ទូតជប៉ុន​អរគុណ​រដ្ឋាភិបាលកម្ពុជា​​ដែល​​អនុញ្ញាត​ឲ្យ​នាវា​​Westerdam​​ចូល​ចត​​​​​

27-02-2020 2:38 pm 169

​លោក​មិកា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ថ្លែង​នូវ​អំណរគុណ​ចំពោះ​ការយោគយល់​របស់​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​ភាគី​ពាក់ព័ន្ធ ព្រមទាំង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ដែល​បាន​អនុញ្ញាត​ឲ្យ​នាវា​ទេសចរណ៍ MS Westerdam ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ ដែល​ក្នុង​នាវា​នោះ ក៏​មាន​ជនជាតិ​ជប៉ុន​ផង​ដែរ​។​លោក​ឯកអគ្គរាជទូត​ជប៉ុន​បាន​លើកឡើង​ដូចនេះ នៅក្នុង​ពិធី​ប្រគល់​និង​ទទួល​សម្ភារ​បរិក្ខា​រ​វេជ្ជសាស្ដ្រ សម្រាប់​បម្រើ​ឱ្យ​ការការពារ និង​ឆ្លើយតប​ការ​រាតត្បាត​នៃ​វីរុស​កូរ៉ូណា​ថ្មី (COVID-19) ក្រោម​ជំនួយ​ឥត​សំណង​របស់​ជប៉ុន មកដល់​កម្ពុជា នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ក្រោម​អធិបតីភាព រដ្ឋមន្ដ្រីក្រសួង​សុខាភិបាល​កម្ពុជា​លោក​ម៉ម ប៊ុនហេង​។​

​ទន្ទឹមនឹងនេះ​ដែរ លោក​មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ក៏​បាន​បង្ហាញ​ក្តីសង្ឃឹម​ថា ជប៉ុន​អាច​ពង្រឹង​កិច្ចសហប្រតិបត្ដិការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សុខភាព​ពិភពលោក ដើម្បី​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​វីរុស​នេះ និង​ដើម្បី​បង្ការ​ការរីក​រាលដាល​នៃ​វីរុស COVID-19 ហើយ​តាមរយៈ​កិច្ចសហប្រតិបត្ដិការ​នេះ ចំណងមិត្ដភាព រវាង​ប្រជាជន​កម្ពុជា និង​ប្រជាជន​ជប៉ុន នឹង​កាន់តែ​ស៊ីជម្រៅ ថែម​មួយ​កម្រិត​ទៀត​។​
​បន្ទាប់ពី​បាន​បង្ហាញ​នូវ​អំណរគុណ និង​ក្តីសង្ឃឹម​ដល់​កម្ពុជា​ហើយ​នោះ​លោក​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា  ក៏​បាន​ប្រគល់​ជូន​សម្ភារៈ​បរិក្ខារ ឬ​វេជ្ជសាស្ត្រ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូរ៉ូណា​ថ្មី​(COVID-19) ដល់​កម្ពុជា​ផង​ដែរ​រួមមាន​៖​អាវ​បំពង់​ចំនួន ៩,៣៦០  អាល់កុល​សម្អាត​ដៃ ៤៨០​ដប វ៉ែនតា​សុវត្ថិភាព​ចំនួន​៥៤០ ស្រោមដៃ​សុវត្ថិភាព​ចំនួន ១២,២០០​គូ ម៉ាស់រ​បាំង​ចំនួន ១២,០០០ និង​ម៉ាស់​វះកាត់​ចំនួន ២៦,៤០០​ម៉ាស់​។​

​សូម​ជម្រាប​ជូន​ដែរ​ថា ការសម្រេចចិត្ត​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​អោយ​នាវា​ទេសចរណ៍ MS Westerdam របស់​អាមេរិក​ចូល​ចត​នៅលើ​ទឹកដី​កម្ពុជា​នេះ​ដែរ កន្លងមក​កម្ពុជា និង​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល ក៏​បាន​ទទួល​ការកោតសរសើរ​និង​ថ្លែងអំណរគុណ​ជា​ច្រើន​ទាំង​ក្នុង​និង​ក្រៅប្រទេស​ដែល​រួមមាន ប្រធានាធិបតី​អាមេរិក​លោកដូ ណាល់​ត្រាំ ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក​កឹម សុខា អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ម្ចាស់​នាវា Westerdam អគ្គលេខាធិការ​នៃ​អង្គការ​ទេសចរណ៍​ពិភពលោក ព្រមទាំង​បណ្តា​ទូត​មួយចំនួនទៀត​ប្រចាំ​កម្ពុជា​ផងដែរ​។​

​សូម​រំលឹក​ដែរ​ថា នាវា​ទេសចរណ៍​ខ្នាត​យក្ស​របស់​អាមេរិក Westerdam បាន​ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២០ ក្រោយ​ទទួលបាន​ការអនុញ្ញាត ពី​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​។​នា​វាយ​ក្ស​នេះ​ដឹក​មនុស្ស​សរុប​ជាង ២,០០០​នាក់ បាន​ចាកចេញ​ពី​ទីក្រុង​ហុងកុង ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២០ ប៉ុន្តែ​ត្រូវបាន​អាជ្ញាធរ កោះ​តៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះ​ហ្គាំ (​អាមេរិក​) និង​ប្រទេស​ថៃ បដិសេធ​មិនឲ្យ​ចូល​ចតឡើយ ដោយសារ​តែ​ការព្រួយបារម្ភ​ថា ក្នុងចំណោម​មនុស្ស​រាប់ពាន់​នាក់​នៅលើ​នោះ អាច​មាន​ផ្ទុក​វីរុស​កូរ៉ូណា​ថ្មី (Covid-19)៕

 

 

 

 

 


ព័ត៌មានផ្សេងទៀត