ទាហាន​​អាមេរិក​​ម្នាក់​​នៅ​មូលដ្ឋាន​​ក្នុងប្រទេស​​កូរ៉េខាងត្បូង​​ឆ្លង​វីរុស​​កូរ៉ូណា​

26-02-2020 3:15 pm 319
ទាហាន​អាមេរិក​​ប្រចាំ​នៅកូរ៉េ​ខាងត្បូង

​យោធា​អាមេរិក​បាន​បញ្ជាក់ថា មាន​ទាហាន​ម្នាក់​អាយុ​២៣​ឆ្នាំ​ដែល​បច្ចុប្បន្ន​ប្រចាំការ​នៅ​មូលដ្ឋានទ័ព​អាមេរិក​ក្នុងប្រទេស​កូរ៉េខាងត្បូង​បាន​ឆ្លង​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​។ យោធា​អាមេរិក​បញ្ជាក់ថា ទាហាន​រូបនោះ​ស្ថិតនៅ​មូលដ្ឋាន​ជិត​ទីក្រុង​ដែ​ហ្គូ​(Daegu) ជា​ទីក្រុង​កំពុង​ឆ្លង​រាលដាល​វីរុស​កូរ៉ូណា​ខ្លាំង​នៅ​កូរ៉េខាងត្បូង​។ លោក​បាន​ស្ថិតនៅ​មូលដ្ឋាន​ពីថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ដល់​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ​។ តែ​លោក​ក៏បាន​ធ្វើដំណើរ​ទៅ​មូលដ្ឋាន​មួយទៀត​ក្បែរ​គ្នា​ដែរ​កាលពី​ថ្ងៃ​ចន្ទ​។ បច្ចុប្បន្ន​យោធា​កំពុង​ព្យាយាម​ស្វែងរក​អ្នក​ដែលមាន​ទំនាក់ទំនង​ជាមួយ​ទាហាន​ដែលមាន​ផ្ទុក​វីរុស​កូរ៉ូណា​រូបនោះ​។​

​យោធា​អាមេរិក​សង្កត់ធ្ងន់​ដែរថា នេះ​គឺជា​លើកដំបូង​ហើយ​ដែល​ទាហាន​អាមេរិក​ប្រចាំការ​ក្នុង​មូលដ្ឋាន​នៅ​កូរ៉េខាងត្បូង ត្រូវបាន​រាយការណ៍​ថា​ឆ្លង​វីរុស​កូរ៉ូណា​។ កាលពីដើម​សប្ដាហ៍​នេះ​រដ្ឋមន្ដ្រី​ការពារជាតិ​អាមេរិក​លោក​ម៉ាក អេ​ស្ព័​រ​(Mark Esper) និង​រដ្ឋមន្ដ្រី​ការពារជាតិ​កូរ៉េខាងត្បូង​លោក​ចឹង ខ្យឹង​ដូ​(Jeong Kyeong-doo) បាន​បង្ហាញថា​នឹង​ពិចារណា​ដកចេញ​ការធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​មួយចំនួន​នាពេលខាងមុខ ព្រោះតែ​បារម្ភ​ពី​ការឆ្លង​វីរុស​កូរ៉ូណា​៕

ព័ត៌មានផ្សេងទៀត