រូបថត១០សន្លឹកបង្ហាញពីវិស័យជលផលនិងចិញ្ចឹមសត្វនៅកម្ពុជា

25-02-2020 6:22 pm 254

“​ការលក់ដូរ​ត្រី​ពេលយប់​”

​ស្ត្រី​ដើរតួនាទី​សំខាន់​ណាស់​នៅក្នុង​ការនេសាទ​ប្រកបដោយ​ចីរភាព និង​បរិយាប័​ន្ន និង​សកម្មភាព​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។ រាល់​យប់ ឈ្មួញ និង​អ្នកទិញ​ត្រី​ជាច្រើន​នាក់ ជាពិសេស ស្ត្រី​មក​ពី​ក្រុម​កែច្នៃ​ត្រី មក​ធ្វើ​ការលក់ដូរ តថ្លៃ និង​ពិនិត្យ​គុណភាព​ត្រី​យ៉ាង​មមាញឹក​។ 

​ពិសេស​ជាងនេះទៅទៀត ពួកគាត់​មាន​ទំនាក់ទំនង និង​ការប្រាស្រ័យ​ទាក់ទង​ល្អ​ជាមួយ​អ្នកនេសាទ អ្នកលក់ និង​ឈ្មួញ​។ ជំនាញ​ទាំងអស់​នេះ​ទទួលបាន​ដោយសារ​ការបណ្ដុះបណ្ដាល​ពី​គម្រោង​ក្រោម​ជំនួយ​ថវិកា​ពី​សហភាព​អឺរ៉ុប​។ សមាជិក​នៃ​ក្រុម​ស្ត្រី​កែច្នៃ​ត្រី និយាយថា ពួកគាត់​មាន​ការរីកចម្រើន​ខាង​ជំនាញ​និយាយ​ជា​សាធារណៈ ទំនាក់ទំនង និង​ការចរចា និង​ការសម្រិតសម្រាំង​គុណភាព​ត្រី ជាពិសេស បាន​រៀន​ចេះ​គណនា​ចំនួន​ត្រី​ស្រស់​ដើម្បី​ទទួល​បាន​ចំនួន​ផលិតផល​កែច្នៃ​ដែល​ចង់បាន​។ ឧទាហរណ៍ ដើម្បី​ទទួលបាន​ប្រហិត​ត្រី ១,៥ គីឡូក្រាម គេ​ត្រូវការ​ត្រី​ស្រស់​ចំនួន ៣,៥ គីឡូក្រាម (​សម្រាប់​ត្រី​ឆ្លាត​)​។ 
​នៅ​ផ្សារ​ជួញដូរ​ត្រី​ពេល​យប់​នេះ សម្បូរ​ទៅដោយ​ស្ត្រី​ច្រើន​ជាង​បុរស​។ ពួកគាត់​មាន​ជំនាញ​ជាង​បុរស ទាក់ទង​នឹង​ទីផ្សារ ការ​តថ្លៃ ការលក់ដូរ និង​ការពិនិត្យ​គុណភាព​ត្រី​។ យើង​អាច​សង្កេតឃើញថា សឹងតែ​គ្រប់​កញ្ជើ​ត្រី​នីមួយៗ​ដែល​យួរ​ចេញពី​ទូក​នេសាទ​ទៅ​កន្លែង​លក់ សុទ្ធតែ​មាន​បុរស និង​ស្ត្រី​មួយគូៗ​។ រីឯ​នៅ​កន្លែង​លក់​វិញ ភាគច្រើន​គឺជា​ស្ត្រី​ដែល​ធ្វើឲ្យ​ផ្សារ​មានស​ភាពរស់រវើក​។ 

“​ផ្សារ​ត្រី​”

