កម្ពុជា-វៀតណាមសន្យាពង្រឹងការបង្រ្កាបគ្រឿងញៀនតាមព្រំដែនឲ្យមានប្រសិទ្ធភាព

26-02-2020 11:14 am 126
  ស្តាប់
ស្តាប់ជាសំឡេង

កម្ពុជា-វៀតណាម សន្យានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិកាទ្វេភាគីឲ្យបានខ្លាំងក្លាបន្ថែមទៀតក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន នៅតាមបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ។ការអះអាងបែបនេះធ្វើឡើង នៅក្នុងកិច្ចជំនួបទ្វេភាគីរវាង លោកស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក ឡេ គ្វីវឿង អនុរដ្ឋមន្រ្តីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។

កម្ពុជា-វៀតណាម បានបញ្ជាក់ថា បញ្ហាគ្រឿងញៀននៅតាមខ្សែបន្ទាត់ព្រំដែន រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាមនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំង ដូច្នេះដើម្បីឲ្យការបង្រ្កាបនូវបទល្មើសនេះមានប្រសិទ្ធភាពបន្ថែមទៀតនោះត្រូវធ្វើការទំនាក់ទំនងគ្នា ឲ្យបានញឹកញាប់ និងឲ្យបានលឿនបំផុតដើម្បីកុំឲ្យប៉ះពាល់ដល់ការរស់នៅរវាងប្រជាជននៃប្រទេសទាំងពីរនៅតាមខ្សែបន្ទាត់ព្រំដែននោះ។

លោកស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា នាពេលកន្លងទៅកងកម្លាំងនគរបាលនៃប្រទេសទាំងពីរបានធ្វើការបង្រ្កាបរឹបអូស និងឃាត់ខ្លួនជនសង្ស័យករណីគ្រឿងញៀនបានយ៉ាងច្រើនផងដែរ ខណៈដែលពួកគេកំពុងធ្វើសកម្មភាពនោះ។

យ៉ាងណាក្តី លោកបានបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះបើទោះបីបញ្ហាសកលនៃគ្រឿងញៀនមិនទាន់ធ្លាក់ចុះក្តីក៏កម្ពុជានៅតែប្តេជ្ញាខ្ពស់ចំពោះការទប់ស្កាត់ និងបង្រ្កាបនូវគ្រឿងញៀននេះជាដរាប។ក្រៅពីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើការប្រយុទ្ធប្រឆាំងគ្រឿងញៀន ភាគីទាំងពីរកម្ពុជា-វៀតណាមក៏សន្យាថានឹងខិតខំធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើសផ្សេងៗទៀតផងដែរ៕ 

ព័ត៌មានផ្សេងទៀត