៅ វិសាល​

​ជាថ្មី​ម្តងទៀត លោក​ហេង សួរ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ បានបញ្ជាក់​ថា តាម​ការព្យាករណ៍ និង​វាយតម្លៃ នៅ​ដើមខែ​មីនា​មុខ​នេះ មាន​រោងចក្រ​សហគ្រាស ជិត​២០០​អាច​ប្រឈម​នឹង​បញ្ហា​កង្វះ​វត្ថុធាតុដើម ក្នុង​សង្វាក់​ផលិតកម្ម ដែល​នឹង​អាច​ប៉ះពាល់​កម្មករ​-​កម្មការិនី​ជាង​១៦​ម៉ឺន​នាក់​។ កង្វះ​វត្ថុធាតុដើម ដោយសារ​បញ្ហា​វីរុស​Covid-19 ដែល​កំពុង​ផ្ទុះ​រីក​រាលដាល​ខ្លាំង​នៅ​ប្រទេស​ចិន ដែល​ជា​ប្រទេស​ផ្គត់ផ្គង់​វត្ថុធាតុដើម ដ៏​សំខាន់​សម្រាប់​កម្ពុជា​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​ក្រសួង​ការងារ នា​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ​នេះ លោក​ហេង សួរ បាន​បញ្ជាក់ទៀតថា រហូតមកដល់​ពេលនេះ ក្រសួង​បាន​ទទួល​ឯកសារ ពី​រោងចក្រ​សហគ្រាស​ចំនួន​១០ ដាក់​ពាក្យ​ស្នើ​ព្យូរ​ការងារ​កម្មករ នៅ​ផ្នែក​ខ្លះ ដែល​អាច​នឹង​ប៉ះ​កម្មករ​ប្រមាណ​ជា​៣​ពាន់​នាក់​។​

​លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ធ្លាប់បាន​លើកឡើង​ថា ការ​ព្យួរការងារ របស់​រោងចក្រ​សហគ្រាស នឹង​ធ្វើឲ្យ​កម្មករ​បាត់បង់​ប្រាក់ចំណូល​។ លោក​ថា ដំណោះស្រាយ ដើម្បី​កុំ​ឲ្យ​កម្មករ​ត្រូវ​បាត់បង់​ចំណូល​នេះ គឺ​អាច​ជា​រឿង​ដ៏​លំបាក​មួយ​សម្រាប់​រដ្ឋាភិបាល​។ កម្មករ​នឹង​ប្រឈម បញ្ហា​ហិរញ្ញវត្ថុ ពិសេស​ការបង់​ធនាគារ​។​

​លោក​អាត់ ធន់ ក៏​បាន​មើលឃើញ​ដូចគ្នា ពី​បញ្ហា​ប្រឈម​សម្រាប់​កម្មករ ពេល​រោងចក្រ​ព្យួរ​ការងារ ដោយ​កម្មករ​ភាគច្រើន ជាប់បំណុល​មីក្រូហិរញ្ញវត្ថុ​។​

​លោក​ហេង សួរ បាន​អះអាង​ថា រដ្ឋាភិបាល​បាន​ស្នើសុំ​មិត្ត​ចិន ជួយ​សម្រួល​ដល់​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ដោយ​អាច​ទទួលបាន​វត្ថុធាតុដើម​មុនគេ ធ្វើយ៉ាងណា ឲ្យ​បញ្ហា​នៃ​ការខ្វះ​វត្ថុធាតុដើម​គឺ​មាន​រយៈពេល​ខ្លី​។ ទន្ទឹមនឹងនេះ រដ្ឋាភិបាល​ក៏​បាន​ត្រៀម​ប្រាក់​ជួយ​ដល់​កម្មករ ដែល​នឹង​អាច​ត្រូវ​ព្យួរ​ការងារ នា​ពេល​ខាង​មុខ​ផង​ដែរ​។​

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ បាន​ថ្លែង​សារ​ពី​វិមាន​សន្តិភាព​ថា​ដើម្បី​ជួយ​ដល់​កម្មករ និយោជិត ក្នុង​វិស័យ​កាត់ដេរ ដែល​ទទួល​ផលប៉ះពាល់ ដោយ​ការខ្វះខាត​វត្ថុធាតុដើម​សម្រាប់​ផលិត រដ្ឋាភិបាល សម្រេច​នឹង​ផ្តល់​ឧបត្ថម្ភ​ប្រាក់​ចំនួន​១២០​ដុល្លារ សម្រាប់​រយៈពេល​៦​ខែ ដល់​កម្មករ (៤០ភាគរយ នៃប្រាក់ខែ ពីថៅកែរោងចក្រ និង២០ភាគរយ ពីរដ្ឋាភិបាល)និង​ផ្តល់​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ផងដែរ​។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានអនុញ្ញាត​ឲ្យ​រោងចក្រ មិន​បង់ប្រាក់​វិភាគទាន ធានារ៉ាប់រង​របប​ហា​នី​ភ័យ​ការងារ និង​ថែ​ទាំង​សុខភាព (​បស​ស​) ក្នុង​កំឡុង​ពេល​រោងចក្រ​ព្យួរ​អាជីវកម្ម​នោះ​ទេ​។​

​ប្រមុខ​រដ្ឋាភិបាល បាន​ថ្លែង​បញ្ជាក់ថា ដូច​ប្រទេស​ដទៃ​ទៀត​នៅក្នុង​តំបន់ វីរុស COVID-19 នេះ ក៏​មាន​ផលប៉ះពាល់ មកលើ​វិស័យ​សំខាន់ៗ នៃ​សេដ្ឋកិច្ច​កម្ពុជា​ដែរ ដែល​ក្នុងនោះ តាម​ការវាយតម្លៃ​បឋម មាន​វិស័យ​២ រង​ផង​ប៉ះពាល់​ធ្ងន់​ជាងគេ គឺ​ទី​១៖ វិស័យ​ទេសចរណ៍ ដោយ​មូលហេតុ អ្នកទេសចរ​មាន​ការភ័យខ្លាច​លែង​ហ៊ាន​ធ្វើ​ដំណើរ​កម្សាន្ត និង​ការបិទ​ជើងយន្តហោះ និង​ទី​២៖ វិស័យ​កាត់ដេរ ដោយសារ​ការ​ខ្វះ​វត្ថុធាតុដើម ត្បិត​រោងចក្រ​មួយចំនួន​នៅ​ប្រទេស​ចិន មិនទាន់​បើក​ដំណើរការ​ឡើងវិញ​ជា​ប្រក្រតី​»​។​

​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​កើតមានឡើង ចំពោះ​វិស័យ​ទាំង​២​នេះ លោកនាយក​រដ្ឋមន្ត្រី បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​មិន​ឱបដៃ​នៅ​ស្ងៀម មើល​សហគ្រាស និង​ក្រុមហ៊ុន​រងគ្រោះ​នូវ​ផល​ប៉ះពាល់ កម្មករ និយោជិត​មួយចំនួន​បាត់បង់​ការងារ ហើយ​កំណើន​សេដ្ឋកិច្ច​ថមថយ​ចុះ ដែល​អាច​បង្ក​ជា​ហានិភ័យ ដល់​សង្គមជាតិ​ទាំងមូល​នោះឡើយ​៕

ព័ត៌មានផ្សេងទៀត