“​រំដួល​” ឧបករណ៍​​បញ្ចេញ​ក្លិនក្រអូប បញ្ជា​ដោយ​ទូរស័ព្ទ​

25-02-2020 6:57 pm 177

​ដើម្បី​ជួយ​សម្រួល​ដល់​ម្ចាស់ផ្ទះ​សំណាក់ សណ្ឋាគារ ចំពោះ​ការប្រើប្រាស់​ក្លិន​ក្រអូប នៅ​តាម​បន្ទប់​នោះ យុវតី​មួយរូប រួម​នឹង​សមាជិក​ក្រុម​មួយចំនួនទៀត បាន​ច្នៃ​បង្កើត​ឧបករណ៍​យ៉ាង ដែល​មានឈ្មោះ​ថា “​រំដួល​”​។ រំដួល គឺជា​ឧបករណ៍​ដែល​អាច​បញ្ចេញ​ក្លិនក្រអូប បញ្ជា​ដោយ​ទូរស័ព្ទ​។ ចង់ដឹងថា តើ​ឧបករណ៍​រំដួល មាន​លក្ខណៈ​ពិសេស​យ៉ាងដូចម្តេច​ខ្លះ​នោះ​? សូម​ស្តាប់​សៅ វិសាល នៅក្នុង​នាទី​បច្ចេកវិទ្យា​។ 

“​រំដួល​” ជា​ឈ្មោះ​ឧបករណ៍ ដែល​អាច​បញ្ចេញ​ក្លិនក្រអូប បញ្ជា​ដោយ​ទូរស័ព្ទ​ដោយ​ភ្ជាប់​នឹង​ប្រព័ន្ធ​WiFi​។ ឧបករណ៍ រំដួល អាច​ផ្ទុក​ក្លិន​បាន​៣​ប្រភេទ​ផ្សេងៗ​គ្នា ទៅតាម​ចំណង់​ចំណូលចិត្ត របស់​អ្នកប្រើប្រាស់ តាមរយៈ​ការជ្រើសរើស នៅលើ​App ដែល​យើង​បាន​ដំឡើង​នៅក្នុង​ទូរស័ព្ទដៃ​។ 

​កញ្ញា យាន រស្មី ប្រធាន​ក្រុម នៃ​ក្រុម​Rom Doul (​រំដួល​) ដែល​បាន​សហការ​ជាមួយ​ក្រុមហ៊ុន ArrowDot បានបញ្ជាក់​ថា “​រំដួល​”  មាន​អត្ថប្រយោជន៍ សម្រាប់​បន្ទប់​ផ្ទះសំណាក់ សណ្ឋាគារ ឬ​រី​ស​ត ដើម្បី​ឲ្យមាន​ក្លិនក្រអូប សម្រាប់​ភ្ញៀវ​ដែលជា​អតិថិជន​របស់​ខ្លួន តាមរយៈ​ការបញ្ជា បិទ​ឬ​បើក​ពី​ចម្ងាយ ឬ​ពី​ក្រៅប្រទេស ដោយ​មិន​ចាំបាច់​ត្រូវ​ចូល​ទៅ​បិទ​បើក ដោយ​ផ្ទាល់​នោះ​ទេ​។ រំដួល ក៏​អាច​ប្រើប្រាស់​នៅក្នុង​បន្ទប់​គេង​ធម្មតា​បាន​ផងដែរ សម្រាប់​អ្នក​ដែល​ចូលចិត្ត​ក្លិន​ក្រអូប​។ ម្យ៉ាងវិញទៀត លក្ខណៈពិសេស របស់​រំដួល វា​ក៏​ជា​ឧបករណ៍​ដែល​អាច​បំភ្លឺ​ភ្លើង​បាន​គ្រប់​ពណ៌ ទៅតាម​ការចង់បានរ​បស់​អ្នកប្រើប្រាស់ នៅ​ពេល​រាត្រី​ផងដែរ​។​

​សម្រាប់​ការប្រើប្រាស់​រំដួល លោក​អ្នក​គ្រាន់តែ​ដោ​ន​ឡូត​App នៅលើ​Play Store ឬក៏​App Store រួច​ធ្វើ​តាម​ការណែនាំ ក្នុងការ​បញ្ជា​លើ​ឧបករណ៍​រំដួល​នេះ មានដូចជា​ការប្តូរ​ក្លិន និង​ប្តូរ​ពណ៌​ភ្លើង​ពន្លឺ​។ 

​កញ្ញា យាន រស្មី បានបញ្ជាក់​ថា បច្ចុប្បន្ន “​រំដួល​”  ត្រូវបាន​ដាក់​លក់​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​តម្លៃ​ត្រឹមតែ​៣០​ដុល្លារ​ប៉ុណ្ណោះ ភ្ជាប់​ជាមួយ​ទឹក​ក្លិន​ចំនួន​៣​ប្រភេទ​ផ្សេង​គ្នា​រួចជាស្រេច​។ រយៈពេល​ប្រើប្រាស់​ក្លិន ដែល​សាយភាយ​ចេញពី​រំដួល មាន​ចន្លោះ​ពី​២​ទៅ​៣​ខែ អាស្រ័យ​ទៅតាម​អ្នកប្រើប្រាស់​។ ក្រោយពេល​ប្រើ​ទឹក​ក្លិនក្រអូប​អស់ លោកអ្នក​អាច​រក​ទិញ​ថ្មី យកមក​ប្រើប្រាស់​វិញ​បាន​។​

​សូមបញ្ជាក់​ថា ឧបករណ៍​រំដួល លោកអ្នក​អាច​ប្រើ​បាន​យូរ ប្រសិនបើ​មិន​មាន​ការបោក ឬ​ធ្លាក់​ធ្ងន់ធ្ងរ និង​ការប្រើ​កុំឲ្យ​មាន​ការជ្រាបចូល​ទឹក​។ សង្ឃឹមថា ឧបករណ៍​រំដួល នឹង​ទទួលបាន​ការចាប់អារម្មណ៍​ច្រើន ពី​ប្រជាពលរដ្ឋ ពិសេស​ម្ចាស់ផ្ទះ​សំណាក់ ឬ​សណ្ឋាគារ​ជាដើម​៕


ព័ត៌មានផ្សេងទៀត