លោក​ត្រាំ​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក​ខាងមុខនេះ​

26-02-2020 9:48 am 164

​បើ​តាម​ការបញ្ជាក់​រប​ស់លោក​ម៉ៃ ភុំ​ពៅ​(Mike Pompeo) រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក កាលពី​ថ្ងៃ​ទី​២៥​កុម្ភៈ បានឲ្យដឹងថា ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​ត្រៀមខ្លួន​ជាស្រេច​ហើយ សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក រវាង​សហរដ្ឋអាមេរិក ជាមួយ​ប្រទេស​ទាំង​១០​របស់​អាស៊ាន ដែល​នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​ពាក់កណ្ដាល​ខែ​មីនា ឆ្នាំ​២០២០ ខាងមុខ​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ចេញ​របស់​បណ្ដាញសារព័ត៌មាន​CNA នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២០​។​

​ក្រសួងការបរទេស​អា​មេរិក បានបញ្ជាក់​ថា កិច្ចប្រជុំ​ដ៏​សំខាន់​នេះ​នឹង​ត្រូវ​រៀបចំ​ឡើង​នៅក្នុង​ទីក្រុង​ឡាសវេ​ហ្កាស​(Las Vegas) នា​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២០ ខាងមុខនេះ បន្ទាប់ពី​កិច្ចប្រជុំ​នេះ​ត្រូវ​បាន​អូសបន្លាយ​តាំងពី​ឆ្នាំ​មុន​មក​ម្លេះ​។ ជាមួយគ្នានេះ​លោក​ម៉ៃ ភុំ​ពៅ បាន​បង្ហើប​ថា កិច្ចប្រជុំ​នេះ​ត្រូវ​អូសបន្លាយ ដោយសារ​តែ​បញ្ហា​នៃ​ការ​រាលដាល​របស់​ជំងឺ​រលាក​សួត​ថ្មី បង្ក​ពី​វីរុស​កូរ៉ូណា ឬ​COVID-19​។ មូលហេតុ​ដោយសារ​ប្រទេស​ទូទាំង​ពិភពលោក​កំពុង​ទទួល​រង​នូវ​ការវាយប្រហារ​ពី​សំណាក់​វីរុស​ផ្លូវដង្ហើម​នេះ ហើយ​ក្នុងនោះ​ទៀត​សោត​ក៏​មាន​ប្រទេស​ក្នុង​អាស៊ាន​ផងដែរ​ដែល​បាន​ឆ្លង​មេរោគ​នេះ​។​

​គួរ​បញ្ជាក់ដែរថា គម្រោង​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ីអាគ្នេយ៍​របស់​អាមេរិក​នេះ កើតឡើង​បន្ទាប់ពី​អាមេរិក​បាន​ខកខាន​កិច្ចប្រជុំ​កំពូល​ប៉ាស៊ីហ្វិក​ក្នុង​ប្រទេសឈី​លី​។ ជាក់ស្ដែង​កិច្ចប្រជុំ​កំពូល​ប៉ាស៊ីហ្វិក​នេះ​បាន​លុបចោល កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១០ ដោយសារ​តែ​ឈី​លី​បាន​ជួបប្រទះ​នូវ​បញ្ហា​បាតុកម្ម​ជា​បន្តបន្ទាប់​៕​

ព័ត៌មានផ្សេងទៀត