រឿងរ៉ាវ​​ចម្រូងចម្រាស​​នៃ​ការចុះ​ចេញ​ពី​តំណែង​​របស់លោក​​ម៉ា​ហា​ធៀ មហា​ម៉ាត់​

25-02-2020 4:38 pm 448

​ស្ថានភាព​នយោបាយ​នៅ​ក្នុងប្រទេស​ម៉ាឡេស៊ី​បាន​ធ្លាក់​ក្នុង​ភាពច្របូកច្របល់ បន្ទាប់ពី​លោក​ម៉ា​ហា​ធៀ មហាម៉ាត់​ប្រកាស​ចុះ​ចេញពី​តំណែង​យ៉ាង​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃទី​២៤​កុម្ភៈ​។ តាមរយៈ​លិខិត​ថ្វាយទៅ​ព្រះមហាក្សត្រ លោក​បានបញ្ជាក់​យ៉ាងច្បាស់​ពី​ចេតនា​នៃ​ការចុះ​ចេញពី​តំណែង​នាយករដ្ឋមន្ដ្រី មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោក​ក៏​ប្រកាស​ចុះ​ចេញពី​តំណែង​ប្រធាន​គណបក្ស​ថែមទៀត​។ សម្រាប់​អ្នកគាំទ្រ​លោក​ម៉ា​ហា​ធៀ ការប្រកាស​ចុះ​ចេញពី​តំណែង​នេះ​ហាក់​លឿន​ពេក ដូច្នេះ​ពួកគេ​មិនអាច​ទទួលយក​បានឡើយ​។ 

​ដើមចម​នៃ​ការចុះ​ចេញពី​តំណែង​របស់លោក​ម៉ា​ហា​ធៀ មហា​ម៉ាត់ ពុំមាន​ការបញ្ជាក់​ច្បាស់លាស់​ទេ ប៉ុន្ដែ​ធ្វើឡើង​ស្របពេល​មាន​ព័ត៌មាន​បែកធ្លាយ​ថា​មាន​ការបែកបាក់​ផ្ទៃក្នុង​នៃ​សម្ព័ន្ធភាព​ក្នុង​រដ្ឋាភិបាលចម្រុះ​។ គួរ​ជម្រាបជូន​ថា​រដ្ឋាភិបាលចម្រុះ​ម៉ាឡេស៊ី​សព្វថ្ងៃ​ដឹកនាំ​ដោយ​សម្ព័ន្ធ​មួយ​ឈ្មោះថា “​សម្ព័ន្ធ​នៃ​ក្ដីសង្ឃឹម​” ឬ “Pakatan Harapan”​។ សម្ព័ន្ធ​នេះ​ចងក្រង​ឡើង​ដោយ​គណបក្សនយោបាយ​ចំនួន​បួន​ធំៗ គឺ​គណបក្ស​សកម្មភាព​ប្រជាធិបតេយ្យ​(DAP) គណបក្ស​យុត្ដិធម៌​ប្រជាជន​(PKR)​របស់លោក​អាន់​វ៉ា អ៊ីប្រាហ៊ីម គណបក្ស​ទំនុកចិត្ដ​ជាតិ (Amanah) និង​គណបក្ស​រួបរួម​ជនជាតិភាគតិច​ម៉ាឡេស៊ី​(Bersatu)​របស់លោក​ម៉ា​ហា​ធៀ មហា​ម៉ាត់​។​

បន្ទាប់ពី​កិច្ចប្រជុំ​នយោបាយ​កាលពី​ចុង​សប្ដាហ៍​មុន មាន​ព័ត៌មាន​លេច​ធ្លាយ​ថា​សម្ព័ន្ធភាព​ថ្មី​មួយ​កំពុង​ត្រូវបាន​បង្កើតឡើង​ក្នុងន័យ​ឈានទៅ​បង្កើត​រដ្ឋាភិបាល​ថ្មី​ជំនួស​រដ្ឋាភិបាល​សព្វថ្ងៃ​។ សម្ព័ន្ធភាព​ថ្មី​នោះ​មិន​រួមបញ្ចូល​លោក​អាន់​វ៉ា អ៊ីប្រាហ៊ីម និង​សមាជិកសភា​នៃ​គណបក្ស​របស់លោក​មួយ​ចំនួន​ទៀត​ទេ ព្រោះ​អ្នក​ចាប់ដៃ​បង្កើត​សុទ្ធតែ​មិន​ពេញចិត្ដ​ឲ្យ​លោកអា​ន់វ៉ា ចូល​កាន់តំណែង​បន្ដ​ពី​លោក​ម៉ា​ហា​ធៀ​។ តាម​ព័ត៌មាន​ទទួលបាន​រដ្ឋាភិបាល​ថ្មី​ដែល​គ្រោង​បង្កើតឡើង​នោះ មាន​ការចូលរួម​ពី​អតីត​គណបក្ស​របស់លោក​ម៉ា​ហា​ធៀ គឺ​គណបក្ស​UMNO​ដែល​ចាញ់ឆ្នោត​កាលពី​ឆ្នាំ​២០១៨ និង​ក្រុម​អ៊ីស្លាម​និយម​មួយទៀត​។​

