មូលហេតុអ្វីបានជាមនុស្សគេងមមើ?

26-02-2020 5:09 pm 144
  ស្តាប់
ស្តាប់ជាសំឡេង

ទម្លាប់គេងមមើ ត្រូវបានគេដឹងថាជាសកម្មភាពខុសប្រក្រតីមួយ ដែលតែងតែកើតឡើងដោយមិនដឹងខ្លួន ទៅលើមនុស្សដែលកំពុងគេងលក់។ ពេលខ្លះគ្រប់គ្នា អាចមមើនិយាយពីនេះពីនោះ ខណៈពេលកំពុងគេងយល់សប្ដិ ហើយអ្នកខ្លះទៀតក៏អាចមមើ បញ្ចេញជាកាយវិការផងដែរ។ មូលហេតុអ្វី បានជាមនុស្សគេងមមើ ហើយមានវិធីអ្វីខ្លះដើម្បីទប់ស្កាត់បញ្ហានេះ? 

ការទទួលទានដំណេកបានគ្រប់គ្រាន់ជាប្រចាំ ជាប្រការដ៏ល្អបំផុតដែលជួយឲ្យសុខភាពរាងកាយមនុស្សបានមាំមួន ថែមទាំងបានរួមចំណែក ជួយឲ្យសម្រស់ស្រស់ស្អាតក្មេងជាងវ័យទៀតផង។ ប៉ុន្តែបើការគេងមិនស្កប់ស្កល់ ពោលចេះតែមានរឿងចូលមករំខាន ជាក់ស្ដែងដូចជាអាការៈគេងមមើជាដើម ពិតជាមិនមានផលល្អនោះទេចំពោះសុខភាព។

គេងមមើ គឺជាការធ្វើសកម្មភាពដោយមិនដឹងខ្លួនពេលកំពុងតែគេងលក់ ដោយអ្នកខ្លះក្រោកឡើងដើរទៅនេះដើរទៅនោះ អ្នកខ្លះក៏មមើនិយាយ សើចម្នាក់ឯងក៏មាន ប៉ុន្តែពេលក្រោកពីគេងមកវិញ មនុស្សភាគច្រើនមិនបានចងចាំពីសកម្មភាពដែលពួកគេបានធ្វើឡើយ។ គេងមមើ អាចកើតឡើងទៅលើមនុស្សគ្រប់វ័យ មិនថាក្មេងចាស់ប្រុសស្រី ហើយវាក៏អាចបង្ករការរំខានទៅលើមនុស្សជុំវិញខ្លួននិងអ្នកដែលគេងក្បែរថែមទៀត។ តើមានមូលហេតុអ្វីខ្លះ បានជាមនុស្សគេងមមើ ហើយការមមើផ្ដល់ផលប៉ះពាល់អ្វីខ្លះដល់សុខភាព? មានវិធីអ្វីខ្លះដើម្បីដោះស្រាយបញ្ហានេះ?

១ មានអ្នកដាស់ឲ្យក្រោក ពេលកំពុងគេង

ប្រសិនជាអ្នកកំពុងតែគេងស្កប់ស្កល់ ហើយមានអ្នកណាម្នាក់មកដាស់ឱ្យក្រោក រួចហើយក៏គេងទៅវិញនោះ សកម្មភាពនៃការមមើ ក៏ចាប់ផ្ដើមដំណើរការ តាមអ្វីដែលបានកើតឡើងចំពោះខ្លួនអ្នកកាលពីពេលថ្ងៃ។

២ កត្តាតំណពូជ

ប្រសិនបើអ្នកធ្លាប់មានសមាជិកនៅក្នុងគ្រួសារណាម្នាក់ មានអាការៈគេងមមើ នោះពិតណាស់ កូនចៅជំនាន់ក្រោយក៏អាចកើតឡើងនូវអាការៈគេងមមើនេះដូចគ្នា ។ ជាពិសេ ដូចជាឪពុកម្ដាយដែលមានកូនតូច ហើយមានទម្លាប់គេងមមើ នោះកូនៗអាចនឹងជួបប្រទះអាការៈនេះដូចគ្នាដែរ។

៣ បញ្ហាផ្លូវចិត្ត

សម្រាប់មនុស្សអាយុចាប់ពី២៥ឆ្នាំឡើងទៅ ការគេងមមើអាចមានទំនាក់ទំនងទៅនឹងបញ្ហាផ្លូវចិត្ត គិតអ្វីដែលមិនបានសម្រេច ដែលអាចបង្ហាញថា ផ្លូវចិត្តរបស់អ្នកកំពុងស្ថិតក្នុងស្ថានភាពមិនប្រក្រតី។ 

