លោក​មហា​ធៀ​ចូលកាន់​តំណែង​បណ្ដោះអាសន្ន​វិញ​ខណៈ​រក​អ្នក​ជំនួស​ពុំទាន់​បាន​

25-02-2020 11:27 am 499

​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក​មហា​ធៀ មហា​ម៉ាត់​(Mahathir Mohamad) បាន​វិល​ចូលកាន់​តំណែង​បណ្ដោះអាសន្ន​វិញ​ហើយ នៅ​ថ្ងៃ​អង្គារ ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ បន្ទាប់​ពី​រូបលោក​បាន​ដាក់​លិខិត​ទៅ​ព្រះមហាក្សត្រ ដើម្បី​សុំ​លាលែង​ពី​តំណែង កាលពី​ថ្ងៃ​ទី​២៤​កុម្ភៈ​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​ទីភ្នាក់ងារសារព័ត៌មាន​Reuters នា​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២០ នេះ​។​

​នាយករដ្ឋមន្ត្រី​វ័យ​៩៤​ឆ្នាំ​រូប​នេះ មិន​បាន​ថ្លែង​អ្វី​ទាំងអស់​ពាក់ព័ន្ធ​ទៅនឹង​ការសម្រេចចិត្ត​សុំលាលែង​តំណែង​របស់​លោក​នេះ​។ លើសពីនេះ លោក​មហា​ធៀ បានសម្រេច​រំលាយ​គណៈ​រដ្ឋមន្ត្រី​របស់​លោក បន្ទាប់ពី​បាន​ដាក់​លិខិត​ទៅ​ព្រះមហាក្សត្រ​រួច ក្នុង​គោលបំណង​បង្កើត​នូវ​កិច្ចចរចា​នយោបាយ ឈាន​ដល់​ការបង្កើត​នូវ​រដ្ឋាភិបាល​ថ្មី​មួយ​។ 

​គួរបញ្ជាក់​ថា ការសុំ​លាលែង​ពី​តំណែង​របស់​លោក​មហាធៀ​នេះ ត្រូវបាន​មហាក្សត្រ​ម៉ាឡេស៊ី ទទួលយក​ការសុំ​ព្រះ​រាជនុញ្ញាត តែ​មហាក្សត្រ​បាន​តម្រូវ​ឲ្យ​លោក​មហា​ធៀ កាន់តំណែង​បណ្ដោះអាសន្ន​រហូត​លុះ​ទាល់តែ​ជ្រើសរើស​អ្នក​ស្នង​តំណែង​ជំនួសមេដឹកនាំ​ដ៏​ចំណាស់​នេះ​បាន​។ មិន​តែ​ប៉ុណ្ណោះ​ទេ ការ​ចូល​កាន់​តំណាង​បណ្ដោះអាសន្ន​វិញ របស់​មេដឹកនាំ​ដ៏​ចាស់វស្សា​របស់​ពិភពលោក​រូបនេះ ជាការ​រក្សា​នូវ​ស្ថេរភាព​នយោបាយ​ក្នុង​ប្រទេស​ផងដែរ​។ ដោយហេតុ​ថា ប្រសិន​បើ​លោក​មហា​ធៀ លាលែង​ទាំង​ពុំទាន់​មាន​អ្នក​ជំនួស​តំណែង នោះ​ម៉ាឡេស៊ី​អាច​នឹង​ប្រឈម​ជាមួយ​បញ្ហា​វិបត្តិ​នយោបាយ​ជាក់​ជាមិនខាន​។​ ​ទាក់ទង​ទៅនឹង​ការលាលែង​ពី​តំណែង​នេះ​ដែរ ក៏​មាន​អ្នកតំណាង​មកពី​គណបក្ស​ប្រឆាំង​មួយចំនួន​បាន​លើកឡើង​ថា ពួក​គេ​ចង់​ឲ្យ​លោក​មហា​ធៀ កាន់តំណែង​បន្តទៀត​។​

​ដោយឡែក​បើ​តាម​ធម្មនុញ្ញ​របស់​ម៉ាឡេស៊ី​វិញ​ចែងថា សមាជិក​សភា​ម្នាក់​អាច​បង្កើត​នូវ​រដ្ឋាភិបាល​មួយ​បាន​លុះត្រាតែ​មាន​ព្រះ​រាជនុញ្ញាត​ពី​ព្រះមហាក្សត្រ​។ អាស្រ័យ​តាម​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែង​បែប​នេះ ក្រសួង​បរមរាជវាំង​ម៉ាឡេស៊ី បានបញ្ជាក់​ថា​ព្រះមហាក្សត្រ​នឹង​ត្រាស់​បង្គាប់​ឲ្យ​បើក​កិច្ចប្រជុំ​សំខាន់​មួយ​។ ជាក់ស្ដែង​កិច្ចប្រជុំ​សំខាន់​នេះ ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥ និង​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២០ ដែល​មាន​សមាជិក​សភា​ជាប់ឆ្នោត​ចំនួន ២២២​នាក់​ចូលរួម ក្នុង​គោលបំណង​ដើម្បី​សម្រេច​ថា​សមាជិក​ណា​ម្នាក់​ដែល​ត្រូវ​កាន់តំណែង​ជំនួស​លោក​មហា​ធៀ​។​

​គួរ​ជម្រាបជូន​ថា លោក​មហា​ធៀ ជា​នាយករដ្ឋមន្ត្រី​ដ៏​មាន​ប្រជាប្រិយ​មួយរូប ដែល​លោក​បាន​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ដល់​ទៅ​២​លើក​។ ​នាយករដ្ឋមន្ត្រី​ទី​៧​របស់​ម៉ាឡេស៊ី​នេះ បាន​ផ្ទុះ​ការគាំទ្រ​យ៉ាងខ្លាំង​នៅ​កំឡុង​ឆ្នាំ ២០១៨ ដែល​លោក​បាន​ប្រឡូក​នយោបាយ​ជា​លើក​ទី​២ បន្ទាប់​ពី​ចូលនិវត្តន៍​ពី​នយោបាយ​កាលពី​ឆ្នាំ​២០១៣​។ ការ​ឡើងកាន់​តំណែង​លើក​ទី​២​នេះ​ទៀតសោត លោក​មហា​ធៀ បាន​ទម្លាក់​អតីត​នាយករដ្ឋមន្ត្រី​លោក​ណា​ហ្ស៊ី​ប រ៉ា​ហ្សាក់​(Najib Razak) ពី​តំណែង ពាក់ព័ន្ធ​ទៅនឹង​រឿង​កិបកេញ​លុយ​ពុករលួយ​ពី​កញ្ចប់​ថវិកា​ជាតិ​៕ 

 ពាក្យគន្លឹះ  មហាធៀម៉ាឡេស៊ី

ព័ត៌មានផ្សេងទៀត