លោកឧបនាយករដ្ឋមន្ត្រីទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឲ្យដឹងថាក្រសួងការពារជាតិកម្ពុជា នឹងប្រគល់ម៉ាសចំនួន៣សែនម៉ាស និងសំលៀកបំពាក់ការពារការឆ្លងមេរោគមួយចំនួនទៀតទៅក្រសួងការពារជាតិចិនដើម្បីជួយរំលែកការលំបាកដល់ប្រជាជន និងរដ្ឋាភិបាលចិន ក្នុងការបង្ការនូវ មេរោគ កូរ៉ូណាថ្មី ឬ Covid-19 ខណៈដែលជម្ងឺនេះកំពុងតែរាតត្បាតទូទាំងពិភពលោក ហើយបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងរាប់ម៉ឺននាក់បានឆ្លងនូវមេរោគនេះ។លោកទៀ បាញ់ បានថ្លែងដូចនេះ នៅក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០១៩ និងបើកវគ្គសិក្សាឆ្នាំ២០២០ និងពិធីកាត់ខ្សែបូ សម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាមួយខ្នង នៅសាកលវិទ្យាល័យការពារជាតិ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រីក្រសួងការពារជាតិបានបញ្ជាក់បន្ថែមថា៖ «ដោយសារតែយើងឃើញនូវទុក្ខធុរៈរបស់មិត្តចិន គឺមានសភាពធ្ងន់ធ្ងរណាស់ ក្រសួងការពារជាតិយើងនៅថ្ងៃទី២៥ ខែកុម្ភៈ បានជូនដំណឹងទៅស្ថានទូតចិនប្រចាំកម្ពុជាហើយ ដោយយើងបានសម្រេចប្រមូលបានម៉ាស់មួយចំនួន ហើយបើទោះបីជាវាមិនច្រើនសម្រាប់ប្រទេសចិនមែនតែចំពោះម៉ាស់ចំនួន៣សែននេះ វាជាទឹកចិត្តរបស់យើងក្នុងការចូលរួមជាមួយមិត្តរបស់យើង»។
ទន្ទឹមនឹងនោះដែរ លោកទៀ បាញ់ ក៏បានដាស់តឿនទៅដល់នាយទាហាន នាយទាហានរង និងពលទាហានក្នុងកងយោធពលខេមរភូមិន្ទទាំងមូល ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងការការពារ ដោយត្រូវមានអនាម័យជានិច្ច និងត្រូវចូលរួមសហការជាមួយក្រសួងសុខាភិបាលដើម្បីបង្ការនិងទប់ស្កាត់នូវជំងឺឆ្លងCovid-19នេះ។ លោកបន្តថា កន្លងមក ក្រសួងសុខាភិបាលកម្ពុជា ក៏ធ្លាប់បានធ្វើការណែនាំពីវិធានការបង្ការជាច្រើនទៅប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្ន ហើយក្នុងនាម ជាកងទ័ពត្រូវចូលរួមអនុវត្តការណែនាំនេះ ឲ្យបានល្អដើម្បីការពារនូវជំងឺនេះផងដែរ៕