អ្នក​ឆ្លង​វីរុស​​កូរ៉ូ​ណា​នៅ​កូរ៉េ​ខាងត្បូង​​កើន​ដល់​​១,១៤៦​​នាក់​​ស្លាប់​១១​នាក់​

26-02-2020 8:56 am 187
ក្រុមគ្រូពេទ្យ​កូរ៉េខាងត្បូង​កំពុងបំពេញការងារ

​កូរ៉េខាងត្បូង​បាន​រាយការណ៍​នៅ​ថ្ងៃទី​២៦​កុម្ភៈ​នេះ​ថា បាន​ធ្វើតេស្ដ​រកឃើញ​ក​រ​ណី​ឆ្លង​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​ថ្មី​ចំនួន​១៦៩​ករណី​ទៀត ធ្វើឲ្យ​អ្នកឆ្លង​សរុប​កើនដ​ល់​១,១៤៦​នាក់​ហើយ គិត​តាំងពី​ផ្ទុះ​ករណី​ឆ្លង​ដំបូង​នៅ​កូរ៉េខាងត្បូង​កាលពី​ចុង​ខែមករា​។ ចំណែក​ចំនួន​មនុស្ស​ស្លាប់​វិញ​មាន​ចំនួន​១១​នាក់​។ កូរ៉េខាងត្បូង​គឺជា​ប្រទេស​ទី​ពីរ​ដែលមាន​ចំនួន​មនុស្ស​ឆ្លង​វីរុស​កូរ៉ូណា​ច្រើនជាងគេ​បំផុត​បន្ទាប់ពី​ប្រទេសចិ​ន បន្ទាប់មក​គឺ​ប្រទេស​ជប៉ុន​មាន​អ្នក​ឆ្លង​ជិត​៧០០​នាក់​និង​ស្លាប់​៤​នាក់​។​

​ចំនួន​១៦៩​ករណី​ដែល​ទើប​រកឃើញ​ថ្មី​នោះ ១៥៣​ករណី​នៅក្នុង​ទីក្រុង​ដែ​ហ្គូ​(Daegu)​ចម្ងាយ​៣០០​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​ទីក្រុង​សេ​អ៊ួ​ល និង​រកឃើញ​នៅក្នុង​ខេត្ដ​ខ្យឹង​សាំង​ខាងជើង​(North Gyeongsang)​។ ខេត្ដ​និង​ទីក្រុង​ធំៗ​ស្ទើរតែ​ទាំងអស់​ត្រូវបាន​រាយការណ៍​ថា​ឆ្លង​វីរុស​កូរ៉ូណា ខណៈ​ទីក្រុង​សេ​អ៊ួ​លមាន​ឆ្លង​៤​ករណី​បន្ថែម នេះ​បើតាម​ការបញ្ជាក់​ពី​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​កូរ៉េខាងត្បូង​។ 

​អ្នកជំនាញ​និយាយថា ករណី​ឆ្លង​នឹង​លោត​ឡើង​បន្ថែមទៀត​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ស្របពេល​អាជ្ញាធរ​សុខាភិបាល​គ្រោង​នឹង​ធ្វើតេស្ដ​សមាជិក​អ្នក​កាន់សាសនា​គ្រិស្ដ​ជាង​២១​ម៉ឺន​នាក់​នៅ​ព្រះវិហារ​ស៊ីន​ឆុន​ជី​(Shincheonji)៕

ព័ត៌មានផ្សេងទៀត