៤ កត្តាបរិស្ថាន

ការស្ត្រេស ភាពសោកសៅ ស្មុកស្មាញ និងការគេងលក់មិនបានគ្រប់គ្រាន់ សុទ្ធតែជាកត្តាដែលអាចធ្វើឲ្យអ្នកគេងមមើ ជាពិសេសអ្នកស្រ្តសខ្លាំងពេក។ ដូចច្នេះ អ្នកគួរធ្វើចិត្តខ្លួនឯងឲ្យសប្បាយៗ នោះអាការៈនេះនិងបាត់ទៅបន្តិចម្ដងៗ ដោយខ្លួនឯង។

៥ មានបញ្ហាពាក់ព័ន្ធនឹងការគេង

អ្នកអាចនឹងគេងមមើ ប្រសិនបើអ្នកមានជំងឺឬបញ្ហាដែលពាក់ព័ន្ធដល់ការគេង ដូចជាជំងឺឈប់ដកដង្ហើមពេលគេងលក់ មានអាការៈរវើរវាយពេលក្រោកពីគេង សុបិនអាក្រក់ជាដើម។

៦ មានរឿងរញ្ជួលចិត្តពីខាងក្រៅ

ការអានសៀវភៅ មើលភាពយន្តភ័យរន្ធត់ មើលរូបភាពគួរឱ្យខ្លាចកាលពីថ្ងៃ ឬមុនពេលចូលគេងដែលធ្វើឱ្យខួរក្បាលនិងផ្លូវចិត្តត្រូវរំខាន អាចធ្វើឱ្យអ្នកគេងលក់មិនស្កប់ស្កល់ រហូតអាចធ្វើឲ្យមានអាការៈគេងមមើបានដូចគ្នា។ 

៧ ការពិសាគ្រឿងស្រវឹង

ជាតិអាកុល ក៏ជាដើមហេតុធ្វើឲ្យអ្នកគេងមមើ ពិសេសពេលអ្នកពិសាវាក្នុងពេលមុនទទួលទានដំណេក។

យ៉ាងណា ដើម្បីទប់ស្កាត់និងដោះស្រាយបញ្ហាគេងមមើនេះ អ្នកគប្បីកាត់បន្ថយសំពាធខ្លួនឯងឲ្យបានច្រើន ដោយគេងឲ្យបានគ្រប់គ្រាន់ និងរៀបចំកាលវិភាគគេងឲ្យបានទៀងទាត់ កុំប្រើប្រាស់ជាតិអាល់កុលនៅពេលដែលអ្នកបម្រុងនិងចូលគេង ព្រោះវាជាកត្តាមួយដែលធ្វើឲ្យអ្នកគេងមមើ។ 

លោកអ្នកគួរធ្វើចិត្ដឱ្យស្រស់ថ្លាក្នុងការរស់នៅប្រចាំថ្ងៃក៏ដូចជានៅកន្លែងធ្វើការ ដើម្បីចៀសវាងនូវការថប់អារម្មណ៍ ព្រោះបញ្ហានេះអាចកើតជាមមើនៅពេលទទួលទានដំណេក។ ត្រូវគិតអ្វីដែលជាការសប្បាយច្រើនជាងក្ដីទុក្ខ ហើយឧស្សាហ៍ទៅធ្វើដំណើរ កម្សាន្ដ ដើម្បីបន្ធូរភាពតានតឹងដោយផ្សារភ្ជាប់ការទំនាក់ទំនងជាមួយអ្នកដទៃឱ្យបានច្រើន។ 

ការគេងមមើគ្រាន់តែជាភាពខុសប្រក្រតីមួយក្នុងពេលគេងលក់ប៉ុណ្ណោះ គ្មានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរដល់រាងកាយនោះទេ។ ប៉ុន្តែទោះបីជាការគេងមមើមិនមានគ្រោះថ្នាក់ដល់អាយុជីវិតក៏ពិតមែន វាក៏រំខានដល់ការគេងរបស់អ្នក និងអ្នកដែលគេងជាមួយ។ ប្រសិនបើអ្នកគេងមមើរៀងរាល់យប់ ឬញឹកញាប់ខ្លាំងខុសពីធម្មតា អ្នកគួរសាកល្បងទៅប្រឹក្សាជាមួយគ្រូពេទ្យដើម្បីស្វែងរកដំណោះស្រាយ ៕

 ពាក្យគន្លឹះ  សុខភាពគេងមមើ

ព័ត៌មានផ្សេងទៀត