លោក​មហា​ធៀ​៖​ខ្ញុំ​ចង់​ដឹកនាំ​រដ្ឋាភិបាល​មួយ​ដែល​មិន​ប្រកាន់​បក្សពួក​និយម​

27-02-2020 11:56 am 1480
លោកមហាធៀ មហាម៉ាត់

​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក​មហា​ធៀ មហា​ម៉ាត់ បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២០ ថា​រូបលោក​ពុំ​ចង់​ដឹកនាំ​រដ្ឋាភិបាល​មួយ​ដែល​ពោរពេញ​ទៅដោយ​ការប្រកាន់​បក្សពួកនិយម​ឡើយ​។ ថ្លែង​បែប​នេះ បន្ទាប់​ពី​នាយករដ្ឋមន្ត្រី​កំពុង​កាន់​តំណែង​បណ្ដោះអាសន្ន​រូបនេះ បាន​ដាក់​លិខិត​ទៅ​កាន់​ព្រះមហាក្សត្រ​ម៉ាឡេស៊ី ដើម្បី​សុំ​ព្រះ​រាជនុញ្ញាត​លាលែង​ពី​តំណែង កាលពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២០ កន្លងទៅ​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​បណ្ដាញសារព័ត៌មាន​CNA នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២០​។​

​យ៉ាងណាមិញ​ក្នុងអំឡុងពេល​កាន់តំណែង​បណ្ដោះអាសន្ន​របស់​ខ្លួន​នេះដែរ លោក​មហា​ធៀ បាន​ថ្លែង​បញ្ជាក់ថា “​បើសិនជា​អាច​រូប​លោក​ចង់​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ ដែល​មិន​ប្រកាន់យក​គោលការណ៍​គណបក្ស​ណាមួយ​ឡើយ ពោល​គឺ​យក​ប្រយោជន៍​ជាតិ​ជា​ធំ​។​”

​ចំពោះ​ការសុំ​លាលែង​ពី​តំណែង​របស់​មេដឹកនាំ​ដ៏​ចាស់វស្សា​របស់​រូបនេះ ព្រះមហាក្សត្រ​ម៉ាឡេស៊ី​ក៏​បាន​ព្រះ​រាជនុញ្ញាត​ផងដែរ​។ ប៉ុន្តែ​លោក​មហា​ធៀ ត្រូវ​បន្ត​កាន់តំណែង​បណ្ដោះអាសន្ន​រហូត​ទាល់តែ​រក​អ្នក​ដែល​អាច​ជំនួស​តំណែង​បាន​ទើប​លោក​អាច​ចុះចេញ​ពី​តំណែង​បាន​។​

​គួរបញ្ជាក់​ថា បើតាម​សម្ដី​របស់​អ្នកនាំពាក្យ​របស់​លោក​ម​ហា​ធៀ បានឲ្យដឹងថា នៅ​ថ្ងៃ​ព្រហស្បត្តិ៍​ទី​២៧​ខែ​កុម្ភៈ​នេះ នាយករដ្ឋមន្ត្រី​វ័យ​៩៤​ឆ្នាំ​រូប​នេះ ត្រូវបាន​ព្រះមហាក្សត្រ​កោះហៅ​ឲ្យចូល​គាល់ ស្របពេល​ដែល​រដ្ឋាភិបាល​កំពុង​ដោះស្រាយ​នូវ​វិបត្តិ​នយោបាយ ក្រោយ​ពី​ការសុំ​លាលែង​ពី​តំណែង​ដ៏​គួរឲ្យភ្ញាក់ផ្អើ​លរបស់​លោក​។ រីឯ​មូលហេតុ​នៃ​ការ​កោះ​ឲ្យចូល​គាល់​នេះ អ្នកនាំពាក្យ​ពុំ​បាន​បញ្ជាក់​នៅឡើយ​ទេ​។​

​ជុំវិញ​បញ្ហា​នេះដែរ កាលពី​ថ្ងៃ​ទី​២៥-២៦ ខែ​កុម្ភៈ ឆ្នាំ​២០២០ កន្លង​ទៅ​ព្រះមហាក្សត្រ​ម៉ាឡេស៊ី​បាន​ត្រាស់​បង្គាប់ ឲ្យ​បើក​នូវ​កិច្ចប្រជុំ​សំខាន់​មួយ ដែល​មាន​ការចូលរួម​ពី​សំណាក់​សមាជិក​សភា​ជាប់ឆ្នោត​ចំនួន ២២២​នាក់​។ កិច្ចប្រជុំ​ដ៏​សំខាន់​នេះ ដើម្បី​ដោះស្រាយ​វិបត្តិ​នានា​មួយចំនួន ពិសេស​គឺ​វិបត្តិ​នយោបាយ និង​វិបត្តិ​សេដ្ឋកិច្ច​ដែល​កំពុង​ជាប់គាំង​ដោយសារ​វីរុស​កូរ៉ូណា​ថ្មី​។​

​ទោះបីជា​យ៉ាងណា​ក៏ដោយ បច្ចុប្បន្ន​ម៉ាឡេស៊ី​មាន​សមាសភាព​២​រូប​គត់ ដែល​មហាក្សត្រ​អាច​នឹង​សម្រេច​ថា​នរណា​ម្នាក់​ជា​អ្នក​ត្រូវ​ដឹកនាំ​ប្រទេស​នេះ​បាន​។ ជាក់ស្ដែងសមាសភាព​ទាំង​២​រូបនោះ មាន​លោក​មហា​ធៀ និង​លោក​អាន់​វ៉ា អ៊ីប្រាហ៊ីម​។ សមាសភាព​ទាំង​២​រូបនេះ ជា​ដៃគូ​ប្រកួតប្រជែង​នយោបាយ​ដ៏​ធំ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ចាប់តាំងពី​លោក​ទាំង​ពីរ​បាន​បែកបាក់​គ្នា​ពី​ការ​បង្រួបបង្រួម​គណបក្ស​របស់ពួកលោក កាលពី​អំឡុង​ឆ្នាំ​២០១៨​។ ការបែកបាក់​គ្នា​របស់​កំពូល​អ្នកនយោបាយ​ទាំងពីរ​នេះ មូលហេតុ​ដោយសារ​ការដណ្ដើម​អំណាច​គ្នា ព្រោះតែ​កាលនោះ​លោក​មហា​ធៀ សន្យា​ថា​រូបលោក​នឹង​ប្រគល់​តំណែង​នាយករដ្ឋមន្ត្រី​ឲ្យទៅ​លោកអា​ន់វ៉ា តែ​បែរ​លោក​មហាធៀ​មិនបាន​ធ្វើតា​មសន្យាឡើយ​។​

​សូមជម្រាបថា លទ្ធផល​បញ្ជាក់​ថា​នរណា​ដែល​ត្រូវ​រ៉ាប់រង​តួនាទី​ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី អាច​នឹង​បញ្ជាក់​នាពេល​ឆាប់ៗ​ខាងមុខ ហើយ​វា​ជា​ការសម្រេចចិត្ត​របស់​ព្រះមហាក្សត្រ បន្ទាប់ពី​បាន​ឆ្លងកាត់​កិច្ចប្រជុំ​ដ៏​ធំ​កាលពីពេល​ថ្មីៗ​រួចមក​៕​

ព័ត៌មានផ្សេងទៀត