​តាម​ដង​ផ្លូវជាតិ​លេខ ៦ ពី​ភ្នំពេញ​ទៅ​ខេត្ត​កំពង់ធំ នៅ​ចម្ងាយ​១៧ គីឡូម៉ែត្រ មុន​ដល់​ក្រុង​ស្ទឹងសែន មាន​ផ្សារ​ប្រចាំ​តំបន់​មួយ​ឈ្មោះថា ផ្សារ​តាំងក្រសាំង​។ នៅ​ផ្សារ​នេះ ក្រុម​ស្ត្រី​កែច្នៃ​ត្រី រីករាយ​នឹង​ការលក់​ត្រី និង​ផលិតផល​កែច្នៃ​ធ្វើ​ពី​ត្រី​ជាច្រើន​ប្រភេទ​។ ការផលិត​របស់​កែច្នៃ​ធ្វើ​ពី​ត្រី​ជួយ​ពង្រឹង​ជីវភាព​រស់នៅ​របស់​ស​មាជិក​សហគមន៍​នេសាទ ជាពិសេស ស្ត្រី​តែ​ម្ដង​។​

ស្ត្រី​ទាំងនេះ​អាច​លក់​ផលិតផល​កែច្នៃ​ធ្វើ​ពី​ត្រី​នៅ​ផ្សារ​ប្រចាំ​តំបន់​ដ៏​សកម្ម​មួយ​នេះ​។ ស្ត្រី​ទាំងនេះ គឺជា​សមាជិក​នៃ​សហគមន៍​នេសាទ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ចំបក់ ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក ខេត្ត​កំពង់ធំ​។ ពួកគាត់​ទទួលបាន​ការជួយ​គាំទ្រ​ពី​អង្គការ Volunteer Service Oversea (VSO) ក្រោម​ជំនួយ​ថវិកា​ពី​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា (EU) ដើម្បី​វិស័យ​ជលផល​ប្រកបដោយ​ចីរភាព និង​បរិយាប័​ន្ន និង​ជីវភាព​រស់នៅ​លើ​បឹង​ទន្លេសាប​។ មាន​សមាជិក​ក្រុម​ស្ត្រី​កែច្នៃ​ត្រី​លក់ដូរ​យ៉ាង​ច្រើន​លើសលុប​នៅ​កែង​ខាងក្រោយ​ផ្សារ​តាំងក្រសាំង​។ ពួក​គាត់​លក់​ផលិតផល​កែច្នៃ​ពី​ត្រី​មាន​អនាម័យ​គុណភាព​ខ្ពស់ ដូចជា ត្រីឆ្អើរ ត្រីងៀត ប្រហិត​ត្រី ប្រហុក ។​ល​។ 

“​ធ្វើការ​ជាមួយ​អ្នកនេសាទ​”

​រដូវ​បិទ​នេសាទ​ចាប់ផ្ដើម​ពី​ខែ​មិថុនា ដល់ ខែតុលា​។ ក្នុង​រដូវ​នេះ ការនេសាទ​ត្រូវបាន​ហាមឃាត់ តែ​អនុញ្ញាត​ចំពោះ​ការនេសាទ​ដោយ​ប្រើ​ស្បៃ​មង​ក្រឡា​ធំ ហើយ​អាច​ចាប់​ត្រី​បាន​តែ​ដើម្បី​ផ្គត់ផ្គង់​តម្រូវ​គ្រួសារ​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ តាម​ការជាក់ស្ដែង ច្បាប់​នេះ​មិន​បាន​អនុវត្ត​ចំពោះ​អ្នកនេសាទ​ជាច្រើន​នាក់​នៅ​តំបន់​ដ៏​ធំ​នេះ​ឡើយ​។ ឧបករណ៍​នេសាទ​ខ្នាត​មធ្យម មានដូចជា មង​បណ្ដោយ​ប្រវែង ៣០០ ម៉ែត្រ  ខុស​ពី​មង​ប្រវែង ១០០ ម៉ែត្រ សម្រាប់​អ្នកនេសាទ​ខ្នាត​តូច​។ ហេតុនេះ ការចាប់​ត្រី​ប្រចាំ​ថ្ងៃ​ជា​មធ្យម​មាន​ចំនួន ៤០ គីឡូក្រាម សម្រាប់​អ្នកនេសាទ​ខ្នាត​មធ្យម ចំណែកឯ​អ្នកនេសាទ​ខ្នាត​តូច អាច​ចាប់​ត្រី​បាន ១០-២០ គីឡូក្រាម​។​

