មនុស្ស​ស្លាប់​ក្នុងករណី​ហិង្សា​នៅ​ឥណ្ឌា​កើន​ដល់​១៣​នាក់​និង​រងរបួស​រាប់​រាយ​នាក់​

26-02-2020 10:34 am 246

​ចំនួន​មនុស្ស​ស្លាប់​ក្នុង​ករណី​ហិង្សា​នៅ​ក្នុង​ទីក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា បាន​កើន​ដល់​១៣​នាក់​ហើយ ខណៈ​មនុស្ស​ប្រមាណ ២០០​នាក់​រងរបួស​ធ្ងន់ និង​ស្រាល​។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​បណ្ដាញសារព័ត៌មា​ន​Reuters នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ​។​

​ករណី​ហិង្សា​ដ៏​ឃោរឃៅ​នេះ បាន​ផ្ទុះឡើង​ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនៈកិច្ច​លើក​ដំបូង​បំផុត​របស់​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ នៅប្រទេសឥណ្ឌា។ អំពើហិង្សា​ដ៏​កម្រ​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ​ក្នុង​ប្រទេស​ឥណ្ឌា​​នេះ បង្កឡើង​ដោយ​អ្នកគាំទ្រ​និង​អ្នកប្រឆាំង​ច្បាប់​សញ្ជាតិ​ដ៏​ចម្រូងចម្រាស់​។ 

​យ៉ាងណាមិញ ក្រៅពីបាន​សម្លាប់​ប្រជាពលរដ្ឋ ហិង្សា​នេះ​បាន​បណ្ដាល​ឲ្យ​មន្ត្រី​ប៉ូលិ​សម្នា​ក់​បាន​ស្លាប់​បាត់បង់​ជីវិត​ផងដែរ ហើយ​ជា​លើក​ទី​មួយ​ដែល​សមាជិក​នៃ​កងកម្លាំង​សន្តិសុខ ត្រូវបាន​សម្លាប់​នៅ​ក្នុង​ភាពចលាចល នៅ​ជុំវិញ​ប្រទេស​ឥណ្ឌា បើ​គិត​ចាប់តាំងពី​ការតវ៉ា​ផ្ទុះឡើង​នៅ​ចុងឆ្នាំ​មុន​មក​។ ទន្ទឹមនឹងនេះ​ដែរ ក៏​មាន​អ្នកសារព័ត៌មាន​មួយចំនួន​ត្រូវបាន​ក្រុមអ្នកតវ៉ា​បាញ់ និង​វាយ​រហូត​ដល់​ស្លាប់ និង​មួយ​ចំនួន​រងរបួស​ធ្ងន់​។​

​សូមជម្រាបថា អំពើហិង្សា​នេះ​ផ្ទុះឡើង​នៅ​ភាគ​ពាយព្យ​នៃ​ទីក្រុង​ញូ​វ​ឌែ​លី ជា​តំបន់​ដែល​ប្រជាជន​ភាគច្រើន​កាន់​សាសនា​អ៊ីស្លាម បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​អាទិត្យ​និង​បន្ត​រហូត​ដល់​ថ្ងៃ​ចន្ទ ដោយ​នៅ​ក្នុង​នោះ​រថយន្ត​ត្រូវបាន​គេ​ដុត​នៅក្នុង​ការប៉ះទង្គិច​គ្នា រវាង​អ្នកគាំទ្រ​និង​អ្នក​ប្រឆាំង​នឹង​ច្បាប់​សញ្ជាតិ​នោះ ហើយ​ប៉ូលីស​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក ដើម្បី​បំបែក​ហ្វូង​មនុស្ស​ដែល​ចោល​ដុំថ្ម​។ ការប៉ះទង្គិច​គ្នា​ភាគី​ទាំងពីរ បាន​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​រវាង​ភាគី​ទាំងសងខាង ចំពោះ​ការចាប់ផ្តើម​បង្ក​នូវ​អំពើហិង្សា​។​

​គួរ​រម្លឹក​ដែរ​ថា បាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​សញ្ជាតិ បាន​ផ្ទុះឡើង​ស្ទើរ​ទូ​ទាំង​ប្រទេស​និង​អូស​ន្លាយ ចាប់តាំងពី​ច្បាប់​នេះ ត្រូវបាន​សភាព​ជាតិ​ឥណ្ឌា​អនុម័ត​ថ្ងៃ​ទី​១១​ខែ​ធ្នូ​ឆ្នាំ​២០១៩​មក​។ ចំណែកឯ​ការ​ងើប​តវ៉ា​ទ្រង់ទ្រាយ​ធំ​នេះ ព្រោះ​តែ​ប្រជាជន​ឥណ្ឌា ដែលជា​អ្នក​កាន់​សាសនា​អ៊ីស្លាម​យល់ថា ច្បាប់​សញ្ជាតិ​ដែល​បាន​កែប្រែ​រួច មាន​ចរិត​រើសអើង ប្រឆាំង​នឹង​ប្រជាជន​មូស្លីម ដ្បិត​ច្បាប់​សញ្ជាតិ​នេះ បើកផ្លូវ​ឲ្យ​អ្នក​ដែល​មិន​កាន់​សាសនា​អ៊ីស្លាម មកពី​ប្រទេស​បង់​ក្លា​ដែស ប៉ា​គី​ស្ថាន​និង​អា​ហ្វ​ហ្គានី​ស្ថាន អាច​ស្នើសុំ​សញ្ជាតិ​ឥណ្ឌា​បាន កាន់តែ​ងាយស្រួល​ជាង​មុន​។ ពោល ពីមុន​ជនជាតិភាគតិច​រស់នៅ​ឬ​ធ្វើការ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​បាន​១១​ឆ្នាំ ទើប​អាច​ដាក់​ពាក្យ​ស្នើសុំ​សញ្ជាតិ​បាន ប៉ុន្តែ​ច្បាប់​ដែល​ទើបតែ​កែប្រែ​រួច​នេះ បន្ថយ​នៅត្រឹមតែ​៦​ឆ្នាំ​ប៉ុណ្ណោះ​៕​

ព័ត៌មានផ្សេងទៀត