ប្រទេស​៥​​មាន​មនុស្ស​​ស្លាប់​​និង​ឆ្លង​វីរុស​​កូរ៉ូណា​​ច្រើនជាងគេ​

26-02-2020 5:25 pm 515
  ស្តាប់
ប្រជាជនពាក់ម៉ាស់ការពារ​ការឆ្លងវីរុសកូរ៉ូណា
ស្តាប់ជាសំឡេង

​ការឆ្លង​រាលដាល​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​នៅ​មិនទាន់​អាច​រាំងខ្ទប់​បានទេ ទោះបី​នៅ​ចិន​ធ្លាក់ចុះ​បន្ដិច​ប៉ុន្ដែ​វា​បាន​បន្ដ​ឆ្លង​រាលដាល​ទៅ​ប្រទេស​ផ្សេងទៀត​។ បច្ចុប្បន្ន​មាន​ប្រទេស​និង​តំបន់​ជាង​៤០​ហើយ ដែលមាន​មនុស្ស​ឆ្លង​វីរុស​កូរ៉ូណា ហើយ​ប្រទេស​ខ្លះ​ក៏មាន​អ្នកស្លាប់​ទៅទៀត​។ ក្នុងចំណោម​ជាង​៤០​ប្រទេស​មាន​ប្រទេស​៥​រងគ្រោះ​ខ្លាំងជាងគេ ក្នុងនោះ​មានដូចជា​ប្រទេស​ចិន កូរ៉េខាងត្បូង ជប៉ុន អ៊ីតាលី និង​អ៊ីរ៉ង់​។ 

​ប្រទេស​ចិន​ដូច​បានដឹងហើយថា​ផ្ទុះ​វីរុស​កូរ៉ូណា​ដំបូង​គេ មាន​ករណី​ឆ្លង​ចំនួន​៧៨,០៦៤​នាក់ និង​ស្លាប់​ចំនួន​២,៧១៥​នាក់​។ នៅ​ប្រទេស​កូរ៉េខាងត្បូង​ទើប​ផ្ទុះ​ករណី​ឆ្លង​កាលពី​ចុង​ខែមករា ប៉ុន្ដែ​មាន​មនុស្ស​ឆ្លង​ចំនួន​១,២៦១​នាក់​និង​ស្លាប់​ចំនួន​១១​នាក់​។ រីឯ​ប្រទេស​ជប៉ុន​វិញ​ក៏​ទើប​ផ្ទុះ​ករណី​ឆ្លង ដោយ​ឆ្លង​ច្រើន​បំផុត​គឺ​នៅលើ​នាវា​ដឹក​ភ្ញៀវទេសចរ​Diamond Princess​កំពុង​ចត​នៅ​ជប៉ុន តែបើ​សរុប​អ្នក​ឆ្លង​ទាំងអស់​នៅ​ជប៉ុន​មាន​ចំនួន​៨៦២​នាក់ និង​ស្លាប់​ចំនួន​៥​នាក់​។ ចំណែក​ក្នុងប្រទេស​អ៊ីតាលី​ក៏មាន​ករណី​ឆ្លង​យ៉ាង​ឆាប់រហ័ស​ក្នុងពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ សរុប​ចំនួន​៣២៣​នាក់​និង​ស្លាប់​១១​នាក់ ស្របពេល​នៅ​ប្រទេស​អ៊ីរ៉ង់​មាន​អ្នក​ឆ្លង​សរុប​ចំនួន​៩៥​នាក់ តែ​ស្លាប់​ច្រើនជាងគេ​បន្ទាប់ពី​ប្រទេស​ចិន គឺ​ចំនួន​១៦​នាក់​។ ចំណែក​ប្រទេស​នៅ​សេសសល់​ផ្សេងទៀត មាន​អ្នក​ឆ្លង​សុទ្ធតែ​ក្រោម​១០០​នាក់ ហើយ​ប្រទេស​ខ្លះ​ក៏មាន​អ្នកស្លាប់​ដែរ​ប៉ុន្ដែ​ត្រឹម​២​នាក់​ចុះ​ប៉ុណ្ណោះ​។​

​បើ​គិតពី​ចំនួន​មនុស្ស​ឆ្លង​សរុប​ទូទាំង​ពិភពលោក​វិញ​មាន​ចំនួន​៨១,១២៦​នាក់ និង​ស្លាប់​សរុប​២,៧៦៣​នាក់ និង​ជាសះស្បើយ​មាន​ចំនួន​ជាង​៣​ម៉ឺន​នាក់​។ តួលេខ​ដែល​បានបង្ហាញ​គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២៦​កុម្ភៈ​ប៉ុណ្ណោះ ដូច្នេះ​អាច​នឹង​ប្រែប្រួល​នៅពេល​បន្ទាប់​។

​គួរ​បញ្ជាក់ថា ស្របពេល​នៅ​ពុំទាន់​អាច​រាំងខ្ទប់​ការឆ្លង​រាលដាល​បាន គ្រប់​បណ្ដា​ប្រទេស​នានា​នៅលើ​ពិភពលោក សុទ្ធតែ​បាន​ចាត់វិធានការ​រៀងៗ​ខ្លួន ជា​ការរួមចំណែក​ការពារ​វីរុស​កូរ៉ូ​ណានេះ​។ ខ្លាំង​បំផុត​គឺ​នៅក្នុង​ប្រទេស​កំពុង​រង​គ្រោះ​តែម្ដង បាន​ខ្នះខ្នែង​គ្រប់​មធ្យោបាយ រហូតដល់​បិទ​ព្រំដែន បិទ​ជើងហោះហើរ បិទ​អាជីវកម្ម ការប្រមូលផ្ដុំ​បណ្ដោះអាសន្ន និង​វិធានការ​ផ្សេងៗ​ទៀត​ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​វីរុស​កូរ៉ូ​ណាឬកូវី​ដ​១៩៕

 ពាក្យគន្លឹះ  វីរុសកូរ៉ូណាពិភពលោក

ព័ត៌មានផ្សេងទៀត