លោកម៉ម ប៊ុនហេង៖ឆ្នាំ២០១៩ គ្មានករណីស្លាប់ដោយសារជំងឺគ្រុនចាញ់ទេ

27-02-2020 3:59 pm 120

រយៈពេល១២ខែក្នុងឆ្នាំ២០១៩កន្លងទៅ គ្មានករណីមនុស្សស្លាប់ដោយសារជំងឺគ្រុនចាញ់ទេ។ នេះបើតាមការឲ្យដឹងពីលោកម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០១៩និង លើកទិសដៅឆ្នាំ២០២០ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្តនៃក្រសួងសុខាភិបាលនៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២០។

ជាមួយគ្នានេះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង បានជម្រុញដល់មន្ដ្រីសុខាភិបាលទូទាំងប្រទេស ត្រូវបន្ដការខិតខំយកចិត្ដទុកដាក់ និងពង្រឹងសកម្មភាព កំចាត់ជំងឺគ្រុនចាញ់ ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ ឲ្យបានតាមផែនការកំណត់នៅឆ្នាំ២០២៥ ដែលជាគំនិតផ្តួចផ្តើមគាំទ្រពីលោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងបន្ដរក្សាឲ្យបាននូវអត្រាមរណភាពសូន្យ ។ លោកបានបញ្ជាក់ថា ការចូលរួមចំណែកពីមន្ដ្រីពាក់ព័ន្ធនេះ គឺជាភាពចំាបាច់បំផុត ដើម្បីសម្រេចឲ្យបាន នូវផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១-២០២៥ របស់រាជរដ្ឋាភិបាល ជាពិសេសគឺក្នុងដំណាក់កាលដំបូង ត្រូវលុបបំបាត់ឲ្យបាននូវជំងឺគ្រុនចាញ់ប្រភេទហ្វាល់ស៊ីប៉ារ៉ូម នាឆ្នាំ២០២០នេះ។

រដ្ឋមន្ដ្រីសុខាភិបាល បានឲ្យដឹងបន្ថែមទៀតថា អត្រាស្លាប់ដោយជំងឺគ្រុនចាញ់ គឺពុំមានអ្នកស្លាប់ទេក្នុងរយៈពេល៣ឆ្នាំមុនគោលដៅ ប៉ុន្តែចំនួនអ្នកឈឺនៅមានច្រើន ដែលត្រូវផ្តោតការយកចិត្តទុកដាក់ បន្តផ្តល់ការធ្វើតេស្តរកជំងឺគ្រុនចាញ់ ដោយធ្វើតេស្តលើក្រុមប្រជាជន ដែលប្រឈមនៅតាមតំបន់ដែលមានអ្នកជំងឺគ្រុនចាញ់ច្រើននិងផ្តល់ថ្នាំគ្រុនចាញ់ព្យាបាលភ្លាមៗតែម្តងពេលធ្វើតេស្តឃើញភ្លាម ។ 

ជាមួយគ្នានេះ លោកម៉ម ប៊ុនហេង ក៏បានផ្តាំផ្ញើដល់ មន្រ្តីពាក់ព័ន្ធត្រូវតែបន្តប្រជុំក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ឲ្យបានទៀងទាត់ ដើម្បីពិនិត្យស្ថានការណ៍ជំងឺបានទាន់ពេលវេលា ដោយឡែក អង្គការដៃគូដែលតំណាងឲ្យម្ចាស់ជំនួយ ត្រូវសហការឲ្យអស់លទ្ធភាព ជាមួយមជ្ឍមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និង បាណកសាស្ត្រ និងត្រូវផ្តោតលើប្រជាជនប្រឈមខ្ពស់ ជនចំណាកស្រុក អ្នកចូលព្រៃ ផ្តល់មធ្យោបាយការពារបង្ការការចម្លងជំងឺ និងផ្តល់សេវាអប់រំសុខភាព ពិនិត្យព្យាបាលឲ្យបានទាន់ពេលវេលា ៕

ព័ត៌មានផ្សេងទៀត