អ៊ីរ៉ង់​បដិសេធ​បិទបាំង​ព័ត៌មាន ក្រោយ​មានការ​អះអាងថា​មនុស្ស​៥០​នាក់​ស្លាប់​ដោយសារ​កូរ៉ូណា​

25-02-2020 11:24 am 298

​រដ្ឋាភិបាល​អ៊ីរ៉ង់​បានប្រកាសថា ចំនួន​មនុស្ស​ស្លាប់​ដោយសារតែ​វីរុស​កូរ៉ូណា កើនឡើង​ពី​៤​នាក់​ដល់​១៤នាក់ ដែលជា​ចំនួន​អ្នកស្លាប់​ច្រើនជាងគេ​បន្ទាប់ពី​ចិន​។ ប៉ុន្តែ​លោក​Ahmad Amirabadi Farahani សមាជិក​សភា​មកពី​ទីក្រុង​Qom នៅ​ភាគខាងត្បូង​នៃ​ទីក្រុង Tehran បាន​ចោទប្រកាន់​រដ្ឋាភិបាល​អ៊ីរ៉ង់​ថា បាន​និយាយ​កុហក​អំពី​ចំនួន​អ្នកស្លាប់​។ លោក​ថា​គិត​ត្រឹម​យប់មិញ​នេះ មនុស្ស​ប្រហែល​៥០​នាក់ បាន​ស្លាប់​ដោយសារតែ​វីរុស COVID-19 ដែល​អ្នកស្លាប់​ទាំងនេះ​សុទ្ធតែ​នៅក្នុង​ទីក្រុង​Qom​ទាំងអស់​។ លោក​ត្រូវបាន​ដកស្រង់​សម្តី ដោយ​ទីភ្នាក់ងារសារព័ត៌មាន ILNA បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំសភា ស្តីពី វិបត្តិ​នេះ​។​

​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​បាន​ច្រានចោល​ការអះអាង​នេះ​។ លោក Iraj Harirchi អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ស្នើឲ្យ​អ្នក​ដែល​ប្រកាសថា មនុស្ស​ស្លាប់​កើន​ដល់​៥០​នាក់​នោះ ផ្តល់​ឈ្មោះ​ពួកគេ​ឲ្យបាន​ជាក់លាក់​។ អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​រូបនេះ ហ៊ាន​អះអាងថា ប្រសិនបើ​ចំនួន​អ្នកស្លាប់​នៅ​ក្រុង Qom ឈានដល់​ពាក់កណ្តាល​ឬមួយ​ភាគ​បួន​នៃ​តួលេខ​នេះ លោក​នឹង​លាលែង​ពី​តំណែង​។​

​អ៊ីរ៉ង់​បានប្រកាស​មនុស្ស​២​នាក់​ស្លាប់​ដោយសារតែ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩ (COVID-19)​ដំបូង​នៅ​ថ្ងៃ​ពុធ​។ ដើមហេតុ​នៃ​ការនាំ​វីរុស​កូរ៉ូណា ដែលមាន​ប្រភព​ផ្ទុះ​មុនគេ​នៅ​ប្រទេស​ចិន​មកដល់​អ៊ីរ៉ង់ ត្រូវបាន​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​អ៊ីរ៉ង់​លោក Namaki ថ្លែង​បញ្ជាក់ថា គឺ​មក​តាម​ប្រជាជន​ធ្វើដំណើរ​ពី​ប្រទេស​ប៉ា​គី​ស្ថាន អា​ហ្វ​ហ្គានី​ស្ថាននិង​ប្រទេ​សចិន ចូល​ប្រទេស​អ៊ីរ៉ង់​ដោយ​ខុសច្បាប់​។ អ្នកនាំពាក្យ​សភា​អ៊ីរ៉ង់​លោក Assadollah Abbassi បានប្រកាស បន្ទាប់ពី​ការប្រជុំ​កាលពី​ថ្ងៃ​ចន្ទ​ថា អ្នក​ឆ្លង​វីរុស​កូរ៉ូ​ណា​មានចំនួន​៦១​នាក់​ហើយ នៅក្នុង​នោះ​នៅ​ក្រុង Qom ៣៤​នាក់​, ទីក្រុង​តេ​ហេ​រ៉ង់​១៣​នាក់​, Gilan ៦​នាក់​, Markazi ៤​នាក់​, Isfahan ២​នាក់​, Hamedan ម្នាក់​និង Mazandaran ម្នាក់​។​

​អាជ្ញាធរ​បាន​បញ្ជា​ឲ្យ​បិទ​សាលារៀន សាកលវិទ្យាល័យ​និង​មជ្ឈមណ្ឌល​អប់រំ​ដទៃទៀត នៅ​ទូទាំងប្រទេស​ជា​វិធានការ​បង្ការ ហើយ​ជើងហោះហើរ​ត្រង់​អ៊ីរ៉ង់​និង​ចិន ត្រូវបាន​ផ្អាក​នៅក្នុង​ខែ​នេះ​ផងដែរ​។ លើកលែងតែ​ជើងហោះហើរ​ចំនួន ៨ ដែល​បន្ត​ប្រតិបត្តិការ ដើម្បី​ផ្តល់ជំនួយ​គាំទ្រ​ដល់​ចិន​ក្នុង​ការប្រយុទ្ធប្រឆាំង​វីរុស​កូរ៉ូណា និង​បម្រើឲ្យ​ប្រតិបត្តិ​ការបញ្ជូន​ប្រជាជន ក្រោម​ការត្រួតពិនិត្យរ​បស់​ក្រសួង​សុខាភិបាល​៕

 ពាក្យគន្លឹះ  វីរុសកូរ៉ូណាអ៊ីរ៉ង់

ព័ត៌មានផ្សេងទៀត