លោក​ឡុង ឌី​ម៉ង់​៖​មកដល់ពេលនេះ​មិន​មាន​ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​ខាងត្បូង​ឆ្លង​វីរុស​កូរ៉ូណា​ទេ​

25-02-2020 11:09 am 187
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​ឡុង ឌី​ម៉ង់ ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​នៅ​សាធារណៈរដ្ឋ​កូរ៉េ (​កូរ៉េខាងត្បូង​)​បានបញ្ជាក់​ថា រហូតមកដល់​ពេលនេះ គ្មាន​ប្រជាជន​ខ្មែរ​ណា​ម្នាក់​ដែល​រស់នៅ​កូរ៉េខាងត្បូង បាន​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី ឬ Covid-19​ឡើយ​។​នេះ​បើ​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក​។​

​ទន្ទឹម​នឹង​ការបញ្ជាក់​ថា ពុំ​មាន​ពលរដ្ឋ​ខ្មែ​រណា​ម្នាក់​ឆ្លង​នូវ​វីរុស​កូរ៉ូណា​នេះ លោក​ឡុង ឌី​ម៉ង់ក៏​បានដាក់ចេញ​នូវ​វិធានការ​ណែនាំ​មួយ​ចំនួន​ផង​ដែ​រ ដល់​ពលករ និង​និស្សិត​ខ្មែរ​ដែល​កំពុង​ធ្វើការ និង​រស់នៅ​ទីនោះ​ដូចជា ការចេញ​នូវ​សេចក្តីជូនដំណឹង​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ នៅ​កូរ៉េ ឲ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​ស្នើ​រាយការណ៍​អំពី​ករណី​ការឆ្លង​មេរោគ​នេះ​មក​ស្ថានទូត​ជា​បន្ទាន់​។​

ជាមួយគ្នានេះដែរ ទូត​កម្ពុជា​នៅ​កូរ៉េខាងត្បូង ក៏​បាន​សហការ​ជាមួយ​បណ្ដា​ទូ​តនៃ ASEAM Committee in Seoul ចេញ​កំណត់​ទូ​តទៅ​ក្រសួងការបរទេស ដើម្បី​ក្ដាប់​ព័ត៌មាន និង​វិធានការ​ដែល​ភាគី​ម្ចាស់ផ្ទះ បាន​ដាក់ចេញ សម្រាប់​ផ្សព្វផ្សាយ​បន្ដ​ទៅ​សហគមន៍​ខ្មែរ និង​បាន​បង្កើត​ជា​ក្រុម​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម (Kakao Talk) ជាមួយ​បណ្ដា​សមាគម មូលនិធិ និង​មជ្ឈមណ្ឌល​គាំពារ​ពលករ​បរទេស ដើម្បី​ប្រមូល​ព័ត៌មាន និង​តាមដាន​ពី​វឌ្ឍនភាព នៃ​ការរីក​រាលដាល​នៃ​មេរោគ និង​ដើម្បី​ផ្សព្វផ្សាយ​អំពី​វិធានការ​ការពារ​ពី​ជំងឺ​នេះ​។​

បន្ថែម​ពីលើ​នេះ ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​នៅ​សាធារណៈរដ្ឋ​កូរ៉េ ក៏​បាន​បញ្ជាក់បន្ថែម​ថា ស្ថានទូត​ក៏​បាន​ទំនាក់ទំនង​ទៅកាន់​សហគមន៍​ខ្មែរ ដូច​ជា​ពលករ ស្ដ្រី​រៀបការ និង​និស្សិត​មួយចំនួន ជាពិសេស​នៅ​ទីក្រុង​ថេ​ហ្គូ ដែល​បច្ចុប្បន្ន​ទីក្រុង​នេះ​ត្រូវបាន​ដាក់​ក្រោម​ការឃ្លាំមើល​ជាពិសេស និង​ហាមឃាត់​មិនឲ្យ​មាន​ការ​ចេញ​ចូល​ដោយ​សេរី ព្រមទាំង​បាន​ចាត់​ក្រុមការងារ​ប្រតិកម្ម​រហ័ស ដើម្បី​បកស្រាយ​ទៅលើ​គណនី និង​ទំព័រ​បណ្ដាញ​សង្គម​មួយ​ចំនួន ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត មាន​ចរិក​បង្កចលាចល ក្នុង​គោលបំណង​បម្រើ​មហិច្ឆិតា​នយោបាយ​របស់​ខ្លួន​។​

​សូម​ជម្រាប​ជូន​ដែរ​ថា បើ​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​យ៉ុន ហាប់ បានឲ្យដឹងថា គិត​មកដល់​ព្រឹក​ថ្ងៃទី​២៥ ខែ​កុម្ភៈ ចំនួន​អ្នក​ឆ្លង​វីរុស​កូរ៉ូណាឬ Covid-19 នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​មាន​ចំនួន ៨៩៣​ករណី និង​ស្លាប់​ចំនួន ៨​នាក់​៕

 

ព័ត៌មានផ្សេងទៀត