​តាមពិត​លោក​អាន់​វ៉ា​នឹងត្រូវ​ទទួល​តំណែង​នាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ី​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ តាម​ការសន្យា​របស់លោក​ម៉ា​ហា​ធៀ​ក្នុង​ឆ្នាំ​២០១៨ ដែល​កាលនោះ​លោក​ម៉ា​ហា​ធៀ​ប្រកាសថា​នឹងធ្វើ​នាយករដ្ឋមន្ដ្រី​តែមួយ​ឆ្នាំ​ឬ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ នឹង​ប្រគល់​តំណែង​ទៅ​លោក​អាន់​វ៉ា​។ តាម​កំណត់​លោក​ម៉ា​ហា​ធៀន​នឹងត្រូវ​ចុះចេញ​ក្នុង​ឆ្នាំ​២០២០​នេះ ប៉ុន្ដែ​លោក​មិន​បានបញ្ជាក់​នៅ​ថ្ងៃ​ណា​ទេ​។ ពេល​កំណត់​សម្រាប់​លោក​អាន់​វ៉ា​ចូល​ធ្វើជា​នាយករដ្ឋមន្ដ្រី​ខិត​កាន់តែ​ជិត ជាហេតុ​ធ្វើឲ្យ​ក្រុមប្រឆាំង​ក្នុងស​ម្ព័ន្ធរដ្ឋាភិបាល​ចម្រុះ​ម៉ាឡេស៊ី ពន្លឿន​ការ​ចងសម្ព័ន្ធភាព​ថ្មី​មួយ​ដាច់ដោយឡែក​កាន់តែ​ឆាប់​ដែរ ប៉ុន្ដែ​ក៏​ពុំ​ដឹងថា​សម្ព័ន្ធភាព​ថ្មី​នោះ​បង្កើតឡើង​ដោយ​ជោគជ័យ​ឬ​យ៉ាងណាទេ​។ 

​ចំពោះ​លោក​អាន់​វ៉ា អ៊ីប្រាហ៊ីម​ចាត់ទុក​នេះ​គឺជា​ទង្វើ​ក្បត់ ជា​ទង្វើ​ព្យាយាម​ទម្លាក់​រដ្ឋាភិបាល​ស្របច្បាប់​សព្វថ្ងៃ និង​ចង់​បណ្ដេញ​លោក​មិនឲ្យ​ទទួលតំណែង​នាយករ​ដ្ឋ​មន្ដ្រី​។ លោក​ពិតជា​ភ្ញាក់ផ្អើល​ខ្លាំងណាស់​ពី​ការប៉ុនប៉ង​ផ្ដួលរំលំ​សម្ព័ន្ធភាព​ដែល​កំពុង​កាន់អំណាច​។ ក្នុងជំនួប​ជាមួយ​លោក​ម៉ា​ហា​ធៀ​កាលពី​ព្រឹក​ថ្ងៃទី​២៤​កុម្ភៈ លោក​អាន់​វ៉ា​បង្ហាញ​អារម្មណ៍​ថា​ពិតជា​ពេញចិត្ដ​គោលជំហរ​របស់លោក​ម៉ា​ហា​ធៀ​។ ដូច្នេះ​លោក​ប្ដេជ្ញា​មិន​ឱនក្បាល​ចំពោះ​ក្រុមមនុស្ស​ដែល​ក្បត់​សេចក្ដី​ទុកចិត្ដ​របស់​ប្រជាជន​ដាច់ខាត​។  