​ការជួយ​គាំទ្រ​ពី​គម្រោង​ជំនួយ​ថវិកា​របស់​សហភាព​អឺរ៉ុប ជួយ​សមាជិក​សហគម​ន៍​នេសាទ ជាពិសេស អ្នកនេសាទ​ខ្នាតតូច ឱ្យ​អនុវត្ត​ការគ្រប់គ្រង​ធនធាន​ជលផល​ប្រកបដោយ       ចីរភាព ដើម្បី​ជួយ​ការពារ​អ្នកនេសាទ​ក្រីក្រ ធ្វើយ៉ាងណា​ការពារ​កុំឲ្យ​ពួកគាត់​ធ្លាក់​ទៅ​ក្នុង​ភាពក្រីក្រ​។  

“​ជីវិត​នៅ​លើទឹក​” 

​ដោយ​មើលឃើញ​ពី​សារៈ​ខាន់​នៃ​ធនធាន​ជលផល និង​ចំណាត់ការ​ចាំបាច់ ដើម្បី​ធ្វើការ​អភិរក្ស​ធនធាន​ជលផល​សម្រាប់​ក្មេងជំនាន់ក្រោយ សហគមន៍​ជលផល​អន្លង់​ទ្រា ស្រុក​ពោធិ៍​រៀង ខេត្ត​ព្រៃវែង សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ សហភាព​អឺរ៉ុប ដែល​បាន​ជួយ​គាំទ្រ​សមាគម​សេវាកម្ម​បច្ចេកទេស​កសិកម្ម ( ATSA)  ដើម្បី​ធ្វើការ​ជាមួយ​សហគមន៍​ជលផល ក្នុងទិសដៅ​ធានាថា សហគមន៍​មាន​ការគ្រប់គ្រង​ជលផល ការអភិរក្ស និង​ការលើកកម្ពស់​ជីវភាព​រស់​កាន់តែ​ល្អ​ប្រសើរ​សម្រាប់​ប្រជាកសិករ​ជនបទ​។ 

“​មោទនភាព​កសិករ​” 

​បសុពេទ្យ​ប្រចាំ​ភូមិ លោក ប៉ាក់ ផា​ង ចាក់​វ៉ាក់សាំង​គោ​ក្របី​របស់​កសិករ​ចិញ្ចឹមសត្វ​។ គាត់​ផ្ដល់​សេវា​ដោយ​មាន​ការសហការ​ជិតស្និទ្ធ និង​ជំនួយ​គាំទ្រ​ពី​លោក សាយ ពន្លឺ​មេត្តា អនុប្រធាន​មន្ទីរ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​។ 

​គាត់​ក៏​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ហាង​លក់​ចំណី​សត្វ និង​ថ្នាំ​សត្វ​នៅ​ទីប្រជុំជន​នៅ​ភូមិ​ប្រា​សុទ្ធ ឃុំ​កណ្ដៀង​រាយ ស្រុក​ស្វាយទាប ខេត្ត​ព្រៃវែង​។ ហាង​នេះ​ដែល​ម្ចាស់​ជា​ប្រពន្ធ​របស់​អតីត​អនុប្រធាន​មន្ទីរ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ មាន​ភ្ញៀវ​មក​ទិញ​ពី​២០ ទៅ ៣០ នាក់ ក្នុង​មួយ​ថ្ងៃ​។ សេវាកម្ម​ពេទ្យសត្វ និង​ហាង​លក់​ចំណី​សត្វ​នេះ​ដំណើរការ​ទៅ​បាន​យ៉ាង​ល្អ​នៅទីនេះ ពីព្រោះថា ឥឡូវនេះ កសិករ​កាន់តែ​ច្រើនឡើងៗ​នាំគ្នា​ចិញ្ចឹម​បសុសត្វ បន្ទាប់ពី​មាន​សេវា​សុខភាព​សត្វ​ដោយសារ​មាន​ជំនួយ​គាំទ្រ​ពី​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​។ 

“​មោទនភាព​កសិករ​” 

