លោក​ត្រាំ​ទៅ​ឥណ្ឌា​លក់ដាច់​គ្រឿង​បរិក្ខារ​យោធា​ជាង​៣​ពាន់​លាន​ដុល្លារ​

26-02-2020 12:42 pm 541

​លោក​ត្រាំ​និយាយថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ទៅកាន់​ប្រទេស​ឥណ្ឌា បានទទួល​ផ្លែផ្កា​ជាមួយនឹង​ការបញ្ចប់​កិច្ចព្រមព្រៀង​ទិញ​ឧទ្ធម្ភាគចក្រ​សម្រាប់​យោធា​ឥណ្ឌា​។ ឥណ្ឌា​បញ្ជា​ទិញ​ឧទ្ធម្ភាគចក្រ ប្រភេទ​SeaHawk ចំនួន ២៤ គ្រឿង ពី​ក្រុមហ៊ុន Lockheed Martin បំពាក់​ដោយ​មី​ស៊ី​ល Hellfire ដែល​មានតម្លៃ ២,៦ ពាន់​លាន​ដុល្លារ​អាមេរិក ហើយក៏​គ្រោង​នឹង​បញ្ជា​ទិញ​ឧទ្ធម្ភាគចក្រ​ម៉ាក Apache ចំនួន ៦ គ្រឿង​ផងដែរ​។ ឥណ្ឌា​កំពុង​ធ្វើឲ្យ​ជឿនលឿន​លើ​វិស័យ​យោធា​របស់ខ្លួ​ន ដើម្បី​បង្រួម​គម្លាត​ជាមួយ​ប្រទេស​ចិន ហើយ​បាន​ងាក​ទៅរក​សហរដ្ឋអាមេរិក​កាន់តែខ្លាំង​ឡើង រំលង​ប្រទេស​ផ្គត់ផ្គង់​ជា​ប្រពៃណី​គឺ​រុស្ស៊ី​។​

​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក បាន​ធ្វើដំណើរ​ទៅដល់​ប្រទេស​ឥណ្ឌា នៅ​ថ្ងៃ​អង្គារ​ទី​២៥​ខែកុម្ភៈ​ឆ្នាំ​២០២០ ដោយ​ទទួល​ការស្វាគមន៍​យ៉ាង​គគ្រឹកគគ្រេង​ពី​លោក​ណារិន ដ្រា​ម៉ូឌី​នាយករដ្ឋមន្ត្រី​ឥណ្ឌា​។ ឥណ្ឌា​បានរៀបចំ​ប្រជាជន​រាប់ម៉ឺន​នាក់ ទទួល​ដំណើរ​មកដល់​របស់លោក​ត្រាំ និង​ក្រាល​កម្រាលព្រំ​ពណ៌​ក្រហម ស្វាគមន៍​វត្តមាន​រប​ស់លោក​ត្រាំ​នៅ​វិមាន​ប្រធានាធិបតី​។ នៅក្នុង​ដំណើរ​ទស្សនកិច្ច​លើកដំបូង​ទៅកាន់​ប្រទេស​ឥណ្ឌា លោក​ត្រាំ​បាន​ជួប​ជជែក​មួយ​ទល់​មួយ ជាមួយ​លោក​ម៉ូ​ឌី ដោយ​ផ្តោតលើ​បញ្ហា​ពាណិជ្ជកម្ម ខណៈ​គណៈប្រតិភូ​អមដំណើរ​លោក​បាន​ជួបពិភាក្សា​ជាមួយគ្នា លើ​បញ្ហា​នានា​ដែល​ទាស់ទែង​គ្នា​កន្លងមក ជាពិសេស​ជម្លោះ​ពាណិជ្ជកម្ម​កាន់តែ​ក្តៅគគុក​។ អ្នកចរចា​មកពី​ភាគី​ទាំងសងខាង បានអូសបន្លាយ​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ ដើម្បី​បង្រួបបង្រួម​ភាពខុសគ្នា លើ​ទំនិញ​កសិកម្ម ឧបករណ៍​វេជ្ជសាស្ត្រ ពាណិជ្ជកម្ម​ឌីជីថល​និង​ពន្ធ​ថ្មី​។ 

​ដំបូង​ឡើយ​ភាគី​ទាំងពីរ ត្រៀម​សម្រាប់តែ​កញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តូច​មួយ​ប៉ុណ្ណោះ តែ​បន្ទាប់ពី​ឆ្លង​ការពិភាក្សា​ប្រកបដោយ​ការ​យល់ចិត្ត លោក​ត្រាំ​មាន​សុទិដ្ឋិនិយម​ថា ភាគី​ទាំងពីរ​អាច​ឈានដល់​កិច្ចព្រមព្រៀង​មួយ ដែល​នឹងមាន​សារៈសំខាន់​សម្រាប់​ប្រទេស​ទាំងពីរ រួមទាំង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ផងដែរ​។​

​ត្បិត​ដំណើរ​ទស្សនកិច្ច​របស់​លោក​ត្រាំ ប្រព្រឹត្តិ​ទៅ​ក្រោមរូបភាព​នៃ​អំពើហិង្សា​ផ្ទុះឡើង រវាង​អ្នកគាំទ្រ​និង​អ្នកប្រឆាំង​ច្បាប់​សញ្ជាតិ នៅ​រដ្ឋធានី​ញូ​វ​ឌែ​លី បណ្តាល​មនុស្ស​ស្លាប់​១២​នាក់​និង​របួស​ជាង​១០០​នាក់​ក៏ដោយ ប៉ុន្តែ​មិនបាន​រំខាន​ដល់​ដំណើរ​ទស្សនកិច្ច​នោះទេ​។ ច្បាប់​សញ្ជាតិ​ដែល​បាន​កែប្រែ​រួច បើកផ្លូវ​ឲ្យ​អ្នក​ដែល​មិន​កាន់សាសនា​អ៊ីស្លាម មកពី​ប្រទេស​បង់​ក្លា​ដែស ប៉ា​គី​ស្ថាន​និង​អា​ហ្វ​ហ្គានី​ស្ថាន អាច​ស្នើសុំ​សញ្ជាតិ​ឥណ្ឌា​បាន កាន់តែ​ងាយស្រួល​ជាង​មុន​។ លោក ត្រាំ​បាន​និយាយ​លើកតម្កើង​ឥណ្ឌា​ថា ជា​ប្រទេស​ប្រជាធិបតេយ្យ មាន​ស្ថិរភាព​និង​រីកចម្រើន និង​មាន​ការធ្យាស្រ័យ​ល្អ​៕

 ពាក្យគន្លឹះ  អាមេរិកឥណ្ឌា

ព័ត៌មានផ្សេងទៀត