​ការចុះ​ចេញពី​តំណែង​នាយករដ្ឋមន្ដ្រី​របស់លោក​ម៉ា​ហា​ធៀ ក៏មាន​ពាក្យ​ចចាមអារ៉ាម​ថា​លោក​អាច​ទៅ​ចូលរួម​ជាមួយ​សម្ព័ន្ធភាព​ដែល​បង្កើត​ថ្មី ប៉ុន្ដែ​លោក​អាន់​វ៉ា​បាន​ឆ្លើយតប​វិញ​ថា លោក​ម៉ា​ហា​ធៀ​មិន​ធ្វើ​ដូច្នេះ​ឡើយ​។ លោក​អះអាងថា​ការ​ផ្ដាំផ្ញើ​ចុងក្រោយ​បំផុត​របស់លោក​ម៉ា​ហា​ធៀ​គឺថា លោក​មិនបាន​ពាក់ព័ន្ធ​នឹង​ការបង្កើត​សម្ព័ន្ធ​ថ្មី​អ្វី​ទាំងអស់ លោក​នឹងមិន​ធ្វើការ​ជាមួយ​អ្នក​ដែល​ជាប់ទាក់ទង​នឹង​របប​អតីតកាល​នោះឡើយ​។ ដោយឡែក​ក្រៅពី​លោក​ម៉ា​ហា​ធៀ​សុំ​ចុះ​ចេញពី​តំណែង សមាជិកសភា​១១​រូប​នៃ​គណបក្ស​របស់លោក​អាន់​វ៉ា អ៊ីប្រាហ៊ីម ក៏​ប្រកាស​ដើរ​ចេញពី​គណបក្ស​និង​ពី​សម្ព័ន្ធ​រដ្ឋាភិបាល ទៅ​បង្កើត​ក្រុម​ឯករាជ្យ​មួយ​នៅក្នុង​សភា​។​

​និយាយ​ពី​លិខិត​ដែល​លោក​ម៉ា​ហា​ធៀ​បាន​ថ្វាយ​ជូន​ព្រះមហាក្សត្រ​ម៉ាឡេស៊ី ព្រះបាទ​Abdullah Ri’ayatuddin Al-Mustafa Billah Shah ព្រះអង្គ​ទ្រង់​ទទួលយក​សំណើ​នេះហើយ ប៉ុន្ដែ​លោក​ម៉ា​ហា​ធៀ​ត្រូវ​បន្ដ​ធ្វើជា​នាយករដ្ឋមន្ដ្រី​បណ្ដោះអាសន្ន​សិន​រហូត​ជ្រើសរើស​បាន​នាយករដ្ឋមន្ដ្រី​។ ការឲ្យ​បន្ដ​ស្ថិតនៅជា​នាយករដ្ឋមន្ដ្រី​បណ្ដោះអាសន្ន អនុលោម​តាម​មាត្រា​៤៣​នៃ​រដ្ឋធម្មនុញ្ញ​សហព័ន្ធ​។ ក្នុង​ចន្លោះ​ពេលនេះ​លោក​ម៉ា​ហា​ធៀ​នឹង​បន្ដ​ទទួលខុសត្រូវ​លើ​រដ្ឋាភិបាល លុះត្រាតែ​ជ្រើសរើស​បាន​នាយករដ្ឋមន្ដ្រី​ថ្មី​និង​គណៈរដ្ឋមន្ដ្រី​ថ្មី​ត្រូវបាន​បង្កើត​។ 

​រីឯ​សមាជិក​គណបក្ស​Bersatu​បាន​ច្រានចោល​សំណើសុំ​ចុះ​ចេញពី​ប្រធាន​គណបក្ស​របស់លោក​ម៉ា​ហា​ធៀ ហើយ​ពួកគេ​ប្ដេជ្ញា​គាំទ្រ​លោក​ជានិច្ច​ឲ្យធ្វើជា​នាយក​រដ្ឋមន្ដ្រីនៃប្រទេស​ម៉ាឡេស៊ី​។ ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​បន្ទាប់​ពី​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាន់ខ្ពស់​គណបក្ស អគ្គលេខាធិការ​គណបក្ស​បាន​និយាយថា សមាជិក​នៃ​ក្រុមប្រឹក្សា​ជាន់ខ្ពស់​ក៏ដូចជា​សមាជិក​ទាំងអស់​ក្នុង​បក្ស នៅតែ​បន្ដ​គាំទ្រ​លោក​ម៉ា​ហា​ធៀ​ជា​នាយករដ្ឋមន្ដ្រី​។ លោក​សង្កត់ធ្ងន់ថា​គ្រប់គ្នា​បាន​ចូលរួម​បង្កើត​បក្ស​នេះ​ឡើង ដូច្នេះ​ពួកគេ​នឹង​នៅ​ជាមួយគ្នា ប្រឈម​ការលំបាក​ទាំង​អស់​គ្នា​។ 