​ជំនាញ​វិជ្ជាជីវៈ​របស់​បសុពេទ្យ​ឯកជន​ប្រចាំ​ភូមិ គឺ​ផ្តល់​សេវា​ពាក់ព័ន្ធ​នឹង​បសុសត្វ​ជាច្រើន​ប្រភេទ ដូចជា គោ ក្របី ជ្រូក មាន់ ទា និង​ឆ្កែ ។​ល​។ សេវា​នេះ​មិន​ថ្លៃ​ទេ​។ ឥឡូវនេះ វ៉ាក់សាំង​មួយ​មុខ​ក្នុង​មួយ​ក្បាល​មាន​តម្លៃ​ប្រហែល  ១០ ដុល្លារ តែប៉ុណ្ណោះ​។ 

​បសុសត្វ​ចូលរួមចំណែក​យ៉ាង​សំខាន់​នៅក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាជន​ក្រីក្រ​ជនបទ​នៅក្នុង​ប្រទេស​កម្ពុជា​។ បសុសត្វ​គឺជា​សរសៃឈាម​សម្រាប់​ជីវភាព​រីកចម្រើន​របស់​ប្រជាកសិករ​។  ភាគច្រើន គោ​ក្របី​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រជាកសិករ​ខ្នាតតូច​នៅ​កម្ពុជា ដោយ​ផ្តល់​ជា​កម្លាំង​អូសទាញ ជី​អាចម៍សត្វ ផ្តល់​សាច់​ជា​អាហារ និង​ជា​ទ្រព្យ​មានជីវិត​។ សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​ផ្ដល់​ជំនួយ​ថវិកា​ដើម្បី​កសាង​

សមត្ថភាព និង​សេវា​បសុពេទ្យ​ប្រកបដោយ​វិជ្ជាជីវៈ​ដល់​អ្នក​ធ្វើការ​ផ្នែក​សុខភាព​សត្វ​ប្រចាំ​ភូមិ​នៅ​ខេត្ត​ស្វាយរៀង ដែល​ជា​ខេត្ត​គោលដៅ​មួយ​ក្នុង​ចំណោម​ខេត្ត​ផ្សេងទៀត ដែល​អង្គការ Agronome et Vétérinaires Sans Frontières (AVSF) ដើរតួនាទី​ជា​អ្នក​អនុវត្ត​គម្រោង “​ពេទ្យសត្វ​ឆ្នើម​” ដើម្បី​សម្រច​គោលដៅ​នៃ​ជំនួយ​សហភាព​អឺរ៉ុប​នៅក្នុង​ការពង្រឹង​គុណភាព លទ្ធភាព​ទទួលបាន និង​តម្រូវការ​សម្រាប់​សេវា​បសុពេទ្យ​ឯកជន​តាម​សហគមន៍​ទីជនបទ​ក្នុងប្រទេស​កម្ពុជា​។​

“​ជ្រូក​មាន​សុខភាព​ល្អ​”

​កង សម្បត្តិ និង​ប្រពន្ធ​របស់​គាត់ ចាក់​មេ​ជីវិត​សិប្បនិម្មិត​ចូល​ក្នុង​ជ្រូក​របស់​គាត់​មួយ​ក្បាល​នៅ​កសិដ្ឋាន​របស់​ពួក​គាត់​នៅ​ភូមិ​ក្រ​វ៉ាន់ ឃុំ​ព្រៃ​មូល ខេត្ត​កំពង់ឆ្នាំង​។ គ្រួសារ​នេះ​បាននិងកំពុង​ប្រើប្រាស់​បច្ចេកទេស​បង្កាត់​ជ្រូក​ដោយ​សិប្បនិម្មិត​បែប​នេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​បន្ទាប់​ពី​មើលឃើញ​អត្ថប្រយោជន៍​ដែល​ទទួលបាន​ពី​បច្ចេកទេស​នេះ​ក្រោយពី​ទទួលបាន​ការបណ្ដុះបណ្ដាល​ផ្ដល់​ដោយ​មន្ទីរ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ខេត្ត​កំពង់ឆ្នាំង និង​បន្ទាប់​ពី​ពួកគាត់​បាន​មើលឃើញ​ថា ជ្រូក​របស់​ពួកគាត់​មាន​អត្រា​បង្កើតកូន​បាន​ល្អ​ប្រសើរ​ឡើង និង​សុខភាព​ក៏​កាន់តែ​ល្អប្រសើរ​។ 

