អ្នកជំនាញ​កសិកម្ម​និង​អ្នកនយោបាយ​យល់ឃើញ​ខុសគ្នា​ពី​ការ​មិន​យកពន្ធ​ដី​កសិកម្ម​របស់​កសិករ​

26-02-2020 5:15 pm 374

​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២០ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​លើកឡើង​នៅក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ផ្លូវជាតិលេខ ៥៨ ដែល​ត​ភ្ជាប់​ពី​ខេត្ត​បន្ទាយមានជ័យ ទៅ​ខេត្ត​ឧត្តរមានជ័យ​ថា ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​ឈ្នះ​ឆ្នោត​នោះ នឹង​នៅតែ​បន្ត​មិន​យកពន្ធ​ដី​កសិកម្ម​របស់​កសិករ​ជាដាច់ខាត​...

​សំឡេង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​៖

​ទាក់ទង​ទៅនឹង​ការលើកឡើង​របស់​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​នេះដែរ លោក​យ៉ង សាំង​កុមារ អ្នកជំនាញ​កសិកម្ម និង​ជា​ស្ថាបនិក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ឲ្យ​វិទ្យុ​វា​យោ​ដឹង​នៅ​ថ្ងៃទី​២៦ ខែ​កុម្ភៈ​ថា នយោបាយ​កសិកម្ម ដើម្បី​ជួយ​ដល់​កសិករ​ចំពោះ​ការ​មិន​យកពន្ធ​លើ​ដី​កសិកម្ម​របស់​ប្រជាពលរដ្ឋ​នេះ គឺជា​ចំណុច​តូច​មួយ​តែ​ប៉ុណ្ណោះ តែ​អ្វី​ដែល​សំខាន់​គឺ​ត្រូវមាន​គោលនយោបាយ និង​ធនធាន​ច្បាស់លាស់ ដើម្បី​គាំទ្រ​ដល់​កសិករ​។ លោក​បន្តថា ដំណោះស្រាយ​ដែល​កសិករ​ចង់បាន គឺ​បញ្ហា​ទឹក ដើមទុន ទីផ្សារ និង​បច្ចេកទេស​...

​សំឡេង​លោក​យ៉ង សាំង​កុមារ​៖

​ចំណែក​លោក​អ៊ូ ច័ន្ទ​រ័ត្ន អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​វិទ្យុ​វា​យោ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​២៦ ខែ​កុម្ភៈ​ថា លោក​ស្វា​មគ​ន៍ ចំពោះ​ការលើកឡើង​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ព្រោះ​លោក​យល់ថា បច្ចុប្បន្ន កសិករ​នៅ​តាម​តំបន់​មួយចំនួន គឺ​មាន​ជីវភាព​ក្រ​ខ្សត់ ។​លោក​បន្ថែមថា ចំពោះ​កសិកម្ម​ខ្នាត​ធំៗ ឬ​ក្រុមហ៊ុន​ធំៗ និង​អ្នកទិញ​ដី​កសិកម្ម​ទុកចោល គួរតែ​រាជរដ្ឋាភិបាល​ពិនិត្យមើល​ថា តើ​គួរ​យក​ពន្ធ រឺ​មិន​យកពន្ធ​...

​សំឡេង​លោក​អ៊ូ ច័ន្ទ​រ័ត្ន​៖

​រីឯ​លោក​ថេង សាវឿន​ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា បាន​ឲ្យ​វិទ្យុ​វា​យោ​ដឹង​តាម​ទូរស័ព្ទ​ដែរ​ថា ជាទូទៅ​ការយកពន្ធ​ដី​របស់​កសិករ​តូចតាច​មិន​គួរឲ្យ​មាន​ទេ តែ​រដ្ឋាភិបាល​គួរ​យក​ពន្ធ​ទៅលើ​ដី​ជួល​ធំៗ រឺ​ដី​ដែល​រដ្ឋ​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន ឬ​ឯកជន​ធំៗ​ដើម្បី​វិនិយោគ​ដាំ​ដំណាំ​ឧស្សាហកម្ម​...

​សំឡេង​លោក​ថេង សាវឿន​៖

​សូម​ជម្រាប​ជូន​ដែរ​ថា បើ​យោង​តាម​ឯកសារ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ឆ្នាំ​២០១៩-២០២៣ របស់​ក្រសួង​កសិកម្ម​បាន​ចាត់ទុក​ថា វិស័យ​កសិកម្ម​នៅ​តែ​ជា​វិស័យ​នាំមុខ​មួយ​ក្នុងចំណោម​វិស័យ​ផ្សេងៗ​ទៀត ដែល​បាន​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ។​ជាងនេះទៀត​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល គឺ​ការធ្វើ​ទំនើបកម្ម​វិស័យ​កសិកម្ម​កម្ពុជា ឲ្យមាន​លក្ខណៈ​ប្រកួតប្រជែង បរិយាប័​ន្ន ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​និរន្ត​ភាព បង្កើន​ប្រាក់ចំណូល​គ្រួសារ​កសិករ វិបុលភាព និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា តាម​អភិក្រម​និង​វិសាលភាព​ថ្មី ដើម្បី​ប្រែក្លាយ​វិស័យ​នេះ​ពី​ដំណាក់កាល​នៃ​ការអភិវឌ្ឍ​តាមបែប​វិបុល​កម្ម ឈានទៅរក​ដំណាក់កាល​ថ្មី​ដែល​ផ្តោត​លើ​ប្រពលវប្បកម្ម ពោល​គឺ​ផ្អែក​សំខាន់​លើ​ការប្រើប្រាស់​បច្ចេកទេស បច្ចេកវិទ្យា​ថ្មី កសិករ​វៃឆ្លាត ការស្រាវជ្រាវ និង​ការអភិវឌ្ឍ និង​ការបង្កើន​សមត្ថភាព​ស្រោចស្រព ដើម្បី​លើកកម្ពស់​ផលិតភាព ពិពិធ​កម្ម​ដំណាំ​ដែល​មាន​សក្តានុពល និង​ទីផ្សារ រួម​ទាំង​ការ​ចិញ្ចឹមសត្វ និង​វារីវប្បកម្ម​ជា​លក្ខណៈ​ពាណិជ្ជកម្ម​៕

 ពាក្យគន្លឹះ  ពន្ធដីកសិកម្ម

ព័ត៌មានផ្សេងទៀត