ក្រសួងអប់រំចេញសេចក្ដីបំភ្លឺពាក់ព័ន្ធករណីរត់ការដំឡើងតួនាទី ឋានន្តរសក្ដិ

25-02-2020 3:07 pm 173

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីព័ត៌មានមិនប្រក្រតីពាក់ព័ន្ធនឹងការរត់ការដើម្បីដំឡើងតួនាទីឋានន្តរសក្ដិ និងកាំប្រាក់ជាដើម ដែលអំពើ និងសកម្មភាពទាំងនេះ បានធ្វើឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ និងក្រមសីលធម៌វិជ្ជាជីវៈ បុគ្គលិកអប់រំព្រមទាំងកិត្តិយសស្ថាប័នយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមសេចក្ដីប្រកាស របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានចេញនៅថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២០ នេះ។

នៅក្នុងសេចក្ដីបំភ្លឺរបស់ក្រសួង បានឲ្យដឹងដូចច្នេះថា៖

១ ការដំឡើងឋានៈតួនាទីសម្រាប់មន្រ្តីគ្រប់គ្រងគ្រប់លំដាប់ថ្នាក់ និងឋានានុក្រម ក្រសួងបានអនុវត្តតាមលិខិតបទដ្ធានដែលនៅជាធរមាន តាមរយៈគណៈកម្មការវាយតម្លៃការងារបុគ្គលិក ដោយផ្អែកលើឧបនិស្ស័យនៃមុខដំណែងតាមប្រភេទក្របខណ្ឌ និងលក្ខណៈវិនិច្ឆ័យដែលបានកំណត់ដោយច្បាប់។

២ ការផ្លាស់ប្ដូរក្របខណ្ឌរបស់មន្រ្តីរាជការស៊ីវិល អាចធ្វើទៅបានតែតាមរយៈ ការប្រឡងជ្រើសរើសរបស់ក្រសួង ស្ថាប័ននីមួយៗ ដែលបានកំណត់ដោយរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។

៣ ការផ្លាស់ប្ដូរ ឋានន្តរសក្ដិ និងថ្នាក់របស់មន្រ្តីរាជការស៊ីវិល ត្រូវធ្វើឡើងតាមវេនជ្រើសរើស និងអតីតភាព។ រយៈពេលកំណត់អប្បរមា សម្រាប់ការដំឡើងថ្នាក់គឺ០២ឆ្នាំ និងត្រូវមានការស្នើសុំត្រឹមត្រូវតាមច្បាប់ ឋានានុក្រម ដែលសាមីជននៅក្រោមបង្គាប់។ 

ការផ្ដល់សេវាលើការងារទាំងនេះ មិនមានកំណត់ការបង់ថ្លៃសេវា សម្រាប់ដំណើរការជូនសាមីជនទេ។ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវឲ្យបុគ្គលិកអប់រំគ្រប់ជាន់ថ្នាក់ រួមគ្នាជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដើម្បីលុបបំបាត់បាតុភាពមិនប្រក្រតីនានា៕ 

ព័ត៌មានផ្សេងទៀត