​សហភាព​អឺរ៉ុប ជួយ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្នុង​ការអភិវឌ្ឍ និង​ផ្សព្វផ្សាយ​បច្ចេកទេស​បង្កាត់​ពូជ​ដោយ​សិប្បនិម្មិត ដែល​ជួយ​ពង្រីក​ចំណូល​របស់​ប្រជាជន​នៅ​ជនបទ និង​ជួយ​ដល់​គ្រួសារ​ក្រីក្រ​។ មន្ទីរ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ខេត្ត​កំពង់ឆ្នាំង ផ្ដល់​សេវា​បង្កាត់​ពូជ​ជ្រូក​ដោយ​សិប្បនិម្មិត​ដល់​កសិករ​ច​ញ្ចឹម​ជ្រូក​ក្នុង​តំបន់ រួមមាន ការពិនិត្យ​មេ​ជីវិត​មុន​នឹង​យក​ទៅ​ប្រើប្រាស់​បង្កាត់​ពូជ​ដោយ​សិប្បនិម្មិត​ជូន​ដល់​កសិករ​ច​ញ្ចឹម​ជ្រូក​។ តាមរយៈ​ការប្រើប្រាស់​សេវា​បសុពេទ្យ​មាន​វិជ្ជាជីវៈ​ប្រចាំ​ភូមិ គុណភាព​បសុសត្វ​មាន​ការ​ប្រសើរ​ឡើង ហើយ​កសិករ​ទទួល​ប្រយោជន៍​ពី​សេវា​នេះ​។ 

“​មេ​ក្របី​”

​នៅលើ​វាលស្មៅ​គោ​ក្របី​ក្រោយ​ផ្ទះ ជា​រៀងរាល់ថ្ងៃ អ្នក​មីង អ៊ូ សុខា ជា​កសិក​រវ័យ ៤២ ឆ្នាំ សប្បាយចិត្ត​ផ្ដល់​ចំណី​ឱ្យ​ក្របី​គាត់​ចំនួន​បួន​ក្បាល​ដែល​មាន​សុខភាព​ល្អ​។ នៅក្នុង​ភូមិ​ឫស្សី​ជង្រុក ឃុំ​រមាំង​ក្ដោល ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង ពុំ​មាន​ការ​ធ្វើ​ស្រែ​ទេ​ក្នុង​រដូវប្រាំង​។ ដូច្នេះ មាន​ដី​វាលស្មៅ​ល្វឹងល្វើយ​សម្រាប់​គោ​ក្របី ដូចជា ក្របី​របស់​អ្នក​មីង  សុខា ដែរ អាច​ដើរ​ស៊ី​ស្មៅ ចំបើង និង​រុក្ខជាតិ​ផ្សេងទៀត​។ 