​នៅពេលនេះ​នយោបាយ​ម៉ាឡេស៊ី​កំពុង​ស្ថិតក្នុង​ភាពស្រពិចស្រពិល ហើយក៏​ពុំទាន់​ដឹង​ច្បាស់​នោះទេ​ថា​អ្នកណា​នឹង​ក្លាយជា​នាយករដ្ឋមន្ដ្រី​បន្ទាប់ ខណៈ​គ្មាន​គណបក្ស​ណាមួយ​មាន​អាសនៈ​គ្រប់គ្រាន់​ដើម្បី​បង្កើត​រដ្ឋាភិបាល​ទេ​។ ដូច្នេះ​មានតែ​រដ្ឋធម្មនុញ្ញ​ម៉ាឡេស៊ី​ដែល​ត្រូវ​ដើរតួនាទី​យ៉ាងសំខាន់​នា​ពេលបច្ចុប្បន្ន ដោយ​អាច​អញ្ជើញ​មេដឹកនាំ​ណា​ម្នា​ក់ឲ្យបង្កើត​រដ្ឋាភិបា​ល​ថ្មី​មួយ​។ ប្រសិនបើ​បរាជ័យ​នោះ​នឹងត្រូវ​ប្រកាស​ឲ្យមាន​ការបោះឆ្នោតជាថ្មី​។ 

​គួររម្លឹកថា លោក​ម៉ា​ហា​ធៀ មហាម៉ាត់​គឺជា​អ្នកនយោបាយ​ល្បីឈ្មោះ​របស់​ម៉ាឡេស៊ី ហើយក៏​ជា​មេដឹកនាំ​វ័យ​ចំណាស់​ជាងគេ​ក្នុង​លោក​។ ស្ថិតក្នុង​វ័យ​៩៤​ឆ្នាំ​លោក​នៅតែ​អាចដឹកនាំ​ប្រទេស​បាន​។ លោក​ធ្លាប់ធ្វើ​នាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ី​ម្ដង​រួចមកហើយ កាន់តំណែង​ពី​ឆ្នាំ​១៩៨១​ដល់​ឆ្នាំ​២០០៣​រួច​ក៏​ចូលនិវត្ដន៍​។ ប៉ុន្ដែ​លោក​បាន​វិល​មកវិញ​ក្នុង​ឆ្នាំ​២០១៦ និង​បាន​ចូលរួម​ការបោះឆ្នោត​ក្នុង​ឆ្នាំ​២០១៨​។ គ្រានោះ​ហើយ​ដែល​លោក​ប្រកាស​រួម​ដៃ​ជាមួយ​លោក​អាន់​វ៉ា អ៊ីប្រាហ៊ីម​។ ការវិលត្រឡប់​របស់​លោក​ម៉ា​ហា​ធៀ ដើម្បី​ទម្លាក់​រដ្ឋាភិបាល​លោក​ណា​ជីប រ៉ា​ហ្សាក់ ដែល​រុំ​ព័ទ្ធ​ដោយ​រឿងអាស្រូវ​ពុករលួយ​។ ទីបំផុត​លោក​ម៉ា​ហា​ធៀ​បាន​ឈ្នះឆ្នោត​យ៉ាង​ភ្លូកទឹកភ្លូកដី​ដូច​ការរំពឹងទុក​។​

​លោក​ម៉ា​ហា​ធៀ​និង​លោក​អាន់​វ៉ា​ធ្លាប់មាន​ទំនាក់ទំនង​យ៉ាង​ល្អ​ជាមួយគ្នាមុនពេលមានទំនាស់ គឺ​ក្នុងពេល​កាន់តំណែង​នាយករដ្ឋមន្ដ្រី​លើកទីមួយ លោក​អាន់​វ៉ា​ជា​ឧបនាយករដ្ឋមន្ដ្រី​រប​ស់លោក​ម៉ា​ហា​ធៀ​។ ប៉ុន្ដែ​ក្នុង​ឆ្នាំ​១៩៩៨​លោក​អាន់​វ៉ា​ត្រូវបាន​បណ្ដេញ​ចេញពី​តំណែង បន្ទាប់ពី​មាន​ជម្លោះ​ជាមួយ​មេដឹកនាំ​។ ក្រោយមក​លោក​អាន់​វ៉ា​ត្រូវបាន​ចាប់​ដាក់ពន្ធនាគារ​ក្រោម​បទ​ចោទថា​ស្រឡាញ់​ភេទ​ដូចគ្នា ប៉ុន្ដែ​ខ្លះ​ថា​ក្រោម​ហេតុផល​នយោបាយ​។ រហូតដល់​ឆ្នាំ​២០១៨​ទើប​លោក​ម៉ា​ហា​ធៀ បានប្រកាស​រួម​ដៃ​ជាមួយ​លោក​អាន់​វ៉ា​ឡើងវិញ និង​សន្យាថា​ប្រគល់​តំណែង​នាយករដ្ឋមន្ដ្រី​ទៅ​លោក​អាន់​វ៉ា បន្ទាប់ពី​លោក​ដឹកនាំ​ប្រទេស​តែមួយ​ឆ្នាំ​ឬ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ​៕

ព័ត៌មានផ្សេងទៀត