មនុស្ស​៥​នាក់​ស្លាប់​នៅក្នុង​ការតវ៉ា​នៅ​ឥណ្ឌា មុន​ការមកដល់​របស់លោក​ត្រាំ​

25-02-2020 12:21 pm 228

​មនុស្ស​៥​នាក់​ត្រូវ​បានសម្លាប់ និង​យ៉ាងហោចណាស់​១៥​០នាក់​របួសធ្ងន់​និង​ស្រាល នៅក្នុង​អំពើហិង្សា ដែល​ផ្ទុះឡើង​នៅក្នុង​ការតវ៉ា ប្រឆាំងនឹង​ច្បាប់​សញ្ជាតិ​ដ៏​ចម្រូងចម្រាស់​នៅក្នុង​ទីក្រុង​ញូ​វ​ឌែ​លី​ប្រទេស​ឥណ្ឌា​។ ក្នុងចំណោម​អ្នកស្លាប់ មាន​ប៉ូលិស​ម្នាក់​និង​ជន​ស៊ីវិល​៤​នាក់​។ នេះ​ជា​លើកទីមួយ​ហើយ ដែល​សមាជិក​នៃ​កងកម្លាំង​សន្តិសុខ ត្រូវបាន​សម្លាប់​នៅក្នុង​ភាពចលាចល នៅ​ជុំវិញ​ប្រទេស​ឥណ្ឌា ចាប់តាំងពី​ការតវ៉ា​ផ្ទុះឡើង​នៅ​ចុង​ឆ្នាំមុន​។ 

​អំពើហិង្សា​ផ្ទុះឡើង​នៅ​ភាគ​ពាយព្យ​នៃ​ទីក្រុង​ញូ​វ​ឌែ​លី ជា​តំបន់​ដែល​ប្រជាជន​ភាគច្រើន​កាន់សាសនា​អ៊ីស្លាម បានចាប់ផ្តើម​នៅ​ថ្ងៃអាទិត្យ​និង​បន្ត​រហូតដល់​ថ្ងៃ​ចន្ទ ដោយនៅ​ក្នុងនោះ​រថយន្ត​ត្រូវបាន​គេ​ដុត​នៅក្នុង​ការប៉ះទង្គិច​គ្នា រវាង​អ្នកគាំទ្រ​និង​អ្នក​ប្រឆាំងនឹង​ច្បាប់​សញ្ជាតិ​នោះ ហើយ​ប៉ូលីស​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក ដើម្បី​បំបែក​ហ្វូងមនុស្ស​ដែល​ចោល​ដុំថ្ម​។ ការប៉ះទង្គិច​គ្នា​ភាគី​ទាំងពីរ បាន​ស្តីបន្ទោស​គ្នា​ទៅវិញទៅមក ចំពោះ​ការចាប់ផ្តើម​អំពើហិង្សា​។ 

​បាតុកម្ម​ប្រឆាំងនឹង​ច្បាប់​សញ្ជាតិ បាន​ផ្ទុះឡើង​ស្ទើរ​ទូទាំងប្រទេស​និង​អូស​ន្លាយ ចាប់តាំងពី​ច្បាប់​នេះ ត្រូវបាន​សភាព​ជាតិ​ឥណ្ឌា​អនុម័ត​ថ្ងៃទី​១១​ខែធ្នូ​ឆ្នាំ​២០១៩​មក​។ ការ​ងើប​តវ៉ា​ទ្រង់ទ្រាយ​ធំ​នេះ ដោយសារតែ​ប្រជាជន​ឥណ្ឌា​កាន់សាសនា​អ៊ីស្លាម​យល់ថា ច្បាប់​សញ្ជាតិ​ដែល​បាន​កែប្រែ​រួច មាន​ចរិត​រើសអើង ប្រឆាំងនឹង​ប្រជាជន​មូស្លីម ដ្បិត​ច្បាប់​សញ្ជាតិ​នេះ បើកផ្លូវ​ឲ្យ​អ្នក​ដែល​មិន​កាន់សាសនា​អ៊ីស្លាម មកពី​ប្រទេស​បង់​ក្លា​ដែស ប៉ា​គី​ស្ថាន​និង​អា​ហ្វ​ហ្គានី​ស្ថាន អាច​ស្នើសុំ​សញ្ជាតិ​ឥណ្ឌា​បាន កាន់តែ​ងាយស្រួល​ជាង​មុន​។ ពោល ពីមុន​ជនជាតិភាគតិច​រស់នៅ​ឬ​ធ្វើការ​នៅ​ក្នុងប្រទេស​ឥណ្ឌា​បាន​១១​ឆ្នាំ ទើប​អាចដាក់​ពាក្យស្នើសុំ​សញ្ជាតិ​បាន ប៉ុន្តែ​ច្បាប់​ដែល​ទើបតែ​កែប្រែ​រួច​នេះ បន្ថយ​នៅត្រឹមតែ​៦​ឆ្នាំ​ប៉ុណ្ណោះ​។​

​ជា​ការកត់សំគាល់​អំពើហិង្សា​ផ្ទុះឡើងជាថ្មី នៅក្នុង​ការតវ៉ា​បណ្តាលឲ្យ​ស្លាប់​មនុស្ស​នេះ កើតឡើង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ មុនពេល​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក ធ្វើដំណើរ​មកដល់​ប្រទេស​ឥណ្ឌា​នៅ​ថ្ងៃ​អង្គារ​នេះ​។ លោក​ណារិន ដ្រា​ម៉ូឌី​នាយករដ្ឋមន្ត្រី​ឥណ្ឌា​និង​លោក ត្រាំ ដែលជា​មេដឹកនាំ​ប្រទេស​ប្រជាធិបតេយ្យ​ធំជាងគេ​ទាំងពីរ​នៅលើ​ពិភពលោក នឹង​ជួបពិភាក្សា​ជា​ផ្លូវការ នៅក្នុង​រដ្ឋធានី​នៅ​ថ្ងៃ​អង្គារ​នេះ​៕

 ពាក្យគន្លឹះ  ឥណ្ឌាច្បាប់សញ្ជាតិ

ព័ត៌មានផ្សេងទៀត