​អ្នក​មីង សុខា រស់នៅ​ជាមួយ​ប្ដី​ឈ្មោះ អុន សាវួន អាយុ ៤៣ ឆ្នាំ និង​កូន​បួន​នាក់​។ ប្ដី​គាត់​ទៅ​ធ្វើការ​។ គាត់​នៅ​ផ្ទះ​មើល​ក្របី កូនជ្រូក ៩ ក្បាល មាន់ ៣០​ក្បាល ទា ២០​ក្បាល និង​ស្រែ​មួយ​ហិច​តា​សម្រាប់​ធ្វើស្រែ​ក្នុង​រដូវវស្សា​។ ផ្ទះ​គាត់​ស្ថិត​នៅ​ប្រមាណ​ពីរ​រយ​ម៉ែត្រ​ពី​ផ្ទះ​របស់​លោក ប៉ាក់ ផា​ង ជា​ភ្នាក់ងារ​បសុពេទ្យ​យ៉ាង​សកម្ម​ប្រចាំ​ភូមិ​។ បសុពេទ្យ​នេះ​បានទទួល​ការបណ្ដុះបណ្ដាល​ត្រឹមត្រូវ​ពី​គម្រោង​ពេទ្យសត្វ​ឆ្នើម​” ក្រោម​ជំនួយ​ថវិកា​ពី​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា តាមរយៈ​អង្គការ Agronome et Vétérinaires Sans Frontières (AVSF) ក្នុង​គោលបំណង​ពង្រឹង​ជំនាញ​បច្ចេកទេស អាជីវកម្ម និង​កិច្ចសហការ​របស់​អ្នកធ្វើការ​ផ្នែក​សុខភាព​សត្វ​ប្រចាំ​ភូមិ ដើម្បី​បង្កើន​ចំណូល និង​ពង្រឹង​គុណភាព លទ្ធភាព​ទទួលបាន និង​តម្រូវការ​សម្រាប់​សេវា​បសុពេទ្យ​ឯកជន​តាម​សហគមន៍​ទីជនបទ​នៅក្នុង​ប្រទេស​កម្ពុជា​។ 

“​ការលក់ដូរ​មាន់​ដើម្បី​អនាគត​ល្អ​”

គម្រោង​ក្រោម​ជំនួយ​ថវិកា​ពី​សហភាព​អឺរ៉ុប ផ្ដល់​បច្ចេកទេស និង​ការបណ្ដុះបណ្ដាល​ជូន​ដល់​កសិករ​ស្ដីពី​របៀប​បង្កើន​ផលិតកម្ម  និង​កាត់បន្ថយ​ចំណាយ​។ ការ​ចិញ្ចឹម​មាន់​អាច​ធ្វើឲ្យ​គ្រួសារ​កម្ពុជា​រកចំណូលបាន​កាន់តែច្រើន អាច​ធៀប​នឹង​ការ​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​។ នេះ​មានន័យ​ថា មាន់​ជួយ​កសិករ​កម្ពុជា​ចេញផុត​ពី​ភាពក្រីក្រ​។​

​ជា​ជនពិការ និង​ជា​កសិករ​ចិញ្ចឹម​មាន់ លោក ថាក់ ពន្លក មាន​ក្ដី​ស្រមៃ​ធំ​មួយ​ចង់​ក្លាយ​ជា​ពាណិជ្ចករ​ចិញ្ចឹម​មាន់​ខ្នាត​ធំ ពីព្រោះ​ថា​គាត់​យល់​ដឹង​អំពី​បច្ចេកទេស​នេះ​យ៉ាងខ្លាំង​។ គាត់​បាន​ថ្លែងអំណរគុណ​ដល់​សហភាព​អឺរ៉ុប ដែល​បាន​ផ្ដល់​ថវិកា​ជួយ​ដល់​ជនពិការ​ដូច​គាត់ ឲ្យ មាន​ជំនាញ​ដែល​មិន​ត្រឹមតែ​អាច​ជួយ​គាត់​រស់រានមានជីវិត​ប៉ុណ្ណោះ​ទេ ពោល​គឺ​ក្រុម​គ្រួសារ​គាត់​ទាំងមូល​កំពុង​រស់នៅ​ក្នុង​ជីវភាព​ល្អ​ប្រសើរ​។

