ក្រសួងអប់រំអំពាវនាវឱ្យយុវជនចូលរួមគោរពច្បាប់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

25-02-2020 3:06 pm 113
  ស្តាប់
ស្តាប់ជាសំឡេង

 លោក យ៉ក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អំពាវនាវឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ជាពិសេសយុវជន ចូលរួម កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមរយៈការគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន និងត្រូវពាក់មួកសុវត្ថិភាពក្នុងពេលធ្វើដំណើរដើម្បីបញ្ចៀសបានសោកនាដកម្ម និងវិប្បដិសារីដែលអាចកើតមានឡើងជាយថាហេតុ។លោកយ៉ក់ ង៉ុយ បានលើកឡើងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោលស្តីពីសុត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់បណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយនៅតាមគ្រឹះស្ថានឧត្តមសិក្សា នាថ្ងៃ២៥ កុម្ភៈ ឆ្នាំ២០២០។

 ជាមួយគ្នានេះ លោករដ្ឋលេខាធិការក្រសួងអប់រំ ក៏បានក្រើនរំលឹកដល់មន្ត្រីដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីសុវត្ថិភាពចរាចរណ៍នេះ ត្រូវតែយកចិត្តទុកដាក់ស្វែងយល់នូវចំណេះដឹងថ្មី បទពិសោធថ្មី ដើម្បីផ្សព្វផ្សាយបន្តដល់សិស្ស និស្សិត នៅតាមស្ថាប័ន្ថរបស់ខ្លួនឱ្យមានប្រសិទ្ធភាព។

លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជាបានឱ្យដឹងថា បើតាមប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក (RCVIS)បានបង្ហាញថា ក្នុងឆ្នាំ២០១៨មានជនរងគ្រោះដោយសាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ប្រមាណ៤៥%មានអាយុចន្លោះ ១៥ទៅ២៩ឆ្នាំ។ហេតុដូចនេះហើយទើប អង្គការរបស់លោកបង្កើតនូវវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីសុត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងគោលបំណង ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមរបស់យុជន និស្សិត ក៏ដូចជាបង្កើនឱកាសដល់យុជនយល់ដឹងឱ្យបានច្រើនពីច្បាប់ចរាចរណ៍ និងរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

គួរបញ្ជាក់ថា នៅឆ្នាំ២០១៩កន្លងមកគ្រោះថ្នាក់ចរាចរនៅទូទាំងប្រទេសបានកើតឡើងចំនួនជាង៤ពាន់លើក(៤,១២១) ហើយបើធៀបនឹងឆ្នាំ២០១៨ គឺមានការការកើនឡើងជាង ១ពាន់លើក។ចំណែកចំនួនមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៩វិញ មានជិត ២ពាន់នាក់ និងអ្នករងរបួស មានចំនួនជាង៦ពាន់នាក់(៦,១៤១)។ ដោយឡែកអត្រាអ្នកស្លាប់គឺ កើនឡើង ២២០នាក់ ឬស្មើនឹង ១២% ខណៈអ្នករងរបួសកើនឡើងជាង១ពាន់ ៣រយនាក់ (១,៣៧១)ឬស្នើនឹងប្រមាណ ២៩% បើធៀបឆ្នាំ២០១៨ ៕ 

ព័ត៌មានផ្សេងទៀត