អង្គការ​ទេសចរណ៍​ពិភពលោក​និង​WHO​ចេញ​សេចក្តីថ្លែងការណ៍​រួម​ស្តីពី​ទេសចរណ៍​និងកូរ៉ូណា

27-02-2020 10:45 am 407

​នៅ​ថ្ងៃទី ២៦ ខែ​កុម្ភៈ ឆ្នាំ​២០២០ អង្គការ​ទេសចរណ៍​ពិភពលោក​ហៅ​កាត់​ថា UNWTO និង​អង្គការ​សុខភាព​ពិភពលោក​ហៅ​កាត់​ថា WHO បានចេញ​សេចក្តីថ្លែងការណ៍​រួម ស្តីពី ទេសចរណ៍ និង Covid-19 ដោយបាន​អំពាវនាវ​ឲ្យមាន​ការទទួលខុសត្រូវ និង​កិច្ចសម្របសម្រួល​។ ​សេចក្តីថ្លែងការណ៍​រួម​ចំនួន​មួយ​ទំព័រ​បាន​លើកឡើងថា ខណៈ​ការរីក​រាលដាល​នៃ​វីរុស​កូរ៉ូ​ណា​បច្ចុប្បន្ននៅតែ​បន្តកើ​តមាន អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​ទេសចរណ៍​ពិភពលោក ប្តេជ្ញា​ធ្វើការ​រួមគ្នា​ក្នុង​ការណែនាំ​តម្រង់ទិស ទៅលើ​ការឆ្លើយតប​របស់​វិស័យ​ទេសចរណ៍ និង​ការធ្វើដំណើរ​តប​ទៅនឹង​វិបត្តិ Covid-19 ។​

នៅ​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០២០ អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក បានប្រកាស អំពី ការ​រាតត្បាត​នៃ Covid-19 ជា​ភាពអាសន្ន​សុខភាព​សាធារណៈ ដែលជា​កង្វល់​អន្តរជាតិ ហើយ​បាន​ដាក់ចេញ​នូវ​អនុសាសន៍​បណ្តោះអាសន្ន​មួយចំនួន​។ នៅក្នុង​នោះ​ផងដែរ អង្គការ​សុខភាព​ពិភពលោក មិនបាន​ផ្តល់​អនុសាសន៍ ឲ្យមាន​ការ​រឹតបន្តឹង​លើ​ពាណិជ្ជកម្ម ឬ​ការធ្វើដំណើរ​ណាមួយ​ឡើយ ផ្អែក​តាម​ព័ត៌មាន​ទទួលបាន​នា​ពេលបច្ចុប្បន្ន​។ 

​អង្គការ​ទេសចរណ៍​ពិភពលោក និង​អង្គការ​សុខភាព​ពិភពលោក កំពុង​សហការ​ប្រឹក្សា​យោបល់​គ្នា​យ៉ាង​ជិតស្និទ្ធ ជាមួយនឹង​ដៃគូ​ផ្សេងៗ​ទៀត សំដៅ​ជួយ​ដល់​បណ្តា​រដ្ឋ​ទាំងឡាយ ឲ្យ​ធានាបាន​ការអនុវត្ត​វិធានការ​សុខភាព ប្រកបដោយ​ប្រសិទ្ធភាព និង​កាត់បន្ថយ​ឲ្យនៅ​តិច​បំផុត នូវ​ការរារាំង​មិនចាំបាច់​ដល់​ចរាចរណ៍ និង ពាណិជ្ជកម្ម​អន្តរជាតិ​។ ការឆ្លើយតប​ពី​វិស័យ​ទេសចរណ៍ ទាមទារ​ឲ្យមាន​ការថ្លឹងថ្លែង​សមស្រប​ទៅតាម​ភាព​គម្រាមកំហែង​សុខភាព​សាធារណៈ និង​ផ្អែកទៅលើ​ការវាយតម្លៃ​ហានិភ័យ​ក្នុងស្រុក តាមរយៈ​ការជំរុញឲ្យ​មានការ​ចូលរួម ពី​គ្រប់ផ្នែក​ទាំង​អស់នៃ​សង្វាក់​តម្លៃ​ទេសចរណ៍ មានដូចជា ស្ថាប័ន​សាធារណៈ ក្រុមហ៊ុន​ឯកជន និង​ភ្ញៀវទេសចរ ស្របតាម​អនុសាសន៍ និង​គោលការណ៍​ណែនាំ​ជាទូទៅ​របស់​អង្គការ​សុខភាព​ពិភពលោក​។​

​អង្គការ​ទេសចរណ៍​ពិភពលោក និង​អង្គការ​សុខភាព​ពិភពលោក​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​បំពេញការងារ​យ៉ាង​ជិតស្និទ្ធ ជាមួយ​គ្រប់​សហគមន៍​ទាំងអស់ និង​ប្រទេស​ទាំងឡាយ​ដែល​រង​ការប៉ះពាល់​ដោយ​ភាពអាសន្ន​នៃ​សុខភាព​បច្ចុប្បន្ន សំដៅ​ចូលរួម​កសាង​អនាគត​មួយ​កាន់តែ​ប្រសើរ និង​កាន់តែ​រឹងមាំ​។ សេចក្តីថ្លែងការណ៍​រួម​នេះ បញ្ជាក់ថា ការ​រឹតបន្តឹង​លើ​ការធ្វើដំណើរ​ទាំងឡាយណា ដែល​ឃ្លាតឆ្ងាយ​ពី​ស្មារតី​ខាងលើ អាច​បណ្តាលឲ្យមាន​ការរំខា​ន​មិនចាំបាច់ ដល់​ចរាចរណ៍​អន្តរជាតិ រួមទាំង​ផលប៉ះពាល់​អវិជ្ជមាន លើ​វិស័យ​ទេសចរណ៍​ផងដែរ​។ ស្ថិតក្នុង​ដំណាក់កាល​ប្រឈម​នេះ អង្គការ​សុខភាព​ពិភពលោក ប្រកាស​ចូល​រួមជាមួយ​សហគមន៍​អន្តរជាតិ​ទាំងអស់ ដើម្បី​រក្សា​សាមគ្គីភាព​ជាមួយ​ប្រទេស​រង​ផលប៉ះពាល់​នានា​។​

​ពាក់ព័ន្ធ​នឹង​វីរុស​កូរ៉ូណា ដែលមាន​ប្រភព​ផ្ទុះឡើង​ដំបូង​នៅក្នុង​ប្រទេស​ចិន បាន​រាត្បា​តដល់​ប្រទេសជាង​៤០​នៅ​ទូទាំង​ពិភពលោក និង​បានសម្លាប់​មនុស្ស​ចំនួន​២,៨០០​នាក់ និង​ឆ្លង​៨២,០២៧​នាក់​គិត​ត្រឹម​ថ្ងៃទី​២៦​ខែកុម្ភៈ​ឆ្នាំ​២០២០​។ ទន្ទឹមនឹងនោះ មាន​ករណី​ព្យាបាល​ជាសះស្បើយ​ចំនួន​៣៣,២០៦​នាក់​ផងដែរ​៕

 ពាក្យគន្លឹះ  វីរុសកូរ៉ូណា

ព័ត៌មានផ្សេងទៀត