ការ​ចិញ្ចឹម​មាន់​ធ្វើឲ្យ​លោក ពន្លក ប្រែជា​មានជីវិត​ល្អ ពីព្រោះថា គាត់​មាន​មោទនភាព​ចំពោះ​អាជីវកម្ម​ចិញ្ចឹម​មាន់​ដ៏​ជោគជ័យ​របស់​គាត់​។ ការ​ចិញ្ចឹម​មាន់​បាន​ប្រែក្លាយ​លោក ពន្លក ពី​ជន​ពិការ ទៅ​ជា​កសិករ​ចិញ្ចឹម​មាន់​ជោគជ័យ និង​ល្បីឈ្មោះ​មួយរូប មិន​ត្រឹមតែ​នៅក្នុង​ភូមិ​របស់​គាត់​ទេ តែ​ល្បី​ដល់​ភូមិ​ផង​ក្បែរ​ខាង​ផងដែរ​ដែល​ត្រូវការ​មាន់​របស់​គាត់​យក​ធ្វើ​ជា​អាហារ​ថែមទៀត​ផង​។ បទពិសោធន៍​របស់​លោក ពន្លក ត្រូវបាន​កសិករ​ក្នុង​ភូមិ​ក្បែរ​ខាង​យកមក​អនុវត្ត​តាម និង​បំផុស​ដល់​កសិករ​ក្នុង​ខេត្ត​ផ្សេងទៀត តាមរយៈ​សិក្ខាសាលា​នានា​អំពី​គម្រោង​នេះ​។ ពេលខ្លះ កសិករ​ចិញ្ចឹម​មាន់​ដ៏​ជោគជ័យ​ដែល​ជា​ជនពិការ​នេះ ត្រូវ​បាន​ចុះផ្សាយ​ផ្សាយ​នៅ​ក្នុង​កាសែត​នានា​ទៀត​ផង​ដើម្បី​បង្ហាញ​ពី​វិធី​ដែល​គាត់​អាច​ផ្លាស់​ប្រែ​ជីវិត​ពិការភាព​របស់​គាត់​បា​ន​។​

“​ការភ្ជាស់​កូនមាន់​” 

​លោក ហ៊ី សុធី ជា​អ្នក​ផលិត​កូន​មាន់​វ័យ ៤៧ ឆ្នាំ និង​ប្រពន្ធ​គាត់​ឈ្មោះ តុ​ប សានិ​ត អាយុ ៤៦ ឆ្នាំ បង្ហាញ​ការ​ភ្ញាស់​កូន​មាន់​នៅក្នុង​កសិដ្ឋាន​របស់​ខ្លួន​នៅក្នុង​ភូមិ​ត្រពាំង​ស្រ​ងែ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ 

​បន្ទាប់​ពី​ភ្ញាស់ កូន​មាន់​ត្រូវ​យកទៅ​ដាក់​នៅក្នុង​កន្លែង​កម្ដៅ​កូន​មាន់​ដាច់ដោយឡែក​ដែល​បំពាក់​ដោយ​អំពូល​កម្ដៅ​អគ្គិសនី​សម្រាប់​ផ្តល់​កម្តៅ និង​ចំណី និង   ទឹក​។ កូន​មាន់​អាច​លក់​បី​ថ្ងៃ​ក្រោយមក​។ មុន​នឹង​លក់​កូន​មាន់​ចេញ លោក សុធី ចាក់​វ៉ាក់សាំង​ឲ្យ​វា​មួយ​ម្តង ឬ​ពីរ​ដង​។ កូន​មាន់​ញាស់​បាន ៣ ថ្ងៃ ដែល​ចាក់​វ៉ាក់សាំង​រួច លក់​បាន​ក្នុងតម្លៃ ៣ ៥០០ រៀល មួយ​ក្បាល​។ រីឯ​កូន​មាន់​ញាស់​បាន ១០ ថ្ងៃ​ដែល​ចាក់​វ៉ាក់សាំង​រួច​លក់​បាន​ក្នុងតម្លៃ ៤ ៥០០ រៀល​មួយ​ក្បាល​។ លោក សុធី និង​ប្រពន្ធ​គាត់ សានិ​ត កំពុង​ប្រលែង​លេង​ជាមួយ​កូន​មាន់​។ ការ​ភ្ញាស់ និង​ថែទាំ​កូន​មាន់​បាន​ក្លាយ​ជា​ទម្លាប់​ដ៏​រីករាយ​របស់​ពួកគាត់​ទៅ​ហើយ​។ អ្នក​មីង សានិ​ត មើលថែ​កូន​មាន់​ដោយ​ស្នាមញញឹម​ហាក់ដូចជា​កូន​មាន់​ទាំងនោះ​ជា​កូនៗ​របស់គាត់ ដែរ​។ 
  

 ពាក្យគន្លឹះ  EUជលផលចិញ្ចឹមសត្វ

ព័ត៌មានផ្សេងទៀត