លោក​ហ៊ុន សែន​៖អ្នកដំណើរ​Westerdam​ចេញពី​កម្ពុជា​អស់ហើយ មិន​បន្សល់​Covid-19​ទេ​

25-02-2020 5:07 pm 42

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ថ្លែងថា អ្នកទេសចរ​ទាំងអស់ ដែល​បាន​ស្នាក់​នៅ​លើ​នាវា Westerdam បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​អស់​ហើយ និង​មិន​មាន​បន្សល់​ទុក​ជំងឺ​រលាក​ផ្លូវដង្ហើម ដែល​បង្កឡើង​ដោយ​មេរោគ Covid-19 នៅ​កម្ពុជា​នោះទេ​។ ដោយៈ​សៅ វិសាល​

​ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ ដល់​សិស្ស​សាលា​ភូមិន្ទ​រដ្ឋបាល នា​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន មានប្រសាសន៍ថា អ្នកដំណើរ​នៅ​លើ​នាវា​Westerdam បាន​ធ្វើ​ដំណើរ​ចាកចេញ​ពី​កម្ពុជា​អស់​ហើយ ដោយ​មិន​បន្សល់ទុក​នូវ​វីរុស​Covid-19​នោះទេ​។​

​ជាមួយគ្នានេះ លោកនាយក​រដ្ឋមន្ត្រី បាន​ចាត់ទុកថា ការ​រក​មិនឃើញ​មេរោគ Covid-19 លើ​ស្ត្រី​ជនជាតិ​អាមេរិក​ម្នាក់ នៅ​ប្រទេស​ម៉ាឡេស៊ី គឺជា​ការផ្តល់​យុត្តិធម៌​សម្រាប់​កម្ពុជា​។ ប្រមុខ​រដ្ឋាភិបាល ក៏​បាន​ច្រានចោល ព័ត៌មាន​មួយ​ចំនួន ដែល​បាន​ផ្សព្វផ្សាយ​ថា លោក​បាន​ឆ្លង​មេរោគ Covid-19​ផងដែរ​។​

សំឡេង

​គួររម្លឹកថា កាលពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ រដ្ឋាភិបាល​កម្ពុជា បាន​សម្រេចចិត្ត​ដ៏​ភ្ញាក់ផ្អើល​មួយ ដោយ​អនុញ្ញាត​ឲ្យ​នាវា​ទេសចរណ៍​អាមេរិក Westerdam ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​។ នាវា​នេះ​ដឹក​មនុស្ស​សរុប​ជាង ២០០០​នាក់ បាន​ចាកចេញ​ពី​ទីក្រុង​ហុងកុង ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ប៉ុន្តែ​ត្រូវបាន​អាជ្ញាធរ កោះ​តៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះ​ហ្គាំ (​អាមេរិក​) និង​ប្រទេស​ថៃ បដិសេធ​មិនឲ្យ​ចូល​ចតឡើយ ដោយសារ​តែ​ការព្រួយបារម្ភ​ថា ក្នុងចំណោម​មនុស្ស​រាប់ពាន់​នាក់​នៅលើ​នោះ អាច​មាន​ផ្ទុក​មេរោគ Covid-19​។​

​សម្រាប់​នៅ​កម្ពុជា​វិញ មិន​ត្រឹមតែ​អនុញ្ញាត​ឲ្យ​នាវា​នេះ​ចូល​ចត​ប៉ុណ្ណោះ​ទេ នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ «​ថ្ងៃបុណ្យ​នៃ​ក្តីស្រឡាញ់​» ដែល​ជា​វប្បធម៌​របស់​មនុស្ស​ជាតិ​តំបន់​អឺរ៉ុប​នោះ លោកនាយក​រដ្ឋមន្ត្រី បាន​អញ្ជើញ​ទៅ ទទួល​ស្វាគមន៍​ដោយផ្ទាល់ ចំពោះ​វត្តមាន​អ្នកដំណើរ ជាមួយនឹង​ផ្កាកូលាប​ម្នាក់​មួយទង​ផងដែរ​៕

 ពាក្យគន្លឹះ  លោកហ៊ុនសែនាវាwesterdam

ព័ត៌មានផ្សេងទៀត