កូរ៉េខាងត្បូង​​មាន​មនុស្ស​​ឆ្លង​វីរុស​​កូរ៉ូណា​​កើន​ដល់​​១,៥៩៥​​នាក់​ហើយ​

27-02-2020 9:00 am 164
បុគ្គលិកសុខាភិបាល​ប្រើឧស្ម័ន​​បាញ់សម្លាប់មេរោគ

​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺឆ្លង​កូរ៉េខាងត្បូង​បានបញ្ជាក់​នៅ​ថ្ងៃទី​២៧​កុម្ភៈ​នេះ​ថា ចំនួន​មនុស្ស​ឆ្លង​វីរុស​កូរ៉ូ​ណានៅ​ក្នុងប្រទេស​កូរ៉េខាងត្បូង​បានកើន​ឡើងដល់​១,៥៩៥​នាក់​ហើយ​។ ចំនួន​នេះ​បូក​បញ្ចូល​ករណី​ឆ្លង​ថ្មី​ដែលមាន​ចំនួន​៣៣៤​ករណី​។ ក្នុងចំណោម​ករណី​ឆ្លង​ថ្មី​មាន​៣០៧​ករណី​កើតឡើង​នៅក្នុង​ទីក្រុង​ដែ​ហ្គូ​(Daegu)​។ ចំពោះ​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​មាន​១២​នាក់​។ 

​គួរ​បញ្ជាក់ថា កូរ៉េខាងត្បូង​គឺជា​ប្រទេស​ទី​ពីរ​ដែលមាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ច្រើនជាងគេ​បន្ទាប់ពីប្រ​ទេសចិន ហើយ​កូរ៉េខាងត្បូង​បាន​ប្រកាសអាសន្ន​ពី​គ្រោះថ្នាក់​កម្រិត​ខ្ពស់ ដោយសារ​ការវាយប្រហា​រ​ពី​វីរុស​កូរ៉ូណា​។ អាជ្ញាធរ​កូរ៉េខាងត្បូង​បាន​ណែនាំ​ឲ្យ​ប្រជាជន​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​សមយុទ្ធ​យោធា​រួមគ្នា​កូរ៉េខាងត្បូង​-​សហរដ្ឋអាមេរិក​គ្រោង​ធ្វើឡើង​ក្នុងពេល​ឆាប់ៗ ក៏ត្រូវ​ផ្អាក​បណ្ដោះអាសន្ន​រហូត​ស្ថានការណ៍​បាន​ធូរស្បើយ​ឡើងវិញ​៕

ព័ត៌មានផ្សេងទៀត